ថៃ៖ ស្រ្តីម្នាក់មានឈ្មោះ Suwana អាយុ ៥៣ឆ្នាំមកពីខេត្តអាងថុង បានឈ្នះឆ្នោតរង្វាន់ធំ ២ឆ្នាំជាប់គ្នា ដែលសរុបជាទឹកប្រាក់ប្រមាណ ៤២លានបាត (ប្រហែល ១.៣ លានដុល្លារ) បង្កឱ្យមានការចាប់អារម្មណ៍ជាខ្លាំង។

យោងតាមប្រភពព័ត៌មានបានរាយការណ៍ថា អ្នកមីង Suwana គាត់ជាមនុស្សចិត្តល្អ ឧស្សាហ៍ធ្វើបុណ្យទាន។ កាលពីពេលថ្មីៗកន្លងទៅ  គាត់បានប្រទះឃើញអ្នកលក់ឆ្នោតម្នាក់ ពោរពេញទៅដោយទឹកមុខកម្សត់ ព្រោះគេនៅសល់ឆ្នោតជាច្រើន លក់មិនអស់ ទើបគាត់អាណិតក៏ទៅជួយទិញទាំងអស់ទៅ ដោយមិននឹកស្មានថាត្រូវនោះទេ។ ក្រោយមកគាត់ត្រឡប់មកផ្ទះវិញ រួចក៏កោសឆ្នោតទាំងនោះ ស្រាប់តែត្រូវរង្វាន់ធំឈ្នះបាន ១២ លានបាត (ប្រហែល ៣៧ ម៉ឺនដុល្លារ)។

គាត់មិនបានរំពឹងទុកថា គាត់នឹងឈ្នះឆ្នោតរង្វាន់ធំទេ  គាត់ពិតជាសប្បាយរីករាយជាខ្លាំង។ ដូចជាធម្មតាអីចឹង គាត់បានដកចំណែកខ្លះយកទៅបរិច្ចាគដល់អ្នកខ្វះខាត និងមួយចំណែកទៀតយកទៅបរិច្ចាគក្នុងវត្តដើម្បីសាងសង់វត្តអារាមថ្មី។

គួរឱ្យដឹងផងដែរ នេះមិនមែនជាលើកទីមួយទេ ដែលអ្នកមីងឈ្នះឆ្នោតរង្វាន់ធំ និងយកលុយមួយចំនួនយកទៅបរិច្ចាគបែបនេះ ពោលគឺកាលពីឆ្នាំ ២០១៧ កន្លងទៅ អ្នកមីងក៏ធ្លាប់បានឈ្នះឆ្នោតរង្វាន់ធំបានទឹកប្រាក់រហូតដល់ ៣០ លានបាត (ប្រហែល ៩៣ ម៉ឺនដុល្លារ) ហើយអ្នកមីងបានបរិច្ចាគលុយ ២ លានបាត (ប្រហែល ៦.២ ម៉ឺនដុល្លារ) សាងសង់វត្តអារាមថ្មី ហើយចាប់តាំងពីពេលនោះមក អ្នកមីងតែងធ្វើបុណ្យនៅតាមវត្តអារាមនានាជានិច្ច។

អ្នកមីង Suwana គាត់ពិតជាមនុស្សចិត្តល្អមែន គាត់តែងតែធ្វើបុណ្យទានចំពោះអ្នកក្រ ខ្វះខាត និងធ្វើបុណ្យទានទៅតាមវត្តអារាមនានាជាប្រចាំ មិនត្រឹមតែចិត្តល្អនោះទេ គាត់ក៏ជាមនុស្សមានសំណាងផងដែរ ព្រោះកម្រមានមនុស្សណាដែលអាចឈ្នះឆ្នោតរង្វាន់ធំបានដល់ ២ ឆ្នាំជាប់គ្នាបែបនេះណាស់៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

អ្នកមីង Suwana

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]