ការស្រាវជ្រាវថ្មីបានរកឃើញថា បន្លែស្លឹកបៃតងមានផ្ទុកសារធាតុនីត្រាតអសរីរាង្គ ដែលដើរតួនាទីយ៉ាងសំខាន់ដល់ការការពារ និងការកាត់បន្ថយហានិភ័យនៃជំងឺថ្លើមបង្កឡើងដោយខ្លាញ់ ចំពោះសត្វកណ្តុរដែលគេបានតេស្តពិសោធន៍។

ជំងឺថ្លើមមានច្រើនប្រភេទបង្កឡើងពីកត្តាផ្សេងៗគ្នារាប់តាំងពី វីរុស សុរា និង របបអាហារ ជាដើម។ Non-Alcoholic Fatty Liver Disease (NAFLD) ជាប្រភេទជំងឺថ្លើមបង្កឡើងដោយការកើនឡើង និងប្រមូលផ្តុំនៃសារធាតុខ្លាញ់នៅខាងក្នុង និងជុំវិញសរីរាង្គថ្លើម ដែលបណ្តាលឲ្យកោសិកាថ្លើមរលាក និងរងការខូចខាត។ កត្តានៃជំងឺមួយចំនួនដែលមានជាប់ទាក់ទងជាមួយនឹងហានិភ័យនៃជំងឺនេះ គឺជំងឺធាត់ និងជំងឺទឹកនោមផ្អែមជាដើម។

បច្ចុប្បន្នគេពុំទាន់មានការព្យាបាលច្បាស់លាស់និងត្រឹមត្រូវនៅឡើយទេ ហើយភាគច្រើននៃជំងឺនេះ នៅពេលសារធាតុខ្លាញ់កើនឡើងច្រើនព័ទ្ធជុំវិញទាំងក្នុងនិងក្រៅថ្លើម ទើបជំងឺថ្លើម និងក្រិនថ្លើមក៏មិនអាចចៀសផុតបានដែរ។

វិធីសាស្ត្រព្យាបាល និងបង្ការជំងឺថ្លើមប្រភេទនេះគឺការទទួលទានរបបអាហារដែលមានលំនឹង (ត្រី-សាច់-បន្លែ-ផ្លែឈើ) កាត់បន្ថយចំណីអាហារសំបូរសារធាតុកូលេស្តេរ៉ុលនិងខ្លាញ់ និងជាពិសេសធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់។ កត្តាទាំងអស់នេះ សុទ្ធសឹងជាកត្តាសំខាន់ក្នុងការរក្សាកម្រិតជាតិខ្លាញ់ឲ្យនៅធម្មតា។

ទោះបីយ៉ាងណាការស្រាវជ្រាវថ្មីបានរកឃើញថា សារធាតុនីត្រាតអសរីរាង្គ ទទួលបានពីការហូបបន្លែស្លឹកបៃតងដែលកើតមានឡើងដោយធម្មជាតិ បានចូលរួមចំណែកយ៉ាងសំខាន់ដល់ការកាត់បន្ថយនិងបញ្ឍប់ការប្រមូលផ្តុំសារធាតុខ្លាញ់ចំពោះសរីរាង្គថ្លើម។

គេបានពិសោធន៍ទៅលើសត្វកណ្តុរដោយបែងចែកជា៣ក្រុម និងហូបរបបអាហារផ្សេងៗគ្នា។ ក្រុមកណ្តុរទី១ ត្រូវបានគេដាក់ឲ្យហូបអាហារសំបូរខ្លាញ់រៀងរាល់ពេល រីឯក្រុមទី២ ហូបអាហារសំបូរជាតិខ្លាញ់ និងលាយជាមួយនឹងសារធាតុនីត្រាតអសរីរាង្គ។ ក្រុមទី៣ គ្រាន់តែហូបរបបអាហារធម្មតាតែប៉ុណ្ណោះ។

ជាលទ្ធផលគេឃើញថាក្រុមកណ្តុរទី១ មានសភាពធាត់ខ្លាំង ប៉ុន្តែក្រុមកណ្តុរទី២ ដែលរបបអាហារសំបូរខ្លាញ់មានលាយជាមួយនឹងសារធាតុនីត្រាតអសរីរាង្គ គឺមានអត្រាកើនឡើងជាតិខ្លាញ់តិចនិងយឺតបំផុត។

របកគំហើញនេះនឹងផ្តល់ជាគន្លឹះស្វែងរកថ្នាំព្យាបាលជំងឺថ្លើមបង្កឡើងដោយសារខ្លាញ់  នាពេលអនាគត៕

បន្លែស្លឹកបៃតង
បន្លែស្លឹកបៃតង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]