Jenny Shih ជាសហគ្រិនស្រីជោគជ័យមួយរូបដែលបានចែករំលែកបទពិសោធន៍អាជីវកម្មជាមួយមនុស្សជាង ២៥,០០០នាក់អំពីគន្លឹះដើម្បីទទួលបានភាពជោគជ័យក្នុងអាជីវកម្មអនឡាញដោយធ្វើការតិចជាង ឬត្រឹម ៣០ម៉ោងក្នុងមួយសប្តាហ៍។ ខាងក្រោមនេះជាចំណុចទាំង ៦  ដើម្បីឈានទៅរកភាពជោគជ័យ៖

#ចំនុចទី១ កំណត់អំពីគុណតម្លៃផ្ទាល់ខ្លួនរបស់អ្នក

នៅក្នុងអាជីវកម្មមួយមានគុណតម្លៃជាច្រើនខុសៗគ្នាដូចជា ភាពជោគជ័យលើផ្នែកហិរញ្ញវត្ថុ ការមានពេលវេលាជាមួយគ្រួសារ សុខភាពល្អ ដំណើរកម្សាន្តជុំវិញពិភពលោក និងភាពច្នៃប្រឌិតជាដើម ដូចនេះជំហានដំបូងដែលអ្នកត្រូវធ្វើគឺកំណត់យកគុណតម្លៃ២ ដែលមានតម្លៃខ្លាំងសម្រាប់អ្នក។ គុណតម្លៃទាំង២នេះ ត្រូវតែជារឿងដែលមានន័យសម្រាប់អ្នក មិនមែនជាអ្វីដែលអ្នកគិតថាគួរទទួលបាន ឬអ្វីដែលរំពឹងទុកពីអាជីវកម្មរបស់អ្នកនោះទេ។

#ចំនុចទី២ ការរៀបចំផែនការពេលវេលា

បន្ទាប់ពីជ្រើសរើសបានគុណតម្លៃទាំង២របស់អ្នករួចហើយ រឿងបន្ទាប់ដែលអ្នកត្រូវធ្វើគឺរៀបចំពេលវេលារស់នៅឱ្យសមស្របតាមគុណតម្លៃដែលអ្នកបានកំណត់។ ឧទាហរណ៍បើអ្នកជ្រើសរើសយកសុខភាពអ្នកត្រូវចំណាយពេលហាត់ប្រាណ។ បើអ្នកជ្រើសរើសយកដំណើរកម្សាន្ត អ្នកត្រូវចំណាយពេលវេលាធ្វើដំណើរ។ ការបែងចែកពេលវេលាការងារឆ្លុះបញ្ជាំងពីទម្លាប់ និងការផ្តល់តម្លៃទៅលើការសម្រេចចិត្តរបស់អ្នក។ ហើយនេះជាគន្លឹះឆ្ពោះទៅរកភាពជោគជ័យ។

#ចំនុចទី៣ ត្រូវមានទំនួលខុសត្រូវចំពោះខ្លួនឯង

ដំបូងអ្នកបង្កើតទម្លាប់ បន្ទាប់មកទម្លាប់នឹងបង្កើតអ្នក។ អ្នកត្រូវមានវិន័យ និងការទទួលខុសត្រូវចំពោះខ្លួនឯង ហើយរឿងចាំបាច់បំផុតគឺការបែងចែកពេលវេលាការងារឱ្យបានច្បាស់លាស់  ព្រោះវានឹងជួយដល់អ្នកងាយស្រួលក្នុងការផ្តោតអារម្មណ៍ទៅលើការងារ និងកាត់បន្ថយការខ្ជះខ្ជាយពេលវេលា ព្រមទាំងបំបាត់នូវទម្លាប់ពន្យាពេលការងារ។

#ចំនុចទី ៤ ត្រូវចេះនិយាយពាក្យថា ទេ

ការមានទំនួលខុសត្រូវចំពោះខ្លួនឯង ទាមទារឱ្យអ្នកត្រូវហ៊ានបដិសេធជាមួយមនុស្សជុំវិញខ្លួន មិនថាគ្រួសារ មិត្តភក្តិ មិត្តរួមការងារ ឬបុគ្គលិករបស់អ្នក។ អ្នកត្រូវបង្កើតព្រំដែនដើម្បីឱ្យអ្នកអាចឈានទៅរកគុណតម្លៃរបស់អ្នក។

#ចំនុចទី ៥ បង្កើតប្រព័ន្ធសម្រាប់អាជីវកម្ម

នៅពេលអ្នកមានចំនុចទាំង៤ខាងលើ អ្នកមានលទ្ធភាពខ្ពស់ឆ្ពោះទៅរកគុណតម្លៃដែលអ្នកប្រាថ្នា ដូចនេះអ្វីដែលអ្នកត្រូវធ្វើបន្ទាប់គឺរៀបចំប្រព័ន្ធការងារ និងផ្ទេរការងារឱ្យបុគ្គលិករបស់អ្នកដូចនេះអ្នកនឹងមានឳកាសបន្ថែមដើម្បីអភិវឌ្ឍន៍ក្រុមហ៊ុនឱ្យរីកចម្រើន។

#ចំនុចទី ៦ ធ្វើការងារដោយគ្មានការប្រថុយប្រថាន

រាល់ដំណាក់កាលនៃការរីកចម្រើនរបស់អាជីវកម្ម តម្រូវឱ្យអ្នកត្រួតពិនិត្យឡើងវិញពីតម្លៃ កាលវិភាគ ប្រព័ន្ធការងារ និងក្រុមការងាររបស់អ្នក។ តាមដានឱ្យបានគ្រប់ជ្រុងជ្រោយនៃអាជីវកម្ម និងអភិវឌ្ឍតាមទីផ្សារជានិច្ច៕

Jenny Shih

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]