ចិន៖ ស្ថាបនិកក្រុមហ៊ុន Huawei លោក Ren Zhengfei បានធ្វើការបដិសេធយ៉ាងមុតមាំចំពោះការចោទប្រកាន់ថាក្រុមហ៊ុនលោកបានស៊ើបការណ៍ពីអតិថិជនរបស់ខ្លួនឱ្យរដ្ឋាភិបាលចិន។ នេះបើយោងតាមសារព័ត៌មាន Reuters និង BBC បានចុះផ្សាយកាលពីពេលថ្មីៗនេះ។ 

លោក Ren Zhengfei

លោកបានថ្លែងថា លោកពិតជានឹកកូនស្រីរបស់លោកខ្លាំងណាស់ ដែលបច្ចុប្បន្ននាងត្រូវបានឃាត់ខ្លួននៅក្នុងប្រទេសកាណាដា ដោយសារជាប់ពាក់ព័ន្ធទៅនឹងជម្លោះនយោបាយ។

កូនស្រីរបស់មេ Huawei អ្នកនាង Meng Wanzhou ដែលជាប្រធានគ្រប់គ្រងហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei ត្រូវបានឃុំខ្លួននៅក្នុងប្រទេសកាណាដា កាលពីខែមុន  តាមការស្នើសុំរបស់អាជ្ញាធរសហរដ្ឋអាមេរិកដែលចោទប្រកាន់ថា  អ្នកនាងបានរំលោភបទបញ្ជាធនាគារដោយមានជាប់ពាក់ព័ន្ធទៅនឹងការគ្រប់គ្រងក្រុមហ៊ុន Huawei នៅក្នុងប្រទេសអ៊ីរ៉ង់។

លោក Ren Zhengfei បាននិយាយបន្ថែមទៀតថា «ខ្ញុំមិនដែលទទួលបានសំណើណាមួយពីរដ្ឋាភិបាលចិនក្នុងការផ្តល់ព័ត៌មាននោះទេ។ ខ្ញុំនៅតែស្រលាញ់ប្រទេសរបស់ខ្ញុំ និងគាំទ្របក្សរបស់ខ្ញុំជានិច្ច ប៉ុន្តែខ្ញុំគ្មានថ្ងៃធ្វើរឿងអ្វីមួយដែលប៉ះពាល់ទៅដល់ប្រទេសដទៃទៀតនៅលើពិភពលោកនេះឡើយ  ហើយខ្ញុំពិតជានឹកកូនស្រីរបស់ខ្ញុំខ្លាំងណាស់»។

Huawei  ជាក្រុមហ៊ុនផលិតឧបករណ៍គ្រឿងអេឡិចត្រូនិចដ៏ធំមួយនៅលើពិភពលោក កំពុងប្រឈមមុខ និងរងផលប៉ះពាល់យ៉ាងខ្លាំងក្លាដោយសារភាពតានតឹងរវាងអាមេរិក និងចិន។ ហើយពេលនេះក្រុមហ៊ុនយក្សនេះកំពុងស្ថិតក្រោមការចោទប្រកាន់របស់អាមេរិកថាឧបករណ៍របស់ Huawei គឺប្រើសម្រាប់ការស៊ើបការណ៍ឱ្យរដ្ឋាភិបាលចិន។

ក្រុមហ៊ុន Huawei

ទោះយ៉ាងណា គ្មានភស្តុតាងគ្រប់គ្រាន់សម្រាប់បញ្ជាក់ជាសារធារណៈថាក្រុមហ៊ុនយក្សមួយនេះបានស៊ើបការណ៍ឱ្យរដ្ឋាភិបាលចិននោះទេ ហើយក្រុមហ៊ុននៅតែច្រានច្រោលការចោទប្រកាន់មួយនេះដដែល។  

បន្ថែមពីនេះទៀត នៅលើទីផ្សារលោកខាងលិចកំពុងហាមឃាត់ផលិតផលរបស់ Huawei ហើយតួយ៉ាងដូចជាប្រទេសប៉ូឡូញ បានថ្លែងកាលពីសប្តាហ៍នេះថា ខ្លួនអាចពិចារណាបិទការនាំចូលផលិតផល Huawei ទាំងអស់។

លោក Ren Zhengfei បានបន្តថ្លែងទៀតថា "រឿងបែបនេះតែងតែកើតមានឡើងហើយ យើងមិនអាចធ្វើការជាមួយមនុស្សគ្រប់គ្នាបាននោះទេ... យើងនឹងបង្វែរទិសដៅទៅរកប្រទេសណាដែលស្វាគមន៍ Huawei វិញ ហើយបច្ចុប្បន្ន Huawei មានកុងត្រាចំនួន ៣០ លើសកលលោកដើម្បីសាងសង់ប្រព័ន្ធបច្ចេកវិទ្យា 5G៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

ក្រុមហ៊ុន Huawei
កូនស្រីមេ Huawei ត្រូវបានឃាត់ខ្លួនក្នុងប្រទេសកាណាដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]