អាមេរិក៖ កាលពីពេលថ្មីៗនេះ លោកតាចំណាស់ម្នាក់ ត្រូវបានចោរអប្រិយលួចយកកាបូបលុយ បង្កឱ្យមានភាពក្តៅក្រហាយជាខ្លាំងលើបណ្តាញសង្គម Twitter ក្រោយពេលដែលចៅស្រីរបស់គាត់បានចែករំលែករឿងនេះ និងសុំឱ្យមហាជនជួយតាមចាប់ចោរតិរច្ឆាននោះ។

យោងតាមសារពត័មាន Hawaii News Now បានរាយការណ៍ថា លោកតាចាស់ជរាម្នាក់មានឈ្មោះ Lupo Fernandez អាយុ ៩៥ឆ្នាំ បានទៅទិញត្រីនៅផ្សារ Oahu ក្នុងទីក្រុងហូណូលូលូ រដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក កាលពីថ្ងៃពុធកន្លងទៅនេះ។ ខណៈពេលលោកតាកំពុងតែទិញត្រី ស្រាប់តែមានចោរអប្រិយម្នាក់ បានឆ្លៀតឱកាសឆក់យកកាបូបលុយលោកតា ហើយក៏រត់គេចខ្លួនបាត់ស្រមោល ធ្វើឱ្យលោកតាមានភាពភ័យខ្លាច ឈរស្រឡាំងកាំងអស់មួយសន្ទុះ។

តាមប្រភពដដែរបានឱ្យដឹងថា កាបូបលុយនោះមានលុយចំនួន ៤០ដុល្លារ, អត្តសញ្ញាណប័ណ្ណ, សំបុត្រជិះឡានក្រុង និងរូបថតក្រុមគ្រួសាររបស់លោកតាប៉ុន្មានសន្លឹកទៀត។

យោងតាមកាម៉េរាសុវត្ថិភាពនៅទីនោះបានឱ្យដឹងថា មុនពេលដែលចោរចង្រៃនោះធ្វើសកម្មភាព ចោរនោះបានដើរចុះដើរឡើងនៅក្រោយលោកតា ក្រោយមកនៅពេលដែលគ្មានមនុស្សនៅជុំវិញនោះ ចោរក៏ឆ្លៀតឱកាសឆក់យកកាបូបលុយ ហើយក៏រត់គេចខ្លួនតែម្តង។

យោងតាមសម្តីក្រុមគ្រួសារជនរងគ្រោះបានឱ្យដឹងថា លោកតាគ្មានរបួសអ្វីទេ តែពេលត្រឡប់មកដល់ផ្ទះវិញ គឺគាត់ខឹង និងហត់ជាខ្លាំង។

កូនប្រុសរបស់លោកតា លោក Rogelio បានប្រាប់អ្នកសារព័ត៌មានថា «គាត់ពិតជាភ័យញ័រជាខ្លាំង ហើយសង្ឃឹមថា ចោរអប្រិយនោះត្រូវបានចាប់ខ្លួនឆាប់ៗទៅចុះ។ អ្វីដែលគេធ្វើពិតជាមិនត្រឹមត្រូវទេ» ។

ដោយឡែក ចៅស្រីរបស់លោកតា បានបង្ហោះវីដេអូពីកាមេរ៉ាសុវត្ថិភាពនៅទីនោះ នៅលើបណ្តាញសង្គម Twitter ដើម្បីឱ្យមហាជនមានការប្រុងប្រយ័ត្ន និងជួយវែកមុខតាមចាប់ខ្លួនចោរតិរច្ឆានខាងលើនេះ។

យ៉ាងណាមិញ អ្នកប្រើប្រាស់បណ្តាញសង្គម Twitter ជាច្រើន មានការក្តៅក្រហាយជាខ្លាំងចំពោះសកម្មភាពដ៏ថោកទាបមួយនេះ ហើយមនុស្សម្នាជាច្រើនកុះករ ក៏បានចែករំលែករឿងនេះតៗគ្នា ដើម្បីវែកមុខ និងតាមចាប់ចោរចង្រៃនោះផងដែរ។ 

គួរឲ្យដឹងផងដែរថា ជុំវិញនឹងករណីខាងលើនេះ ក្រុមមន្រ្តីប៉ូលិសជំនាញបាននឹងកំពុងបើកការស៊ើបអង្កេត ដើម្បីតាមចាប់ខ្លួនចោរអប្រិយនោះ មកផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរ ៕

ទស្សនាវីដេអូខាងក្រោម៖ 

រូបភាពនៅកន្លែងកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]