ខ្លួនប្រាណយើងមានតម្រូវការសារធាតុចិញ្ចឹមជាច្រើនប្រភេទរាប់តាំងពីវីតាមីន សារធាតុរ៉ែ សារធាតុសរសៃ ប្រូតេអ៊ីន និងគ្លុយកូស(ស្ករ) ជាដើម។ អាហារបន្លែ សាច់ ផ្លែឈើ សុទ្ធសឹងជាប្រភពនៃសារធាតុចិញ្ចឹមដ៏សំបូរបែបនេះ។ អ្នកដឹងទេ គ្រាប់ធញ្ញជាតិក៏ជាអាហារដ៏ល្អបំពេញឲ្យយើងនូវតម្រូវការនៃសារធាតុចិញ្ចឹមទាំងនេះផងដែរ។

ខាងក្រោមជាគ្រាប់ធញ្ញជាតិមួយចំនួនល្អខ្លាំងសម្រាប់សុខភាព៖ 

១. សណ្តែកដី

សណ្តែកដីមានផ្ទុកវីតាមីនB3 និងសារធាតុប្រឆាំងជាតិពុលពិសេសម៉្យាង ដែលបានរកឃើញថា វាជួយបង្កើនបរិមាណលំហូរឈាមទៅកាន់ខួរក្បាល និងជាពិសេសវាការពារពីការខូចខាតនៃកោសិកាសរសៃប្រសាទនៃខួរក្បាល។  គេជឿថាសារធាតុទាំងនេះមានផ្សំនៅក្នុងថ្នាំព្យាបាលនៃអ្នកជំងឺវង្វេងវង្វាន់ ដើម្បីបញ្ឈប់បរិមាណខូចខាតនៃកោសិកាប្រសាទ។

សារធាតុចិញ្ចឹមពិសេសមួយចំនួននៃសណ្តែកដី បានចូលរួមចំណែកដល់ការកាត់បន្ថយបរិមាណសារធាតុកូលេស្តេរ៉ុលមិនល្អ ដែលជាដើមហេតុនៃជំងឺដាច់សរសៃឈាម ព្រោះសារធាតុកូលេស្តេរ៉ុលអាចប្រមូលផ្តុំជាកករមួយដ៏ក្រាស់ ធ្វើឱ្យរន្ធសរសៃឈាមរួមតូចរហូតដល់ស្ទះ ហើយសរសៃខួរក្បាលងាយស្ទះនិងដាច់ជាងគេ។ ជាលទ្ធផលវាបណ្តាលឲ្យយើងសន្លប់ភ្លាមៗ ឬក៏អាចបណ្តាលឲ្យស្លាប់ទៀតផង។

សណ្តែកដីសំបូរវីតាមីនE & B និងសារធាតុខ្លាញ់ល្អ ដែលដើរតួនាទីយ៉ាងសំខាន់ដល់ការបង្កើតភាពហាប់ណែននៃទ្រង់ទ្រាយនិងសំបកខាងក្រៅនៃកោសិកាស្បែក។ ជាលទ្ធផល វាការពារកោសិកាស្បែកយើងពីការបាត់បង់ជាតិទឹក ធ្វើឲ្យស្បែកមានភាពសំណើម និងជាពិសេសការពារពុំឲ្យមានការជ្រាបចូលនៃមេរោគ និងសារធាតុពីខាងក្រៅតាមស្បែក។

២. គ្រាប់ស្វាយចន្ទី

សារធាតុពិសេសទទួលបានពីគ្រាប់ស្វាយចន្ទី បានដើរតួនាទីយ៉ាងសំខាន់កាត់បន្ថយសារធាតុកូលេស្តេរ៉ុលដែលមាននៅតាមបណ្តោយសរសៃឈាម។ វាក៏បានជួយរក្សាកម្រិតសម្ពាធឈាមឲ្យនៅធម្មតា និងប្រឆាំងជំងឺធាត់ទៀតផង។ សារធាតុប្រឆាំងនឹងជាតិពុលនៃស្វាយចន្ទី បានចូលរួមចំណែកប្រឆាំងនឹងការរលាកនៃសរសៃឈាមផងដែរ។

កត្តាដែលបានរៀបរាប់ខាងលើសុទ្ធសឹងមានឥទ្ធិពលកាត់បន្ថយហានិភ័យនៃជំងឺទាក់ទងនឹងបេះដូងយ៉ាងច្រើន។

ក្រៅពីទឹកដោះគោ  គ្រាប់ស្វាយចន្ទីក៏ជាប្រភពនៃសារធាតុកាល់ស្យូមដែលជាតម្រូវនៃរាងកាយយើងសម្រាប់លូតលាស់របស់កោសិកាឆ្អឹង។ ក្នុងពេលជាមួយគ្នាដែរ ជាលិកាឆ្អឹងយើងក៏ចាំបាច់ត្រូវរក្សា និងការពារពីការបាត់បង់ដង់ស៊ីតេផងដែរ។ ដូច្នេះ គ្រាប់ស្វាយចន្ទី សំបូរវីតាមីនK ដែលជាសារធាតុចិញ្ចឹមដ៏សំខាន់សហការជាមួយសារធាតុកាល់ស្យូមក្នុងការបណ្តុះនិងការពារដើម្បីពន្លឿនកោសិកាឆ្អឹងឲ្យកាន់តែវែង និង រឹងមាំ។ ទាំងនេះជាកត្តាដ៏សំខាន់សម្រាប់ការលូតកម្ពស់ និងការពារពីបញ្ហាជំងឺពុកឆ្អឹង។

ការហូបគ្រាប់ស្វាយចន្ទីជាប្រចាំ ត្រូវបានគេសិក្សាឃើញថា វាមានឥទ្ធិពលកាត់បន្ថយហានិភ័យនៃជំងឺមហារីកមួយចំនួនដូចជាថ្លើម និងពោះវៀនធំជាដើម។

៣. គ្រាប់អង្គាដី

គ្រាប់ធញ្ញជាតិនេះបានជួយកាត់បន្ថយសារធាតុកូលេស្តេរ៉ុលមិនល្អដែលមាននៅតាមជញ្ជាំងសរសៃឈាម និងជួយរក្សាសម្ពាធឈាមឲ្យស្ថិតក្នុងកម្រិតមួយធម្មតា។ កត្តាទាំងពីរនេះសុទ្ធសឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។ ការសិក្សាស្រាវជ្រាវមួយបានឲ្យដឹងថា ការរួមបញ្ចូលគ្រាប់អង្គាដី២០% នៃរបបអាហារ បានកាត់បន្ថយកម្រិតកូលេស្តេរ៉ុលមិនល្អ នៃសំណាករហូតដល់ទៅ ១២% ឯណោះ។

គ្រាប់អង្គាដីក៏បានចូលរួមចំណែករក្សាបរិមាណជាតិស្ករឲ្យស្ថិតក្នុងកម្រិតមួយធម្មតា ជំរុញដល់សុខភាពនៃប្រព័ន្ធរំលាយអាហារ ជួយដល់ការសម្រកទម្ងន់ និងជាពិសេស ជាប្រភពនៃសារធាតុប្រឆាំងនឹងរ៉ាឌីកាល់សេរី ដែលសំខាន់សម្រាប់ការពារកោសិកាពីការខូចខាត និងការវិវឌ្ឍន៍នៃកោសិកាមហារីកជាដើម។

៤. គ្រាប់អាល់ម៉ុន (Almond)

Almond ជាប្រភពនៃសារធាតុចិញ្ចឹមសំខាន់ៗយ៉ាងច្រើនសំបូរបែប រាប់តាំងពី ប្រូតេអ៊ីន (ល្អសម្រាប់ការលូតលាស់និងសាងសង់) សារធាតុសរសៃ (ល្អសម្រាប់ដំណើរការនៃប្រព័ន្ធរំលាយអាហារ) កាល់ស្យូម (ភាពរឹងមាំនិងការលូតលាស់នៃសរីរាង្គឆ្អឹង) និងជាពិសេសសារធាតុប្រឆាំងនឹងរ៉ាឌីកាល់សេរី ដែលជួយការពារកោសិកាពីការបំផ្លិចបំផ្លាញដោយសារធាតុពុលមួយចំនួន។

ក្រៅពីនេះវាក៏ជាប្រភពនៃវិតាមីនE ដែលជារនាំងការពារស្រទាប់ខាងក្រៅនៃកោសិកាយើងផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]