(ភ្នំពេញ)៖ រយៈពេល​០២សប្តាហ៍ ចាប់ពីដើមខែធ្នូមក អាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវបង្ក្រាបករណីគ្រឿងញៀន ជាច្រើន​មិនតិចជាង​១៦លើក ឃាត់ខ្លួនជនសង្ស័យបាន​៧៦នាក់ រួម​និងក្រាមពណ៌សថ្លា​២០៥កញ្ចប់ (ប្រភេទម៉ាទឹកកក) នៅចំណុចទីតាំងផ្សេងៗគ្នា ក្នុងភូមិសាស្រ្តរបស់មូលដ្ឋានខណ្ឌទាំង១២ ចំណុះក្នុងបញ្ជាការដ្ឋានរាជធានីភ្នំពេញ។

អ្វីគួរឲ្យចាប់អារម្មណ៍នោះ គឺកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រមូលជនសង្ស័យប្រុសស្រី​២៤នាក់ ​និងក្រាមពណ៌សថ្លា​១២កញ្ចប់ (ប្រភេទម៉ាទឹកកក) បញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ ដែលពួកគេទាំងនោះ ត្រូវបាន​កម្លាំងមូលដ្ឋានខណ្ឌដូនពេញ​, ខណ្ឌជ្រោយចង្វារ ​សហការជាមួយការិយាល័យជំនាញស្រាវជ្រាវបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានកាលពីថ្ងៃទី០៩ និងទី១០ ខែធ្នូ ឆ្នាំ២០១៨។

តែរំលងមិនទាន់បាន​០២ថ្ងៃ ស្រួលបួលផង គឺកាលពីថ្ងៃទី១២ និងទី១៣ ខែធ្នូ ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ​និងកម្លាំងមូលដ្ឋានខណ្ឌទាំង១២ នៃរាជធានីភ្នំពេញ បានបន្តស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ​២៤នាក់បន្ថែមទៀត ដែលជាប់ពាក់ព័ន្ធករណីគ្រឿងញៀន យកមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការឃុំខ្លួនបណ្តោះអាសន្ន រងចាំធ្វើការសួរចម្លើយ និងកសាងសំណុំរឿងបញ្ជូន ទៅតុលាការ​ដើម្បីចាត់ការបន្តតាមច្បាប់។

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជភ្នំពេញ បានបញ្ជូនជនសង្ស័យ​២២នាក់ និងថ្នាំក្រាមពណ៌សថ្លា​៩៤កញ្ចប់ ទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់។ ពួកគេទាំង ២២នាក់នេះ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ​, ខណ្ឌដូនពេញ​, ខណ្ឌព្រែកព្នៅ ​សហការជាមួយសមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបាននៅចំណុចភូមិសាស្រ្តខណ្ឌរៀងៗខ្លួន នៃរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ និងទី១៣ ខែធ្នូ ឆ្នាំ២០១៨។

ក្រោមវិធានការជំនាញ នៃការសួរចម្លើយរបស់សមត្ថកិច្ចជំនាញ ការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ពួកគេទាំង​២៤នាក់​ខាងលើ បានសារភាពឲ្យដឹងថា ពិតជាជាប់ករណីគ្រឿងញៀនពិតប្រាកដមែន ហើយគ្រឿងញៀនទាំងអស់ក៏ជារបស់ពួកគេផងដែរ ទើបសមត្ថកិច្ចអាវុធហត្ថ បានប្រមូលវត្ថុតាង និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ​ដើម្បីចាត់ការបន្តតាមច្បាប់៕

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]