ម៉ាឡេស៊ី៖ ថ្មីៗនេះវីដេអូឃ្លីបមួយ បាននឹងកំពុងតែទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលបុរសជាឪពុកវ័យចំណាស់ម្នាក់ រំភើបចិត្តយ៉ាងខ្លាំង សឹងតែរកអ្វីប្រៀបផ្ទឹមពុំបាន រហូតដល់ថ្នាក់សម្រក់ទឹកភ្នែករលីងរលោង ក្រោយកូនប្រុសសំណព្វចិត្ត ផ្តល់កាដូដ៏ពិសេស នូវរថយន្តទំនើបមួយគ្រឿង។

ឪពុករំភើបយំឈរអោបកូនប្រុស

ជាក់ស្តែង តាមរយៈវីដេអូឃ្លីប ដែលត្រូវបានគេថតបង្ហោះចែកចាយនោះ គឺបានបង្ហាញពីសកម្មភាពរបស់បុរសជាឪពុកម្នាក់ បានយកដៃខ្ទប់មុខ និងជូតទឹកភ្នែក ដោយសារតែក្តីរំភើប បន្ទាប់ពីរូបគាត់បានទទួលសោរឡានពីកូនប្រុស ហើយដឹងថាឡាននោះគឺជាកាដូរសម្រាប់គាត់។

ជាការពិតណាស់ ដំបូងឡើយ បុរសជាឪពុកចំណាស់ខាងលើនេះ ត្រូវបានគេរាយការណ៍ថា រូបគាត់ភ្ញាក់ផ្អើល ឬភាំងយ៉ាងខ្លាំង ក្រោយឃើញរថយន្ត Perodua Bezza ពណ៌ខៀវមួយគ្រឿងចតចោលនៅមុខផ្ទះរបស់គាត់ ដោយពុំដឹងថាជារថយន្តរបស់អ្នកណា។

ប៉ុន្តែក្រោយមក ស្រាប់តែលេចមុខកូនប្រុសរបស់គាត់ បានដើរមកហុចសោរឡានឲ្យគាត់ មុនពេលដែលកូនប្រុសរបស់គាត់ ប្រាប់គាត់ថា នោះគឺជាកាដូរថយន្តសម្រាប់គាត់ហើយ ដែលជាហេតុធ្វើឲ្យបុរសជាឪពុកនេះ រំភើបចិត្តជាខ្លាំង ពេលដឹងការពិត រហូតទាល់តែទប់ទឹកភ្នែកមិនជាប់ យំខ្សឹបខ្សួលឈរអោបកូនប្រុស ពោរពេញដោយក្តីស្រលាញ់ និងភាពកក់ក្តៅ។

យំបណ្តើរ ជូតទឹកភ្នែកបណ្តើរ គាត់ក៏បានសួរតិចៗទៅកាន់កូនប្រុស ទាំងមិនអស់ចិត្តដែរថា «តើពុកកំពុងតែយល់សប្តិមែន? កូន!» ។ 

កាដូរថយន្តដែលទទួលបានពីកូនប្រុស

អ្នកលេងបណ្តាញសង្គមជាច្រើន បានបញ្ចេញមតិ (Comment) ជុំវិញនឹងវីដេអូឃ្លីបនេះ ដោយពួកគេបានលើកឡើងថា នេះគឺជារឿងដ៏គួរឲ្យរំជួលចិត្ត និងកក់ក្តៅបំផុត ដែលកូនៗបានបង្ហាញពីក្តីស្រលាញ់ និងការយកចិត្តទុកដាក់ចំពោះឪពុកម្តាយបែបនេះ ទាំងពោរពេញដោយក្តីរំភើប លាយឡំនឹងទឹកភ្នែក។

អ្នកលេងបណ្តាញសង្គមម្នាក់និយាយថា «គាត់ពិតជាសំណាងខ្លាំងណាស់ ដែលមានកូនដ៏ល្អបែបនេះ» ។ ខណៈឯអ្នកផ្សេងទៀតថា «នេះគឺជារឿងដ៏ល្អបំផុត ដែលគួរតែចែករំលែកឲ្យគ្រប់គ្នាបានឃើញ និងយកគំរូតាម មិនមែនជារឿងដែលគួរឲ្យអស់សំណើច ឬមើលហើយនាំគ្នាសើចចំអកនោះឡើយ»

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]