ឥណ្ឌូនេស៊ី៖ ជឿជាក់ថា ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ហើយ នូវហ្គេមចាប់តុក្កតាពីក្នុងទូម៉ាស៊ីន ដែលមាននៅតាមបណ្តាផ្សារទំនើបនានា ហើយវាក៏ជាហ្គេមមួយដ៏ពេញនិយមខ្លាំង ពិសេសនៅប្រទេសចិនតែម្តង។

បច្ចុប្បន្នហ្គេមមួយនេះ ក៏មានការផ្លាស់ប្តូរច្រើន ទៅតាមគំនិតម្ចាស់អាជីវកម្មរកស៊ីមួយចំនួន ដើម្បីធ្វើយ៉ាងណាឲ្យរឹតតែប្លែក និងទាក់ទាញជាងមុន ដោយជំនួសពីការចាប់តុក្កតា ទៅជាការចាប់របស់របរ ឬវត្ថុអនុស្សាវរីយផ្សេងៗ ពីក្នុងទូម៉ាស៊ីននោះផងដែរ។

យ៉ាងណាមិញ កាលពីពេលថ្មីៗកន្លងទៅនេះ វីដេអូឃ្លីបរបស់បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តាញសង្គមហ្វេសប៊ុក ចំពោះរឿងចាប់របស់ពីក្នុងទូម៉ាស៊ីននោះ ពោលគឺចាប់បានប្រអប់ iPhone ដោយអររំភើបថា និងបាន iPhone កាន់ពេញៗដៃ ប៉ុន្តែអ្វីដែលមិននឹកស្មានដល់នោះ ពេលបើកប្រអប់ចេញមក សើចលែងសមតែម្តង។

លោក Amrozi

យោងតាមគណនីហ្វេសប៊ុក ដែលបង្ហោះចែកចាយវីដេអូនូវរឿងដ៏ហួសចិត្តនេះ ត្រូវបានគេស្គាល់ឈ្មោះថា លោក Amrozi រស់នៅក្នុងទីក្រុង Batam ខេត្ត Riau ប្រទេសឥណ្ឌូនេស៊ី។

ដោយនៅក្នុងនោះ ម្ចាស់គណនីហ្វេសប៊ុកខាងលើនេះ បានបញ្ជាក់ប្រាប់ថា បន្ទាប់ពីរូបលោកបានព្យាយាមយ៉ាងប្រុងប្រយ័ត្នចាប់បានប្រអប់ iPhone ពីក្នុងទូម៉ាស៊ីនហើយនោះ លោកពិតជារំភើប និងបានត្រលប់មកផ្ទះវិញដើម្បីបើកវាមើល ដោយការ Surprise សម្រាប់ខ្លួនឯង។

ចាប់ប្រអប់ iPhone ពីក្នុងទូម៉ាស៊ីន

ភាពនឹកស្មានមិនដល់បានកើតឡើង នៅពេលបើកប្រអប់ដំបូង បែរជាឃើញមានបន្ទះវែងមួយនៅខាងក្នុង និងស្ករសូកូឡាមូលៗចំនួន៨គ្រាប់ទៅវិញ។ ដោយមិនអស់ចិត្ត លោកក៏បានលើកយកដុំស្ករសូកូឡានោះមកមើលទៀត ប៉ុន្តែធាតុពិតវាមិនមែនជាស្ករសូកូឡាដូចការគិតនោះឡើយ។ ផ្ទុយទៅវិញ វាគ្រាន់តែជាប្រអប់ជ័រ ដែលធ្វើឲ្យលោកនិងគ្នីគ្នា នាំគ្នាអស់សំណើច។

មិនទាន់បញ្ចប់ ពិនិត្យឲ្យច្បាស់នៅខាងក្នុងប្រអប់ជ័រមូលៗ ដូចដុំឃ្លីទាំង៨នោះ បែរជាបង្កប់ដាក់ស្រោមអនាម័យនៅក្នុងថែមទៀតផង ដែលរឹតតែធ្វើឲ្យលោកនាំគ្នាសើចទាំងហួសចិត្តតែម្តង។

ជាមួយគ្នានេះ អ្នកលេងបណ្តាញសង្គមជាច្រើន ក៏បានសម្តែងការហួសចិត្ត ក៏ដូចជាផ្ទុះសំណើចដូចគ្នា នូវអ្វីដែលបានកើតឡើងចំពោះលោក Amrozil ខណៈដែលវីដេអូឃ្លីបបង្ហោះចែកចាយនោះ ក៏ទទួលបានអ្នកចុចចូលមើលរាប់លានដងផងដែរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

ពេលបើកប្រអប់ iPhone
ពេលបើកប្រអប់ iPhone

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]