ថៃ៖ លោក Sirisak Yodyardthai ជាគ្រូបង្វឹកបណ្តោះអាសន្នរបស់ក្រុមជម្រើសជាតិថៃ បានសម្តែងការរីករាយជាខ្លាំង បន្ទាប់ពីជួយឱ្យក្រុមជម្រើសជាតិថៃឈានដល់វគ្គជម្រុះ ១៦ក្រុមចុងក្រោយនៃការប្រកួត AFC Asian Cup ឆ្នាំ២០១៩ នៅប្រទេស អារ៉ាប់រួម។

ថៃបានទទួលលទ្ធផលស្មើគ្នា ១-១ តែប៉ុណ្ណោះទល់នឹងក្រុមម្ចាស់ផ្ទះអេមីរ៉ាតអារ៉ាប់រួម នៅក្នុងការប្រកួតចុងក្រោយនៅក្នុងពូល A ។ ប៉ុន្តែលទ្ធផលស្មើគ្នា ១ទល់នឹង ១នេះ ក៏សមល្មមឱ្យពួកគេឈានដល់វគ្គ ១៦ក្រុមចុងក្រោយផងដែរ ដោយមាន ៤ពិន្ទុពីការប្រកួត ៤លើក ឈ្នះ១ ស្មើ១ និងចាញ់ ១ ស្ថិតក្រោមម្ចាស់ផ្ទះដែលស្ថិតនៅកំពូលតារាងមាន ៥ពិន្ទុក្នុងដៃ។

ក្រុមបាល់ទាត់ជម្រើសជាតិថៃ

លោក Sirisak ដែលបានចូលដឹកនាំក្រុមជម្រើសជាតិថៃ បន្ទាប់ពីការបណ្តេញលោក Milovan Rajevac បាននិយាយថា៖ “មុនពេលការប្រកួតនៅថ្ងៃនេះ ខ្ញុំមានការព្រួយបារម្ភដោយសារការចូលរួមប្រកួតនេះយើងដឹងថាវាជាការប្រកួតដ៏ស្វិតស្វាញទល់នឹងក្រុមម្ចាស់ផ្ទះ ប៉ុន្តែក្រុមរបស់យើងបានត្រៀមខ្លួនយ៉ាងល្អដើម្បីលេងប្រកួតនេះផងដែរ។ តទៅទៀត ពួកយើងនឹងព្យាយាម ផ្តោតទៅលើការប្រកួតឱ្យបានប្រសើរជាងមុន ហើយខ្ញុំពិតជារីករាយណាស់ដែលបានយកជ័យជម្នះនេះជូនដល់អ្នកគាំទ្រក្រុមជម្រើសជាតិថៃទាំងអស់គ្នា”។

ក្រុមបាល់ទាត់ជម្រើសជាតិថៃ ប្រកួតជាមួយឥណ្ឌា

លោកបានបន្ថែមទៀតថា៖ “ក្រោយពីពួកយើងបានបរាជ័យទល់នឹងឥណ្ឌា នាប្រកួតទីមួយ គ្រប់យ៉ាងនៅក្នុងក្រុមហាក់កំពុងតែដុនដាប ហើយពេលដែលខ្ញុំចូលមក ខ្ញុំប្រាកដចិត្តថាគ្រប់យ៉ាងត្រូវតែផ្លាស់ប្តូរ។ ពួកយើងបានធ្វើការប្ដេជ្ញាចិត្ត និងឱ្យកម្លាំងចិត្តដល់ក្រុមទាំងមូល ដោយផ្ដោតទៅលើការប្រកួតចំនួន ២ ដែលជាក្តីសង្ឃឹមចុងក្រោយរបស់ក្រុម ហើយខ្ញុំបានកត់សម្គាល់ឃើញថា កីឡាករម្នាក់ៗពិតជាមានការតាំងចិត្តខ្ពស់ និងបាននាំយកលទ្ធផលល្អមកជូនអ្នកគាំទ្រទាំងអស់ពិតមែន”។

គួរបញ្ជាក់ថា បន្ទាប់ពីឡើងដល់វគ្គ ១៦ក្រុមចុងក្រោយនេះ ថៃនឹងត្រូវត្រៀមលក្ខណៈក្នុងការជួបប្រកួតជាមួយក្រុមមួយ ក្នុងចំណោមក្រុមជម្រើសជាតិ ចិន និង ក្រុមជម្រើសជាតិកូរ៉េ៕ 

ក្រុមបាល់ទាត់ជម្រើសជាតិថៃអបអរជ័យជម្នះ
ក្រុមបាល់ទាត់ជម្រើសជាតិថៃអបអរជ័យជម្នះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]