ជាការពិតណាស់ការគេងឲ្យបានគ្រប់គ្រាន់ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់សុខភាពមនុស្សគ្រប់គ្នា។ បើសិនជាយើងគេងមិនបានគ្រប់គ្រាន់ នោះវាអាចធ្វើឲ្យមានផលប៉ះពាល់ដល់សុខភាពយើងយ៉ាងខ្លាំង។ ពិតណាស់បញ្ហាគេងមិនលក់នេះ គឺអាចកើតឡើងដោយសារតែមនុស្សមួយចំនួនបានមើលរំលង ឬមិនបានចាប់អារម្មណ៍នូវទង្វើសកម្មភាពដែលបានធ្វើជារៀងរាល់ថ្ងៃ។ អ្នកត្រូវដឹងថាសកម្មភាពខុសឆ្គងមួយចំនួនដែលអ្នកធ្វើរៀងរាល់ថ្ងៃតាំងពីព្រលឹមទល់ព្រលប់ ក៏អាចធើ្វឲ្យអ្នកគេងមិនលក់ដែរ។

ដូចនេះយើងនឹងធ្វើការរៀបរាប់នូវទម្លាប់មួយចំនួន ដែលបណ្ដាលឲ្យអ្នកគេងលក់មិនស្រួល និងវិធីក្នុងការកែប្រែទម្លាប់ខ្លីៗ ដើម្បីធ្វើឲ្យអ្នកគេងលក់ស្រួលវិញ។  

១. សកម្មភាពនៅពេលព្រឹកដល់ថ្ងៃត្រង់ (៧ព្រឹក-១២ថ្ងៃត្រង់)

រូបតំណាង

ទម្លាប់ខុសឆ្គង៖
• អ្នកងើបលឿនហើយទៀងម៉ោងតែពេលថ្ងៃធ្វើការ ឯថ្ងៃចុងសបា្តហ៍ ឬឈប់សម្រាក គឺទម្លាប់ងើបយឺត។
• ជាពេលដែលគេគ្រប់គ្នាកំពុងញ៉ាំអាហារ តែអ្នកកំពុងនៅលើគ្រែ និងចុចម៉ោងរោទ៏ច្រើនដង។

ទម្លាប់ត្រឹមត្រូវ៖
• អ្នកគួរតែព្យាយាមទម្លាប់ងើបឲ្យបានទៀងម៉ោងរៀងរាល់ថ្ងៃ មិនថាជាថ្ងៃធ្វើការ ឬថ្ងៃឈប់សម្រាកនោះទេ។ ប្រសិនបើអ្នកអាចទម្លាប់ងើបឲ្យបានទៀងទាត់ជារៀងរាល់ថ្ងៃ នោះយើងនឹងអាចគ្រប់គ្រងចង្វាក់ចលនា ឬភាពស៊ាំនៅត្រង់អរម៉ូន និងការដុតរំលាយអាហារឲ្យស៊ីគ្នាជាមួយនឹងការគេង និងការក្រោកពីគេង។ ដូចនេះហើយប្រសិនបើអ្នកអាចទម្លាប់ងើបឲ្យបានទៀងម៉ោងរៀងរាល់ថ្ងៃ នោះវាអាចធ្វើឲ្យអ្នកគេងលក់ស្រួល និងមិនភាពតានតឹង។
• អ្វីដែលអ្នកគួរតែចៀសវាងនោះ គឺការដាក់ម៉ោងរោទ៏ច្រើនដង ពីព្រោះវាអាចធ្វើឲ្យអារម្មណ៍របស់អ្នកមិនស្ងប់ និងរំខានដល់ការគេងរបស់អ្នក។ ដូចច្នេះអ្នកគួរតែដាក់ម៉ោងរោទ៏ចុងក្រោយដែលអ្នកត្រូវងើបទើបជាការប្រសើរ។

• អ្នកត្រូវចាំបាច់ញាំអាហាពេលព្រឹក ដើម្បីជួយសម្រួលដល់ខួរក្បាលរបស់អ្នក៖ កាលណាអ្នកបានញុាំអាហារពេលព្រឹកមុនគេ នោះវាអាចធ្វើឲ្យខួរក្បាលរបស់អ្នកដំណើរការបានល្អ និងធ្វើឲ្យអ្នកគេងលក់ស្រួល។ ពីព្រោះដោយសារតែមានសារជាតិអាហារល្អៗផ្គត់ផ្គង់ ទៅដល់ខួរក្បាលអ្នកបានគ្រប់គ្រាន់។ 

២. សកម្មភាពនៅពេលថ្ងៃត្រង់ដល់ល្ងាច (១២ថ្ងៃត្រង់-៦ល្ងាច)

រូបតំណាង

ទម្លាប់ខុសឆ្គង៖
• ទម្លាប់គេងថ្ងៃច្រើនម៉ោង
• ញ៉ាំកាហ្វេ
• ញ៉ាំអាហារតិចពេក ឬច្រើនពេក

ទម្លាប់ត្រឹមត្រូវ៖
• អ្នកគួរចៀសវាងការគេងពេលថ្ងៃច្រើនម៉ោង ពីព្រោះវាអាចធ្វើឲ្យអ្នកគេងលង់លក់ជ្រៅទៅៗ និងធ្វើឲ្យអ្នកពិបាកងើប និងគ្មានភាពស្រស់ស្រាយ។ ដូចនេះអ្នកគួរតែគេងមកត្រឹម២០នាទី ទើបជាកាល្អដោយការដាក់ម៉ោងរោទ៏។ លើសពីនេះទៀត បើអ្នកចង់គេងថ្ងៃ អ្នកគួរតែចៀសវាងការគេងផ្កាប់មុខ ពីព្រោះវាធ្វើឲ្យអ្នកគេងមិនលក់នៅពេលយប់។
• ញ៉ាំអាហារណាដែលមានជាតិប្រូតេអ៊ីន និងជាតិកាបូបអ៊ីដ្រាត។ នៅពេលដែលយើងញុំាអាហារដែលមានជាតិទាំងនេះនៅពេលថ្ងៃត្រង់ នោះយើងមិនងាយងងុយគេងថ្ងៃឡើយ។
• ចេញទៅក្រៅដើម្បីឲ្យត្រូវកម្ដៅថ្ងៃខ្លះពី៣០ទៅ៦០នាទីគឺជាការល្អ។
• ចៀសវាងការញ៉ាំកាហ្វេពេលថ្ងៃ ពីព្រោះវាមានជាតិកាហ្វេអ៊ីនខ្ពស់ដែលអាចធ្វើឲ្យយើងគេងមិនលក់នៅពេលយប់។

• ព្យាយាមញ៉ាំអាហារល្មមៗ វាធ្វើឲ្យអ្នកគេងលក់ស្រួល។ បើពេញមួយថ្ងៃអ្នកញ៉ាំអាហារតិចពេក ឬច្រើនពេក នោះវាធ្វើឲ្យប្រព័ន្ធរំលាយអាហាររបស់អ្នកមានបញ្ហា ដូចច្នេះវាធ្វើឲ្យខ្លួនអ្នកប្រែខ្លួនចុះប្រែខ្លួនឡើងនៅពេលគេង ហើយបណ្ដាលឲ្យអ្នកគេងមិនលក់។  

៣. សកម្មភាពនៅពេលល្ងាចដល់យប់ (៦ល្ងាច-១២ព្រឹក)

រូបតំណាង

ទម្លាប់ខុសឆ្គង៖
• សម្ងំលើគ្រែគេងមើលតែម៉ោង
• លេងទូរស័ព្ទច្រើនម៉ោងមុនពេលគេង
• ញ៉ាំសូកូឡា ឬការ៉េមដែលលាក់នូវជាតិកាហ្វេអ៊ីនច្រើន

ទម្លាប់ត្រឹមត្រូវ៖
• ព្យាយាមហាត់ប្រាណនៅពេលល្ងាចឲ្យបានច្រើនដូចជាហាត់កីឡាជាដើម វាជួយឲ្យអ្នកគេងលក់ស្រួល។
• ទម្លាប់ចូលគេងឲ្យបានទៀងម៉ោងនៅពេលយប់
• ទម្លាប់ធ្វើការអានសៀវភៅមុនពេលចូលគេង។
• កុំព្យាយាមលេងទូរស័ព្ទលើសពី៣០នាទីមុនពេលចូលគេង វាអាចធ្វើឲ្យអ្នកគេងមិនលក់ ដោយសារតែអារម្មណ៍ និងខួរក្បាលរបស់អ្នកនៅដក់ជាប់ និងនៅតែចងឆែកមើលដូចជាការផ្ញើសារដើម។
• កាត់បន្ថយការញ៉ាំសូកូឡា ការ៉េម ឬភេសជ្ជៈប៉ូវកម្លាំងជាដើម។ ពីព្រោះវាសំបូរទៅដោយជាតិកាហ្វេអ៊ីន ដែលអាចដាស់ស្មារតីអ្នកឲ្យស្វាងចេស និងគេងមិនលក់៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]