រាល់ប្រភេទសារធាតុចិញ្ចឹមណាក៏ដោយ សុទ្ធសឹងជាតម្រូវការចាំបាច់សម្រាប់ភាពរឹងមាំ  ការលូតលាស់  និងការសាងសង់នៃរាងកាយយើង។  វីតាមីន B2  ត្រូវបានចាត់ទុកជាប្រភេទវីតាមីនមួយដ៏សំខាន់ខ្លាំងសម្រាប់សុខភាពនៃរាងកាយទាំងមូល។

ឥទ្ធិពលរបស់ វីតាមីន B2  ប្រឆាំងនឹងការវិវឌ្ឍន៍នៃកោសិកាមហារីក ជាមុខងារយ៉ាងចំបងមួយដែរ។ អាហារល្អៗសំបូរវីតាមីន B2 មានដូចជា៖ បន្លែបៃតងគ្រប់ប្រភេទ ផ្សិត ស៊ុត ត្រី សាច់គោ ឈីស ទឹកដោះគោស្រស់ ជាដើម។

ខាងក្រោមជាអត្ថប្រយោជន៍មួយចំនួនទទួលបានពីការបរិភោគអាហារសំបូរវីតាមីន B2៖

១. ប្រឆាំងនឹងបញ្ហាឈឺក្បាល

វីតាមីន B2 ត្រូវបានគេស្រាវជ្រាវរកឃើញថា អាចប្រើប្រាស់សម្រាប់ព្យាបាល អាការឈឺក្បាលមួយចំហៀងក្បាល ឬឈឺក្បាលប្រកាំង។ ជាក់ស្តែងវេជ្ជបណ្ឌិតតែងប្រើប្រាស់វេជ្ជបញ្ជានៃថ្នាំដែលមានផ្ទុកសារធាតុ Riboflavin ឬវីតាមីនB2 នេះឯង ក្នុងកម្រិត ៤០០មីលីក្រាមក្នុងមួយថ្ងៃ សម្រាប់រយៈពេល៣ខែ ដើម្បីព្យាបាលជំងឺឈឺក្បាលប្រកាំង។

២. ទ្រទ្រង់សុខភាពភ្នែក

ការសិក្សាមួយចំនួនបានបង្ហាញថា កង្វះសារធាតុវីតាមីនB2 បានបង្កើនហានិភ័យនៃបញ្ហាភ្នែកមួយចំនួនដូចជា Glaucoma (ជំងឺអៀងស៊ីភ្នែក)  ធ្វើឲ្យភ្នែកចុះខ្សោយខ្លាំង ហើយអាចធ្ងន់ធ្ងររហូតដល់ពិការភ្នែក។

ទើបការបំពេញរបបអាហារសំបូរវីតាមីនB2 ជួយបង្ការពីបញ្ហាភ្នែកទាំងឡាយ មិនមែនតែ Glaucoma ទេ សូម្បីជំងឺឡើងបាយ ជំងឺឡើងប៉ោងកញ្ចក់ភ្នែក ជាដើម។

ការស្រាវជ្រាវបានរកឃើញទំនាក់ទំនងរវាងការទទួលទានអាហារសំបូរសារធាតុ Riboflavin ឬ វីតាមីនB2 ជាមួយនឹងការកាត់បន្ថយហានិភ័យនៃបញ្ហាភ្នែក។

៣. ទប់ស្កាត់ និងព្យាបាលបញ្ហាខ្វះគ្រាប់ឈាមក្រហម

ជំងឺខ្វះគ្រាប់ឈាមក្រហម ជាអាការនៃជំងឺ ដែលបរិមាណនៃគ្រាប់ឈាមក្រហមមានទាបជាងធម្មតា  អាចបណ្តាលមកពីកត្តាសែន មេរោគ និងសារធាតុពុលទទួលបានពីបរិស្ថានខាងក្រៅ។

កង្វះនៃគ្រាប់ឈាមក្រហម អាចប៉ះពាល់យ៉ាងខ្លាំងដល់ដំណើរការទូទៅនៃរាងកាយ រាប់តាំងពីការផ្លាស់ប្តូរនៃឧស្ម័ននិងការដឹកជញ្ជូនសារធាតុចិញ្ចឹមទៅកាន់កោសិកាទូទាំងរាងកាយ  និងមេតាបូលីសកោសិកា ដែលសុទ្ធសឹងជាមេកានិចជីវសាស្ត្ររៀងរាល់វិនាទីដើម្បីឲ្យយើងរស់រានមានជីវិត។

បើទោះបីជាយ៉ាងណាក៏ដោយ វីតាមីន B2 បានចូលរួមចំណែកយ៉ាងសំខាន់ផលិតកោសិកាគ្រាប់ឈាមក្រហម  កាត់បន្ថយហានិភ័យនៃការវិវឌ្ឍន៍នូវជំងឺខ្វះគ្រាប់ឈាម។ 

៤. ប្រឆាំងនឹងរ៉ាឌីកាល់សេរី

រ៉ាឌីកាល់សេរី ឬ សារធាតុពុលភាគច្រើន ជាដើមហេតុនៃការបង្កជំងឺផ្សេងៗ និងការវិវឌ្ឍន៍នៃកោសិកាមហារីក។

ទោះបីយ៉ាងណាវីតាមីនB2 បានដើរតួនាទីពង្រឹងប្រព័ន្ធភាពសុំារាងកាយប្រឆាំងនឹងមេរោគទាំងឡាយ។ វាបានចូលរួមចំណែកការពារជំងឺតាមបណ្តាយប្រព័ន្ធរំលាយអាហារ ដែលជាទីតាំងនៃប្រព័ន្ធការពាររាងកាយយ៉ាងច្រើន។ កាលណាយើងមានប្រព័ន្ធរំលាយអាហារល្អ និងរឹងមាំ វាជួយបង្កើនភាពស្រួលដល់ការស្រូបយកសារធាតុចិញ្ចឹមផ្សេងៗទទួលបានពីចំណីដើម្បីផ្តល់ឲ្យកោសិកា។ ដូច្នេះកង្វះនៃវីតាមីនB2 អាចប៉ះពាល់ដល់ដំណើរការប្រព័ន្ធរំលាយអាហារ។

វីតាមីនB2 ជាសារធាតុដើរតួនាទីយ៉ាងសកម្មទប់ស្កាត់ និងកាត់បន្ថយហានិភ័យទាំងឡាយនៃរ៉ាឌីកាល់សេរី។ ការសិក្សាមួយចំនួនបានរកឃើញថា សារធាតុRiboflavin ឬហៅថាវីតាមីនB2 ជាមួយនឹងវីតាមីនBប្រភេទផ្សេងៗមួយចំនួនទៀត មានឥទ្ធិពលវិជ្ជមានទប់ស្កាត់ការវិវឌ្ឍន៍ជំងឺមហារីកពោះវៀនធំ បំពង់ក ឆ្អឹងកងខ្នងCervica មហារីកសុដន់ និងក្រពេញប្រូស្តាតទៀតផង។

ដូច្នេះការរួមបញ្ចូលរបបអាហារសំបូរវីតាមីនB2ឲ្យបានច្រើន ដើម្បីសុខភាពរឹងមាំ និង ចៀសឆ្ងាយពីជំងឺ។

អាហារល្អសំបូរទៅដោយ Vitamin B2 មានដូចជា៖

បន្លែបៃតងគ្រប់ប្រភេទ ផ្សិត ស៊ុត ត្រី សាច់គោ ឈីស ទឹកដោះគោស្រស់ ជាដើម៕

អាហារ ដែលជាប្រភពនៃវីតាមីនB2

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]