(ភ្នំពេញ)៖ កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យ បានតាមស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យជាសិស្សម្នាក់ នៅចំណុចចំណតម៉ូតូផ្សារអ៊ីអន១ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រួចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមនីតិវិធី។

សិស្សសាលារូបនេះ បានធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃ១គ្រឿងម៉ាក IPhone 6 ពណ៌ស មិនបានសម្រេច ហើយរត់គេចខ្លួនបាត់ស្រមោល តាំងពីនៅចំណុចក្បែរស្ពានអាកាស៧មករា តាមបណ្ដោយផ្លូវលេខ២៨៩ ក្នុងមណ្ឌល៦ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក កាលពីរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅ។

នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានបញ្ជាក់ថា ជនសង្ស័យដែលឃាត់ខ្លួនបានក្នុងអំពើលួច មានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ័ដៃ) មានឈ្មោះ ត្រាណេ សុចិន្តា ហៅសុខ លីដា ហៅកូកូ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅផ្ទះលេខ៦ តាមបណ្ដោយផ្លូវលេខ៣២៨ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក នាយការិយាល័យ បានបញ្ជាក់ទៀតថា បន្ទាប់ពីតាមស៊ើបអង្កេតអស់រយៈពេល៣ថ្ងៃ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ហើយដកហូតបានម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ ទឹកមាស សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ1DA-2464 និងមួកសុវត្ថិភាពម៉ាក SPEED CROWN ពណ៌ខ្មៅចំនួន០១ ដើម្បីយកមកធ្វើសាកសួរតាមជុំនាញជាច្រើនម៉ោង រូបគេ (ជនសង្ស័យ) បានឆ្លើយសារភាព ថាពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទពិតប្រាកដមែន តែមិនបានសម្រេចនោះឡើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]