អាហារពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះសុខភាពរបស់យើង។ ការបរិភោគអាហារមិនត្រឹមត្រូវ គ្មានតុល្យភាពនៃសារធាតុចិញ្ចឹមគ្រប់គ្រាន់ អាចបង្កលក្ខខណ្ឌសុខភាពមិនល្អជាច្រើនដែលប៉ះពាល់ទៅដល់ការលូតលាស់ ការទ្រទ្រង់ និងការការពារនៃរាងកាយ។ 

ទោះបីយ៉ាងណា ការទទួលទានរបបអាហារដែលសំបូរសារចិញ្ចឹមជាច្រើនប្រភេទ ដូចជា វីតាមីន សារធាតុរែ សរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្ម គឺជាតម្រូវការរបស់រាងកាយជាប្រចាំ។ ជាក់ស្តែងផ្សិតចំបើងជាប្រភេទបន្លែផ្ទុកពពួកមេរោគផ្សិតល្អៗនិងមានសារធាតុចិញ្ចឹមជាច្រើនល្អយ៉ាងខ្លាំងសម្រាប់សុខភាព។

ខាងក្រោមជាអត្ថប្រយោជន៍សុខភាពទាំង៤ទទួលបានពីការហូបផ្សិតចំបើង៖

១. ប្រឆាំងជំងឺមហារីក

ផ្សិតចំបើងសំបូរសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជាសារធាតុដ៏សំខាន់ដើរតួនាទីយ៉ាងសកម្មក្នុងការកំចាត់ចោលពពួករ៉ាឌីកាល់សេរី។ ការកាត់បន្ថយនៃបរិមាណរ៉ាឌីកាល់សេរី បានចូលរួមចំណែកកាត់បន្ថយហានិភ័យនៃការវិវឌ្ឍន៍ជំងឺមហារីកផ្សេងៗផងដែរ។

លើសពីនេះ សារធាតុ Selenium ដែលជាសារធាតុរ៉ែមិនសូវរកមាននៅតាមផ្លែឈើនិងបន្លែភាគច្រើន មានវត្តមាននៅក្នុងផ្សិតចំបើងយ៉ាងច្រើន។ សារធាតុមួយនេះ ត្រូវគេសិក្សារកឃើញថាបានដើរតួនាទីកំចាត់ចោលសារធាតុបង្កការវិវឌ្ឍន៍នៃកោសិកាមហារីកតាមរយៈការភ្ញោចនៃមុខងារអង់ស៊ីមរបស់ថ្លើម។

រូបតំណាង

២. ល្អសម្រាប់សុខភាពបេះដូង

សារធាតុរ៉ែ ប៉ូតាស្យូម និងសូដ្យូម ដែលមានវត្តមានក្នុងផ្សិតចំបើង ជាសារធាតុដ៏សំខាន់ក្នុងការរក្សាលំនឹងនៃសម្ពាធឈាមឲ្យស្ថិតក្នុងកម្រិតមួយធម្មតា។ ការកាត់បន្ថយហានិភ័យនៃបញ្ហាលើសឈាមតាមរយៈការទទួលទានអាហារសំបូរសារធាតុប៉ូតាស្យូម និងមានសូដ្យូមក្នុងបរិមាណសមល្មម ដូចករណីផ្សិតចំបើងជាពិសេស បានចូលរួមចំណែកយ៉ាងច្រើនដល់ការកាត់បន្ថយហានិភ័យនៃជំងឺដូចជា ជំងឺគាំងបេះដូង ជំងឺដាច់សរសៃឈាម និងជំងឺក្រិនរឹងសរសៃឈាមជាដើម។

រូបតំណាង

៣. ជំរុញប្រព័ន្ធភាពសុំារាងកាយ

សារធាតុSelenium ក៏ត្រូវបានសិក្សារកឃើញថា វាជំរុញដល់ការឆ្លើយតបនៃប្រព័ន្ធភាពសុំាតាមរយៈការផលិតកោសិកាឈាមស T-Cell ដើម្បីប្រឆាំងនឹងមេរោគ មានភាពសកម្ម និងរហ័សជាងមុន ហើយកាត់បន្ថយហានិភ័យនៃការបង្កជំងឺទៀតផង។

សារធាតុសរសៃ Beta-glucan របស់ផ្សិតចំបើងក៏បានភ្ញោចឲ្យប្រព័ន្ធភាពសុំាមានភាពសកម្មជាងមុន  ប្រឆាំងនឹងកោសិកាមហារីក និងជួយដល់ការវិវឌ្ឍន៍នៃដុំសាច់។

រូបតំណាង

៤. ល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ការសិក្សាមួយចំនួនបានបង្ហាញឲ្យដឹងថា អ្នកជំងឺទឹកនោមផ្អែមដែលបានទទួលទានផ្សិតចំបើងជាប្រចាំ មានកម្រិតជាតិស្ករ និងជាតិខ្លាញ់ធ្លាក់ចុះក្នុងកម្រិតមួយធម្មតាគួរឲ្យកត់សម្គាល់។ នេះក៏ព្រោះសារធាតុសរសៃដ៏សំបូរបែបនៃផ្សិតចំបើង។

សារធាតុសរសៃនេះក៏បានជួយគ្រប់គ្រងចំណង់អាហាររបស់យើង ដែលជាលទ្ធផលកាត់បន្ថយការទទួលទាន។ នេះល្អសម្រាប់ការគ្រប់គ្រងនិងសម្រកទម្ងន់ និងការគ្រប់គ្រងជាតិស្ករក្នុងឈាមទៀតផង៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]