ខេត្តព្រះសីហនុ ៖ យ៉ាងហោចណាស់ក៏មានមនុស្សស្រីប្រុសប្រមាណជាង១០នាក់បានរងរបួសធ្ងន់ និងស្រាល ហើយម្នាក់បានស្លាប់នៅនឹងកន្លែងបន្ទាប់ពីត្រូវបានរថយន្តដឹកខ្សាច់ចំណុះ៣តោន បុករះ ខណៈពេលចុះចំណោទ កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ នៅចំណុចចំនោទផ្លូវកាត់វត្តលើ ស្ថិតក្នុងសង្កាត់លេខ០២ ក្រុងព្រះសីហនុ ។
យោងតាមប្រភពពីលោកឧត្តមសេនីយ៍ អ៊ី សុខា ស្នងការងទទួលសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលខេត្តបានអោយដឹងថានៅ មានគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកខ្សាច់មួយគ្រឿងបានបុករះប៉ះទៅលើរថយន្ត ម៉ូតូ និងរថយន្តច្នៃមួយគ្រឿង បណ្តាលអោយមនុស្សជាង១០នាក់បានរងរបួសធ្ងន់ និងស្រាល និងស្លាប់ម្នាក់នៅនឹងកន្លែង ។ នេះបើយោងតាមទូរលេខបឋមនៅកន្លែងកើតហេតុ ប៉ុន្តែភ្លាមនោះត្រូវបានរថយន្តឯកជន និងមន្ទីពេទ្យបង្អែកចំការចេកចំនួន០៣រថយន្តដឹកយកទៅសង្គ្រោះបន្ទាន់ផងដែរ ។
លោកឧត្តមសេនីយ៍អ៊ី សុខា ស្នងការងបានបន្តថា ចំពោះអត្តសញ្ញាណអ្នកស្លាប់ និងអ្នករងរបួសគិតមកដល់ត្រឹមម៉ោង១និង១០នាទីនេះ គេនៅពុំទាន់ស្រង់អស់នៅឡើយទេ ព្រោះជនរងគ្រោះត្រូវបានដឹកចេញទៅសង្គ្រោះនៅមន្ទីពេទ្យផ្សេងគ្នាចំនួន០៣ពេទ្យ ។
ដោយឡែកចំពោះមូលហេតុដែលបណ្តាលអោយមានករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺដោយសារតែរថយន្តដឹកខ្សាច់ទម្ងន់០៣តោន ពណ៌គ្រាប់អំពិល ពាក់ស្លាកលេខ KPS-0576 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ (គេចខ្លួនក្រោយកើតហេតុភ្លាម) បើកចុះចំណោទផ្លូវបេតុងហាមឃាត់បានបុករះរថយន្តច្នៃមួយគ្រឿង ពណ៌ប្រផៃពាក់ស្លាកលេខភ្នំពេញ 2C- 8434 ក្នុងទិសដៅបញ្ច្រាសទិសគ្នាដែលផ្ទុកមនុស្សជាច្រើន រួចបានបន្តទៅបុកកម្មករសំណង់ជនជាតិដែលនៅក្បែរនោះ និង បន្តទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1D 1703 ជិះគ្នាចំនួន០២នាក់ (បញ្ជ្រាសទិស) បណ្តាលអោយបាត់បង់ជិវិត អ្នកបើកបរម៉ូតូនៅនឹងកន្លែង ។
លោកបានបញ្ជាក់ផងដែរថា ត្រង់ចំនុចផ្លូវបេតុនេះសមត្ថកិច្ចជំនាញបានសហការណ៍ជាមួយមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តដាក់រនាំងហាមឃាត់រថយន្តលើសពី២.៥០M ចុះតាមផ្លូវនេះ បើរថយន្តបង្កនេះបានវៀងរនាំងហាមឃាត់ហើយចុះតាមផ្លូវនេះដែលជាផ្លូវចំណោទខ្លាំង ទើបបណ្តាលអោយមានករណីគ្រោះថ្នាក់នេះតែម្តង ។
ហេតុនេះ ដើម្បីបញ្ចៀសនៅហេតុការណ៍អាក្រក់ៗបែបនេះទៀតក្នុងនាមលោកជាមន្ត្រីជំនាញ សូមអំពាវនាវ ហើយអំពាវនាវទៀតដល់ម្ចាស់ក្រុមហ៊ុនដឹកទំនិញទាំងអស់ក៏ដូចជា បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តារួមគ្នាគោរពច្បាប់មិនថា នៅចំនុចកើតហេតុនេះទេ គឺអោយអោយតែនៅលើដងផ្លូវ ត្រូវចេះយោគយល់គ្នា អធ្យាស្រ័យគ្នា ប្រកាន់ច្បាប់ជាគោល ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]