ជាទូទៅយើងតែងឮនិងដឹងថាការទទួលទានអាហារសំបូរជាតិខ្លាញ់មិនល្អឡើយសម្រាប់សុខភាព ព្រោះវាអាចបង្កហានិភ័យនៃបញ្ហាសុខភាពជាច្រើន ដូចជាជំងឺខ្លាញ់រុំបេះដូង ជំងឺដាច់សរសៃឈាម ជំងឺក្រិនរឹងសរសៃឈាម បញ្ហាធាត់ជាដើម។ ប៉ុន្តែអ្នកដឹងទេថា ខ្លាញ់Omega3 ជាខ្លាញ់ដ៏ល្អបំផុត ដែលផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាពយើង រាប់តាំងពីសុខភាពភ្នែក សុខភាពខួរក្បាល ប្រឆាំងហានិភ័យនៃជំងឺបេះដូង ប្រឆាំងជំងឺប្រព័ន្ធប្រសាទ ប្រឆាំងនឹងជំងឺមហារីកនិងការរលាកហើមជាដើម។ អង្គការសុខភាពជាច្រើន បានណែនាំឲ្យហូបនូវខ្លាញ់Omega3 ពី២៥០-៥០០មីលីក្រាមក្នុងមួយថ្ងៃ។

ដូច្នេះខាងក្រោមជាអាហារមួយចំនួន ដែលមានផ្ទុកទៅដោយខ្លាញ់ Omega3 យ៉ាងច្រើន៖ 

១. ត្រីសាម៉ុង

ត្រីសាម៉ុង មិនត្រឹមសំបូរទៅដោយសារធាតុចិញ្ចឹមផ្សេងៗដូចជា សារធាតុរ៉ែសំខាន់ (ម៉ាញេស្យូម ប៉ូតាស្យូម) វីតាមីនបេ និង Selenium ប៉ុណ្ណោះទេ ថែមទាំងជាប្រភពនៃខ្លាញ់ Omega3 ដ៏ច្រើនបំផុត។

អ្នកដឹងទេថា សាច់ត្រីសាម៉ុងទម្ងន់ត្រឹម ១០០ក្រាម មានផ្ទុកខ្លាញ់Omega3រហូតដល់ទៅ២២៦០មីលីក្រាមទៅហើយ។ 

សាច់ត្រីសាម៉ុង

២. អយស្ទឺ (Oyster)

ពពួកអាហារសមុទ្រមានសំបកដូចជា Oyster  មិនត្រឹមសំបូរសារធាតុសាំងស៊ី ដែលជាតម្រូវការរបស់គ្រាប់ឈាមក្រហមដើម្បីតួនាទីដ៏សំខាន់ដោះដូរឧស្ម័នប៉ុណ្ណោះទេ ថែមទាំងសំបូរទៅដោយOmega3 ទៀតផង។ ជាក់ស្តែង Oysterចំនួន៦គ្រាប់ អាចផ្តល់ឲ្យលោកអ្នកនូវខ្លាញ់Omega3បានរហូតដល់៥៦៥មីលីក្រាមឯណោះ។

oyster

៣. គ្រាប់ធញ្ញជាតិវ៉លណាត់

គ្រាប់ធញ្ញជាតិវ៉លណាត់ មិនត្រឹមផ្ទុកទៅដោយសារធាតុចិញ្ចឹមយ៉ាងច្រើន រាប់តាំងពីសារធាតុសរសៃ សារធាតុPhenol (អង់ទីអុកស៊ីដង់ Antioxidant) ម៉ាញេស្យូម វីតាមីនE ដែលមានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព ដូចជាសុខភាពស្បែក និងប្រឆាំងហានិភ័យនៃជំងឺមហារីកប៉ុណ្ណោះទេ ថែមទាំងជាប្រភពនៃខ្លាញ់Omega3ដ៏ច្រើនផងដែរ។

ជាក់ស្តែងគ្រាប់ធញ្ញជាតិប្រហែល២៨ក្រាម (ឬ7គ្រាប់) មានផ្ទុកខ្លាញ់Omega3រហូតដល់ទៅ ២,៥៤២មីលីក្រាមឯណោះ។ 

គ្រាប់ធញ្ញជាតិវ៉លណាត់

៤. ត្រីសាឌីន

ក្រៅពីប្រភពនៃខ្លាញ់Omega3ដ៏ច្រើនហើយនោះ ត្រីសាឌីនក៏បានផ្តល់ឲ្យយើងនូវសារធាតុចិញ្ចឹមជាច្រើនប្រភេទផ្សេងទៀតសម្រាប់រាងកាយ ដែលមានដូចជា វីតាមីន D និងសេឡេញូម (Selenium សារធាតុប្រឆាំងអុកស៊ីតកម្ម)។

សាច់ត្រីសាឌីនទម្ងន់ ១៤៩ក្រាម មានផ្ទុកខ្លាញ់Omega3រហូតដល់២.២ក្រាមឯណោះ៕

ត្រីសាឌីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]