ចិន៖ យើងគ្រប់គ្នាតែងនិយាយលេងសើចថា លក់ក្រលៀនទិញ iPhone ស៊េរីថ្មី ព្រោះវាថ្លៃណាស់ តែបុរសម្នាក់នេះពិតជាលក់ក្រលៀនពិតមែនទែន ហើយវាបានបំផ្លាញជីវិតរបស់លោកទាំងស្រុង។

បុរសម្នាក់មានឈ្មោះ Xiao Wang ហើយកាលពីអាយុ ១៧ ឆ្នាំ នៅជាក្មេងឈាមរាវ លោកបានលក់ក្រលៀនដើម្បីទិញ iPhone 4 ព្រោះកាលនោះ អ្នកដែលមាន iPhone 4 ប្រៀបបានដូចជាព្រះអីចឹងនៅក្នុងសាលារៀន ទើបមនុស្សម្នាជាច្រើននាំគ្នាទិញវា។ ដោយសារតែគ្រួសារលោកក្រ គ្មានលទ្ធភាពទិញ ទើបលោកគិតខ្លីបែបនេះ។ ដូច្នេះលោកក៏ចាប់ផ្តើមរិះរកវិធីរកលុយឱ្យបានលឿន ហើយក្រោយមកលោកត្រូវបានគេប្រាប់ថា មនុស្សមានតែក្រលៀនមួយចំហៀងក៏អាចរស់បានដែរ។ ដូច្នេះលោកក៏សម្រេចចិត្តលក់ក្រលៀនមួយចំហៀងដើម្បីរកលុយ។

iPhone 4

លោកបាននិយាយថា៖ «ក្រលៀនមួយចំហៀងគឺគ្រប់គ្រាន់សម្រាប់ខ្ញុំហើយ។ ហេតុអ្វីខ្ញុំត្រូវការមួយចំហៀងទៀត? ហេតុអ្វីខ្ញុំមិនលក់មួយចំហៀងទៅ?»

ដូច្នេះលោកក៏ស្វែងរកកន្លែងលក់ក្រលៀន ចុងក្រោយរកឃើញមន្ទីរពេទ្យក្រោមដីខុសច្បាប់មួយដែលទទួលទិញក្រលៀន ហើយលោកក៏លក់ក្រលៀនមួយចំហៀងនៅទីនោះ។ លោកទទួលបានប្រាក់ជាង ២២,០០០ យ័ន (ប្រហែល ៣,២០០ ដុល្លារ) ហើយលុយប៉ុណ្ណឹងគ្រប់គ្រាន់សម្រាប់ទិញ iPhone 4 និងសល់លុយចាយទៀត។

ក្រោយមកលោកក៏ធ្វើដំណើរពីខេត្តអានហ៊ុយ ទៅខេត្តចេចូវដើម្បីទិញ iPhone 4។ គ្រូពេទ្យវះកាត់នោះបាននិយាយថា លោកអាចរស់នៅបានជីវិតធម្មតា បន្ទាប់ពីវះកាត់បានមួយអាទិត្យ តែជាអកុសលមិនដូចជាអ្វីដែលគ្រូពេទ្យខុសច្បាប់នោះប្រាប់ទេ ដោយសារកន្លែងវះកាត់នោះគ្មានអនាម័យគ្រប់គ្រាន់ ទើបធ្វើឱ្យលោកឆ្លងជំងឺនៅលើមុខរបួសវះកាត់។ អ្វីកាន់តែអាក្រក់ទៀតនោះគឺថា លោកបានលាក់បាំងរឿងនេះពីឪពុកម្តាយរបស់ខ្លួន ក្រោយមកលោកក៏ធ្លាក់ខ្លួនឈឺធ្ងន់ ទើបឪពុកម្តាយលោកដឹងរឿងនេះ។

មុខរបួសវះកាត់ក្រលៀនរបស់ Xiao Wang

ភ្លាមៗនោះលោកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ តែគួរឱ្យសោកស្តាយ ក្រលៀនរបស់លោកបានឆ្លងមេរោគធ្ងន់ធ្ងរ ហើយគ្រូពេទ្យបានបញ្ជាក់ថា លោកត្រូវស្លាប់មួយចំហៀងខ្លួន ដោយត្រូវគេងនៅលើគ្រែអស់មួយជីវិត។ ក្រោយមកក្រុមគ្រួសារជនរងគ្រោះបានជួបវិបត្តិសេដ្ឋកិច្ច ព្រោះត្រូវចំណាយលុយដើម្បីមើលកូន។

យ៉ាងណាមិញ ប៉ូលិសបានចាប់ខ្លួន និងបិទមន្ទីរពេទ្យក្រោមដីនោះ ហើយទាមទារសំណងបានប្រាក់មួយចំនួនដល់ក្រុមគ្រួសារជនរងគ្រោះ តែជីវិតរបស់ Xiao Wang ត្រូវចប់ទាំងស្រុងមិនអាចដូចដើមបានទេ។ ដូច្នេះសូមប្រិយមិត្តដាច់ខាត មិនត្រូវលក់ក្រលៀន ឬអវៈយវៈណាមួយរបស់អ្នក ដើម្បីតែទិញ iPhone ឬរបស់របរណាមួយជាដាច់ខាត ដើម្បីចៀសវាងរឿងអកុសលដូចជាបុរសម្នាក់នេះ។

មុខរបួសវះកាត់ក្រលៀនរបស់ Xiao Wang

គួរឱ្យដឹងផងដែរ លោក Xiao Wang បានលក់ក្រលៀនកាលពី ៧ ឆ្នាំមុន ហើយបច្ចុប្បន្នស្ថានភាពរបស់លោកនៅតែដដែល ពោលគឺត្រូវសម្រាកនៅលើគ្រែអស់មួយជីវិត៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Xiao Wang
Xiao Wang

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]