តៃវ៉ាន់៖ នារីជនជាតិតៃវ៉ាន់ម្នាក់ ខឹងក្តៅចិត្តដូចភ្នំភ្លើងផ្ទុះ ក្រោយតាមទាន់ប្តីសម្លាញ់ចិត្តមានស្រីថ្មី ក៏បើកឡានដេញតាមពីក្រោយ រហូតទៅទុំជាប់ពីលើឡានប្តី ហើយដោយមិនអស់ចិត្ត ចុះដេញវាយនាងស្រីកំណាន់ រត់ត្រណាត់ត្រណែង បង្កឲ្យមានការភ្ញាក់ផ្អើល។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃអង្គារ ទី២៥ ធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ (ចំថ្ងៃបុណ្យណូអែល) នៅត្រង់ចំណុចផ្លូវប្រសព្វ Jincheng Road និង Heping Road ក្នុងតំបន់ Tucheng ទីក្រុងតៃប៉ិ កោះតៃវ៉ាន់។

រូបភាពក្នុងថ្ងៃកើតហេតុ

ជាក់ស្តែង នៅក្នុងថ្ងៃកើតហេតុនោះ គេឃើញរថយន្ត Volvo XC40 SUV ពណ៌សមួយគ្រឿង បានបើកទៅប្រកៀកប្រកិតនឹងរថយន្ត BMW 320i ពណ៌ខ្មៅមួយគ្រឿងទៀត រហូតខាងរថយន្ត Volvo ជាន់ហ្គែរខ្លាំង ស្រាប់តែបះផ្ងារជើងទៅទុំជាប់ពីលើរថយន្ត BMW នោះតែម្តង ដែលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីអ្នកដំណើរជាច្រើន។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ រថយន្តទាំងពីរគ្រឿងនេះ គេឃើញថា ថែមទាំងមានស្លាកលេខ ៤លេខចុងក្រោយដូចគ្នា «៩៥៥៥» ថែមទៀតផង។ ក្រោយមកទើបគេដឹងថា ជុំវិញនឹងគ្រោះថ្នាក់ចរាចរណ៍នេះ គឺជាជម្លោះរវាងប្តីនឹងប្រពន្ធ ដោយសារតែរឿងប្តីមានស្រី។

ប្រភពដដែលបន្តថា មុនឈានដល់ករណីធ្ងន់ធ្ងរ រហូតប្រពន្ធក្តៅចិត្តបើកឡានដេញតាមប្តីបែបនេះ ក៏ព្រោះតែនៅក្នុងថ្ងៃកើតហេតុនោះ នាងប្រពន្ធដើមត្រូវបានគេរាយការណ៍ថា បានដើរស៊បភីង ឬទិញអីវ៉ាន់ក្នុងផ្សារទំនើប ជាមួយនឹងកូនស្រីតូច។ ហើយនៅគ្រានោះ ចៃដន្យនាងក៏ស្រាប់តែប្រទះភ្នែកឃើញប្តីរបស់ខ្លួន កំពុងតែផ្អៀងផ្អងបណ្តើរស្រីផ្សេង យ៉ាងជិតស្និទ្ធក្នុងផ្សារដែរ។ នាងប្រពន្ធដើមខឹងយ៉ាងខ្លាំង ហើយសង្ស័យថា នាងនោះប្រាដកជាស្រីកំណាន់ប្តីរបស់ខ្លួនហើយ។

រូបភាពក្នុងថ្ងៃកើតហេតុ

ក្រោយមកនាងប្រពន្ធដើម ដែលមិនត្រូវបានគេបង្ហាញអត្តសញ្ញាខាងលើនេះ ក៏បានលួចតាមប្តីពីក្រោយជាប់ទាំងក្តៅចិត្តចង់ផ្ទុះ រហូតឡើងឡានជិះរាងៗខ្លួន។ នាងក៏បានជិះដេញតាមពីក្រោយឡាន BMW របស់ប្តី ដែលមាននាងស្រីកំណាន់នៅក្នុងនោះផងដែរ។ ក្រោយប្តីដឹងថា ប្រពន្ធខ្លួនកំពុងតែបើកឡានដេញតាមពីក្រោយ ខ្លួនក៏បានព្យាយាមបើកបន្ថែមល្បឿនដើម្បីគេចខ្លួន និងកុំឲ្យប្រពន្ធតាមទាន់។

ប៉ុន្តែផ្ទុយទៅវិញ ប្រពន្ធចិត្តខ្លាំងបានជាន់ហ្គែរឡើងមួយកប់ដូចគ្នា រហូតដល់ចំណុចប្រកៀកប្រកិតស្រាប់តែអកហ្សើបះជើង ទៅទុំពីលើឡានប្តីតែម្តង។ ក្រោយមកនាងប្រពន្ធដើម ក៏បានប្រញាប់ចុះពីលើឡាន ដើម្បីទៅរករឿងនាងស្រីកំណាន់។

តាមរយៈសាក្សីដែលបានឃើញការណ៍ផ្ទាល់ភ្នែក និងប្រភពពីសារព័ត៌មាន នាងជាប្រពន្ធដើមបានរត់ដេញវាយនាងស្រីកំណាន់ប្តីខ្លួន ហើយនាងស្រីកំណាន់នោះបានរត់រហូតដល់ស្ថានីយរថភ្លើង និងសុំឲ្យគេជួយនាងផងដែរ។

ទោះជាយ៉ាងណា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ពុំបានបង្កឲ្យនរណាម្នាក់រងគ្រោះថ្នាក់នោះឡើយ។

រូបភាពក្នុងថ្ងៃកើតហេតុ

ក្រោយកើតហេតុក៏មានការជួយអន្តរាគមន៍ពីមន្រ្តីប៉ូលិសក្នុងតំបន់ ហើយបុរសជាប្តីក៏បានអះអាងប្រាប់ថា នារីដែលខ្លួនបណ្តើរជាមួយនោះ ពុំមែនជាស្រីកំណាន់របស់លោកនោះទេ ព្រោះថានាងគ្រាន់តែបុគ្គលិកក្រុមហ៊ុនតែប៉ុណ្ណោះ ដែលធ្វើឲ្យប្រពន្ធរបស់លោកមានការយល់ច្រឡំ អំពីទំនាក់ទំនងនាងនិងលោក។ នេះបើយោងតាមការដកស្រង់សម្ដី ពីកាសែត China Times ។

គួរឲ្យដឹងផងដែរថា បើទោះបីជាមានការវែកញែកយ៉ាងណាក្តី ជុំវិញនឹងករណីខាងលើនេះ ប៉ូលិសក៏នៅតែបន្តការងារ និងបានធ្វើការចោទប្រកាន់ទៅលើនារីបង្កហេតុ ពោលគឺនាងប្រពន្ធដើម ដែលជាអ្នកបើកបររថយន្ត Volvo ចំពោះទង្វើប្រព្រឹត្តខុស នៃបទល្មើសប្រឆាំងនឹងសុវត្ថិភាពសារធារណៈ ដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង ដែលនឹងត្រូវចាត់ការបន្តទៅតាមផ្លូវច្បាប់ផងដែរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]