ម៉ាឡេស៊ី៖ ពាក្យចាស់លោកពោលថា សេ្នហាគឺមិនកំណត់ពេលវេលា និងអាយុទេ ពាក្យនេះពិតជាត្រឹមត្រូវណាស់។ តួយ៉ាងដូចជាលោកយាយ អាយុ ៧៦ឆ្នាំម្នាក់ដែលមានជំងឺមហារីកដំណាក់កាលពី ៤ បានសម្រេចបំណងប្រាថ្នាចុងក្រោយរបស់គាត់ ដោយរៀបអាពាហ៍ពិពាហ៍ជាមួយនឹងលោកតាអាយុ ៨០ ឆ្នាំម្នាក់នៅមន្ទីរពេទ្យមួយកន្លែង ធ្វើឱ្យមហាជនជាច្រើនស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន។

យោងតាមសារព័ត៌មាន Malay Mail បានឱ្យដឹងថា គូស្នេហ៍ដ៏ស្វីតមួយគូនេះ បានសម្រេចចិត្តរៀបការជាមួយគ្នានៅមន្ទីរពេទ្យ Sarawak General ក្នុងប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ២០១៩កន្លងទៅនេះ។

ក្រោយមកវីដេអូរបស់ពួកគាត់ត្រូវបានបង្ហោះចូលក្នុងបណ្តាញសង្គមហ្វេសប៊ុក ហើយមានអ្នកទស្សនាជាច្រើនបានសរសើរពួកគាត់មិនដាច់ពីមាត់។

តាមប្រភពដដែលបានឱ្យដឹងថា លោកតា Chan Teck Kong នៅទីបំផុតបានរៀបការជាមួយនឹងលោកយាយ Peggy Chai ដោយពេញច្បាប់ បន្ទាប់ពីពួកគេរស់នៅជាមួយគ្នាអស់រយៈពេល ៣០ឆ្នាំ។

លោកតា Chan បាននិយាយថា បំណងប្រាថ្នាចុងក្រោយរបស់លោកយាយ Peggy គឺគ្រាន់តែចង់រៀបការប៉ុណ្ណោះ ហើយលោកតាបានបន្ថែមទៀតថា លោកនឹងមើលថែរក្សាប្រពន្ធរបស់លោកអស់មួយជីវិត ស្រលាញ់នាង និងថ្នាក់ថ្នមនាងដ៏នាទីចុងក្រោយ។ 

រូបភាពក្នុងពិធីរៀបអាពាហ៍ពិពាហ៍

បើនិយាយពីប្រវត្តិស្នេហារបស់គូស្នេហ៍នេះវិញគឺថា កាលពី ៣០ឆ្នាំមុន នៅពេលដែលលោកយាយ Peggy បានជួបលោកតាដំបូងគឺនៅថ្នាក់រៀនរាំរបាំ ហើយពួកគេក៏ចាប់ផ្តើមណាត់ជួបគ្នាជាញឹកញាប់ ហើយក៏ស្រលាញ់គ្នាជាហូរហែ បន្ទាប់ពីប្តីមុនរបស់លោកយាយ Peggy បានចែកឋានបាត់ទៅ។

ក្រោយមក លោកតា Chan ក៏បានចូលនិវត្តន៍ដើម្បីចំណាយពេលវេលា មើលថែលោកយាយ Peggy ដែលមានជំងឺមហារីកក្រពេញអូវែដំណាក់កាលទី ៤។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ពួកគេបានរៀបការជាមួយគ្នា ដោយមានការជួយពីបុគ្គលិកមន្ទីរពេទ្យ ហើយមានអ្នកលេងហ្វេសប៊ុកជាច្រើននាក់ បានជូនពរពួកគាត់ឱ្យស្រលាញ់គ្នា មានសុខភាពល្អ និងមានសុភមង្គលនៅក្នុងគ្រួសារ៕  

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

រូបភាពក្នុងពិធីរៀបអាពាហ៍ពិពាហ៍
លោកតា Chan Teck Kong

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]