ចិន៖  បុរសម្នាក់បានដើរទៅស្កាត់ម៉ូតូបុរសចំណាស់ម្នាក់ទៀត ហើយសួរគាត់ថា " នៅចាំខ្ញុំបានទេ? "។ ក្រោយមកទៀតបុរសចិនម្នាក់នេះ ក៏បានលើកដៃទះមុខបុរសចំណាស់ជិះលើម៉ូតូប៉ុន្មានកំផ្លៀងយ៉ាងពេញទំហឹង ដើម្បីជាការសងសឹកនូវរឿងរ៉ាវដែលបានកើតឡើងកាលពី ២០ឆ្នាំមុន។  នេះយោងតាមសារព័ត៌មាន South China Morning Post ចេញផ្សាយថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១៨

ឥឡូវនេះបុរសចិនដែលបានបញ្ចេញកំហឹងដោយការទះកំផ្លៀងទៅបុរសចំណាស់ម្នាក់នោះត្រូវបានសមត្ថកិច្ចចិនធ្វើការឃាត់ខ្លួនហើយ។  ក្រោយការចាប់ខ្លួន បុរសដែលជាជនដៃដល់មាននាមត្រកូល Chang អាយុ ៣៣ឆ្នាំ ជាអតីតសិស្សម្នាក់ដែលធ្លាប់រៀនជាមួយបុរសចំណាស់ដែលជិះម៉ូតូនោះ។ បុរសចំណាស់ដែលជាជនរងគ្រោះមាននាមត្រកូល Zhang  មុខរបរជាគ្រូបង្រៀនអង់គ្លេសនៅវិទ្យាល័យមួយស្ថិតក្នុងតំបន់ Luanzhou ។ 

មូលហេតុនាំឲ្យមានហេតុការណ៍នេះកើតឡើង ដោយសារកាលពី ២០ឆ្នាំមុន ជនដៃដល់ត្រកូល Chang  ធ្លាប់ជាសិស្សម្នាក់របស់លោក Zhang។  គ្រានោះសិស្ស Chang ធ្លាប់បានដេកនៅក្នុងថ្នាក់ អំឡុងពេលគ្រូកំពុងបង្រៀនមេរៀន។ ស្រាប់តែគ្រូ Zhang ទ្រាំមិនបានក៏បានឲ្យសិស្ស Chang លុតជង្គង់នៅក្នុងថ្នាក់។ បន្ទាប់មក លោកគ្រូ Zhang បានទាត់គេ ១០ជើងចំកណ្តាលក្បាល។

រឿងនេះហើយដែលធ្វើឲ្យលោក Chang មានគំនុំគុំគួនមកទល់សព្វថ្ងៃ។ រហូតដល់ថ្ងៃមួយ គេបានប្រទះឃើញអតីតគ្រូបង្រៀនអង់គ្លេសម្នាក់នេះជិះម៉ូតូលើដងផ្លូវ  ក៏ស្ទាក់វាយយកតែម្តង។

តាមខ្សែវីដេអូខាងក្រោមបានបង្ហាញពីសកម្មភាពរបស់លោក Chang ទះមុខអតីតគ្រូរបស់គាត់ទាំងកំរោល។ ចំណែកគ្រូបង្រៀនអង់គ្លេសរងគ្រោះរូបនេះមិនត្រឹមមិនតដៃទេ ថែមទាំងនិយាយសុំទោសលោក Chang ម្តងហើយម្តងទៀតទាំងទឹកមុខភ័យខ្លាច។  យោងតាមសម្តីរបស់ជនដៃដល់បានសរសេរលើបណ្តាញសង្គមចិន Weibo មុនពេលចាប់ខ្លួនថា "ខ្ញុំសូមសុំទោសដល់គ្រូទាំងអស់, លើកលែងតែលោក Zhang មួយចេញ"

មានវីដេអូនៅខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]