(ភ្នំពេញ​)៖​ អគ្គិភ័យកំណាចមួយ បានលេបត្របាក់យកផ្ទះមួយកន្លែង ដោយទាំងជីវិតស្ត្រីជាប្រពន្ធឱ្យរសាត់ទៅកាន់បរិលោក បន្សល់នូវក្ដីវិប្បយោគធ្លាក់លើបុរសជាប្ដី និងកូនៗរហង់ក្នុងសំបុក។ គ្រោះអគ្គីភ័យ​នេះ ​បានកើតឡើង​វេលាម៉ោង​១យប់​រំលង​អធ្រាត្រ ​ឈាន​ចូល​ថ្ងៃ​ទី​១២ ខែ​មករា ​ឆ្នាំ​២០១៩ ​ស្ថិត​នៅ​ភូមិ​អង្ក្រង ​សង្កាត់​ក្រាំង​ធ្នង់ ​ខណ្ឌ​សែនសុខ។

សពស្ត្រីរងគ្រោះមាន​ឈ្មោះ​ តាំង​ លាងអ៉ី​ អាយុ​៣៦​ឆ្នាំ ​មុខរបរ​ជា​អាជីវករ​លក់​កាបូប ​នៅ​ផ្សារ​ឈូក​មាស ចំណែកបុរសប្ដីមាន​ឈ្មោះ​ ជ្រុន​ សិដា​ អាយុ​៤២ឆ្នាំ​​។

​បុរស​ជា​ប្ដី​​​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​ប្រពន្ធ​របស់​គាត់​មិន​ស្រួល​ខ្លួន ​ហើយ​បាន​លេប​ថ្នាំ ​ដើម្បី​សម្រាក ​បន្ទាប់​ពី​មក​ពី​លក់​ដូរនៅផ្សារ​វិញ​ ហើយ​គាត់​ក៏​មិន​ហ៊ាន​រំខានដែរ ​ក៏​នាំ​កូន​ៗរបស់​គាត់​ទៅ​គេង​នៅ​បន្ទប់​ផ្សេង​ពីប្រពន្ធ​។

លុះ​ដល់​ម៉ោង​ជាងមួយ១រំលងអធ្រាត្រ បុរស​ជា​ប្ដី​បាន​ឮ​សំឡេង​ដូច​មាន​វត្ថុ​អី្វ​ធ្លាក់ ​ហើយ​ធំ​​ក្លិនឈ្ងៀមទៀ​ត​ ភ្លាមនោះ​គាត់​ក៏បាន​ដើរ​ចុះ​មក​មើល ​ស្រាប់​តែ​ឃើញ​បន្ទប់​ប្រពន្ធរបស់​​គាត់​ត្រូវភ្លើងឆេះ​យ៉ាង​សន្ធោសន្ធៅ​​ គាត់​ក៏​បាន​ស្រែក​ឲ្យ​គេ​ជួយ​ដែរ ​ប៉ុន្ដែ​មិន​អាច​ជួយ​បាន​ទេ​ ដោយ​សារ​តែ​ទ្វារ​ជាប់​គន្លឹះ​មិន​អាច​ដោះ​បាន​ រហូត​​ជិត​មួយ​ម៉ោង​ក្រោយមក ទើប​អាច​ដោះ​សោ​ចូល​បាន​ តែជា​អកុសល​ប្រពន្ធ​របស់​គាត់​ត្រូវ​បាន​អណ្ដាតភ្លើង​ឆាប​ឆេះ​ស្លាប់ខ្លោចមួយកំណាត់ខ្លួនបាត់​ទៅហើយ។

ក្រោយ​ពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមជាមួយកម្លាំងសមត្ថកិច្ចជំនាញ​ បានធ្វើកោសលវិច័យ​ សាកសួរ និងស្រាវជ្រាវរកមូលហេតុនៃការឆាបឆេះ​​នេះ​ ទើបដឹងថាគ្រោះអគ្គិភ័យនេះបណ្ដាលមកពីទុស្សេខ្សែភ្លើង​៕

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]