សុខភាពមាត់ធ្មេញល្អមិនត្រឹមជួយលើកសម្រស់មុខមាត់ទេ  ថែមទាំងចូលរួមចំណែកជួយដល់សុខភាពទូទៅទៀតផង។

ទោះបីលោកអ្នកដុសធ្មេញ ឬការប្រើប្រាស់ទឹកខ្ពុរមាត់ជាប្រចាំក្តី ក៏មិនប្រាកដថាអាចធានាបានសុខភាពមាត់ធ្មេញ ១០០% ឡើយ។  អ្នកខ្លះនៅមានបញ្ហាឈឺធ្មេញ  និងរាក់ស៊ីធ្មេញ ជាដើម។ បញ្ហាទាំងនេះបណ្តាលមកពីរបបអាហារដែលយើងបរិភោគរាល់ថ្ងៃនេះឯង។ ចំណីអាហារសំបូរជាតិស្ករខ្លាំងពេក ជាបញ្ហាចំបងនៃជំងឺពុកធ្មេញ ដែលអាចបង្កបញ្ហាជាច្រើន។

ដូច្នេះបើលោកអ្នកចង់កាត់បន្ថយបញ្ហាមាត់ធ្មេញ យើងត្រូវយល់ដឹងអំពីចំណីអាហារទាំង៤ប្រភេទដែលជួយដល់សុខភាពមាត់ធ្មេញ៖

១. ខ្ទឹមបារាំង

ការហូបខ្ទឹមបារាំងឆៅ ឬ ឆ្អិនតិចៗមានអត្ថប្រយោជន៍យ៉ាងខ្លាំងដល់សុខភាពមាត់ធ្មេញ ព្រោះវាមានផ្ទុកសារធាតុប្រឆាំងនឹងមេរោគ ដែលមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់សម្លាប់និងការពារពីការរីកលូតលាស់នៃមេរោគក្នុងមាត់។  វាក៏ជាភ្នាក់ងារប្រឆាំងនឹងការរលាកកោសិកា  បណ្តេញជាតិពុលពីក្នុងខ្លួន  និងការពារពុកឆ្អឹងទៀតផង។

រូបតំណាង

២. បន្លែស្លឹក

ស្ពៃខាត់ណា ស្ពៃខ្មៅ ស្ពៃក្រញាញ់ ជាដើម ជាប្រភពវីតាមីននិងសារធាតុរ៉ែជាច្រើនដែលល្អយ៉ាងខ្លាំងសម្រាប់សុខភាពមាត់ធ្មេញ។ សារធាតុកាល់ស្យូម ឬ វីតាមីនB និង D  សំបូរក្នុងពពួកបន្លែទាំងនេះ  អាចជួយពង្រឹងកាចាធ្មេញ  ការពារពីជំងឺអញ្ចាញធ្មេញ  និងធ្វើឲ្យធ្មេញរឹងមាំមិនងាយពុក។

រូបតំណាង

៣. បន្លែផ្លែឈើស្រួយៗ

ការហូបពពួកបន្លែផ្លែឈើដូចជា ផ្លែប៉ោម ការ៉ុត ជាដើម ជាភ្នាក់ងារសម្អាតមាត់ធ្មេញដ៏ល្អ ព្រោះជួយបង្កើនលំហូរទឹកមាត់ ដែលអាចនាំយកចេញបាក់តេរី កាកសំណល់ កំទេចកំទីចំណីអាហារតាមចន្លោះៗធ្មេញ ពេលយើងដុសធ្មេញពុំបានស្អាតល្អ។ ផ្លែឈើបន្លែប្រភេទនេះសំបូរជាតិកាកសរសៃ វីតាមីនAនិងC ដែលល្អខ្លាំងសម្រាប់សុខភាពអញ្ចាញធ្មេញយើង។

រូបតំណាង

៤. តែ

ពិសាតែពុំដាក់ជាតិផ្អែម ជាពិសេស តែបៃតង ឬ តែខ្មៅ  អាចជួយបំបាត់សារធាតុពុលបញ្ចេញដោយបាក់តេរីក្នុងមាត់ និងកាត់បន្ថយការលូតលាស់បាក់តេរីលើផ្ទៃធ្មេញ និងអណ្តាត។ វាជួយកាត់បន្ថយហានិភ័យជំងឺអញ្ចាញធ្មេញ និងជំងឺពុកធ្មេញ។ ក្រៅពីនេះ កាត់បន្ថយដុំកករកម្អែលតាមជើងធ្មេញ និងជួយកាត់បន្ថយក្លិនមាត់ទៀតផង។

ទោះបីជាយ៉ាងណា ការពិសាច្រើនញឹកញាប់ ដោយមិនបានខ្ពុរមាត់ ឬ ដុសធ្មេញទេ អាចបណ្តាលឲ្យធ្មេញឡើងលឿងផងដែរ ហេតុនេះកុំចោលការដុសធ្មេញជាប្រចាំ៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]