កេនយ៉ា៖ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការធ្វើពាណិជ្ជកម្ម និងទំនាក់ទំនងរវាងកេនយ៉ា និងចិន ឱ្យកាន់តែមានភាពស្អិតរមូតឡើង កេនយ៉ា គ្រោងដាក់កម្មវិធីសិក្សាថ្មីសម្រាប់បង្រៀនភាសាចិន ចាប់តាំងពីថ្នាក់បឋមសិក្សាឡើងទៅ នៅឆ្នាំ ២០២០ ខាងមុខនេះ។

រូបតំណាង

នាយកសាលានៃវិទ្យាស្ថានអភិវឌ្ឍន៍កម្មវិធីសិក្សាកេនយ៉ា (KICD) លោក Julius Jwan បានថ្លែងប្រាប់សារព័ត៌មានស៊ីនហួថា យើងរៀបចំកម្មវិធីសិក្សាសម្រាប់បង្រៀនភាសាចិនរួចរាល់ហើយ ហើយយើងនឹងចាប់ផ្តើមដាក់បញ្ចូលភាសាចិនជាភាសាបរទេសចាប់តាំងពីថ្នាក់ទី ៤ ឡើងទៅ នៅក្នុងឆ្នាំ ២០២០ ខាងមុខនេះ។

បន្ថែមពីនេះទៀត ចិននឹងផ្តល់ជំនួយ និងបញ្ជូនអ្នកជំនាញជនជាតិចិនដើម្បីជួយអភិវឌ្ឍន៍កម្មវិធីសិក្សាថ្មីមួយនេះ ហើយថែមទាំងផ្តល់អាហារូបករណ៍សម្រាប់និស្សិតបញ្ចប់ការសិក្សាពីប្រទេសកេនយ៉ា ទៅសិក្សានៅសកលវិទ្យាល័យនានាក្នុងប្រទេសចិនទៀតផង។

ការផ្លាស់ប្តូរនេះត្រូវបានគេរំពឹងទុកថា នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រទេសកេនយ៉ា និងប្រជាពលរដ្ឋរបស់ខ្លួន ដោយពិចារណាលើទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ច ក៏ដូចជាចំណងមិត្តភាពដ៏ស្អិតរមូតរបស់ប្រទេសទាំងពីរ។

ម្យ៉ាងវិញទៀត ភាសាចិនជាភាសាអន្តរជាតិដែលគេប្រើប្រាស់ច្រើនលើសកលលោក ដូច្នេះបានជារដ្ឋាភិបាលរបស់កេនយ៉ា លើកទឹកចិត្តឱ្យប្រជាជនរបស់ខ្លួនរៀនភាសាចិនឱ្យបានច្រើនគ្រប់ៗគ្នា។

លោក Jwan បាននិយាយបន្ថែមទៀតថា «សេដ្ឋកិច្ចរបស់ចិនកំពុងតែមានការរីកចំរើនគួរឱ្យកត់សម្គាល់ ដូច្នេះតម្រូវការនៃការរៀនភាសាចិនក៏កើនឡើងដូចគ្នា ហើយបើសិនប្រជាជនកេនយ៉ាចេះភាសាចិននោះ យើងក៏អាចទទួលបានផលប្រយោជន៍ច្រើនស្របគ្នាផងដែរ៕»

តើប្រិយមិត្តយល់យ៉ាងណាដែរ?

រូបតំណាង
រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]