ថៃ៖ ស្រ្តីជាប្រពន្ធដើមជនជាតិថៃម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយដកកាំភ្លើងបាញ់ប្រហារស្វាមីក្បត់ចិត្ត បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ និងនាងស្រីកំណាន់ប្តីខ្លួន បណ្តាលឲ្យស្លាប់ក្នុងថ្លង់ឈាម បង្ក ការភ្ញាក់ផ្អើល។

ហេតុការណ៍នេះបានកើតឡើង កាលពីល្ងាចថ្ងៃពុធ ទី៩ មករា ឆ្នាំ២០១៩ កន្លងទៅនេះ នៅមុខហាងលក់សម្លៀកបំពាក់មួយកន្លែង ក្នុងតំបន់ Na Kuam Tai ខេត្ត Lampang ប្រទេសថៃ។

រូបភាពក្នុងថ្ងៃកើតហេតុ

បើយោងតាមប្រភពសារព័ត៌មានថៃ បានរាយការណ៍ឲ្យដឹងថា ជនសង្ស័យជាប្រពន្ធដើមក្នុងហេតុការណ៍បាញ់ប្រហារមិនញញើតដៃនេះ ត្រូវបានគេស្គាល់អត្តសញ្ញាណ ឈ្មោះ Prapha Jaidee មានអាយុ ៥៥ឆ្នាំ។ ចំណែកឯ បុរសរងគ្រោះជាប្តីឈ្មោះ Anuwat Jaidee អាយុ ៥២ឆ្នាំ និងស្រ្តីរងគ្រោះម្នាក់ទៀត ដែលត្រូវបានចោទប្រកាន់ថាជាស្រីកំណាន់ បានស្លាប់បាត់ជីវិតនោះ ឈ្មោះ Titichada Tanbut អាយុ ៤២ឆ្នាំ។

តាមសម្ដីជនសង្ស័យជាប្រពន្ធដើម បាននិយាយថា ប្តីរបស់ខ្លួន លោក Anuwat Jaidee គឺជាមន្រ្តីពន្ធនាគារម្នាក់ នៅ Lampang Central Prison ក្នុងខេត្ត Lampang ។ ខ្លួនមានការសង្ស័យទៅលើប្តីជាយូរមកហើយ ថាពិតជាមានទំនាក់ទំនងជាមួយស្រីក្រៅផ្ទះ ក្រោយចំណងគ្រួសារហាក់មិនចុះសម្រុង ដែលធ្វើខ្លួនជាប្រពន្ធដើមឈឺចិត្តយ៉ាងខ្លាំង។

ជនសង្ស័យជាប្រពន្ធដើម បានបន្តទៀតថា ក្រោយមកខ្លួនក៏បានព្យាយាមតាមស៊ើបពីប្តី ដោយជិះម៉ូតូតាមពីក្រោយឡានប្តីរហូត អស់រយៈពេលជាច្រើនថ្ងៃ ទើបដឹងថាប្តីរបស់ខ្លួនពិតជាមានស្រីលួចលាក់ក្រៅផ្ទះមែន។ កន្លងមកខ្លួនក៏ធ្លាប់បានប្រាប់ពួកគេ (ប្តីនិងស្រីកំណាន់) ឲ្យបញ្ចប់ទំនាក់ទំនងស្នេហានោះផងដែរ ប៉ុន្តែត្រូវបានពួកគេបដិសេធ រហូតកើតជាកំហឹង និងការប៉ុនប៉ងបាញ់ប្រហារនេះតែម្តង។

រូបភាពក្នុងថ្ងៃកើតហេតុ

តាមសម្ដីប៉ូលិសបាននិយាយថា ជនសង្ស័យជាប្រពន្ធដើមខាងលើនេះ បានបាញ់ទៅលើស្រ្តីរងគ្រោះជាស្រីកំណាន់ចំកញ្ចឹងក និងបានស្លាប់បាត់បង់ជីវិត ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ចំណែកឯ បុរសជាប្តីវិញ ត្រូវស្ត្រីជាប្រពន្ធបាញ់ចំឆ្អឹងជំនី បណ្តាលឲ្យរងរបួសធ្ងន់ ខណៈដែលបច្ចុប្បន្នសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ប៉ូលិសបានបន្តទៀតថា ក្រោយកើតហេតុនោះ ស្រ្តីជាជនសង្ស័យពុំបានរត់គេចខ្លួនទេ ពោលគឺ បានទៅអង្គុយផឹក (ស្រា) នៅហាងក្បែរនោះ ដែលមានចំងាយប្រមាណជា ១០០ម៉ែត្រ ពីទីតាំងកើតហេតុ ដោយរង់ចាំឲ្យប៉ូលិសមកចាប់ខ្លួនតែម្តង។

គួរឲ្យដឹងផងដែរថា ជុំវិញនឹងករណីខាងលើនេះ ស្រ្តីជនសង្ស័យជាប្រពន្ធដើម ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន និងឃុំខ្លួនបណ្តោះអាសន្ន ដើម្បីរង់ចាំការចាត់ការបន្ត ពីការចោទប្រកាន់ផ្សេងៗ ក្នុងសំណាញ់ច្បាប់ផងដែរ ៕

រូបភាពក្នុងថ្ងៃកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]