អាមេរិក៖ ក្រោយចំណាយពេលជាង ៦ ខែ ហែលទឹកឆ្លងមហាសមុទ្រ ដោយចាប់ផ្តើមពីដែនទឹកនៅប្រទេសជប៉ុន ទីបំផុតបុរសជនជាតិបារាំងម្នាក់បានទៅជាន់ដីឆ្នេរខ្សាច់នៃកូនកោះអូអាហ៊ូ ដែលជាផ្នែកមួយនៃកម្រងកោះហាវ៉ៃ នៃសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។

បុរសដែលហែលទឹក ពីជប៉ុនដល់ហាវ៉ៃ

តាមពិតបំណងធំបំផុតរបស់បុរសវ័យ ៥១ ឆ្នាំដែលមានឈ្មោះថា Benoît "Ben" Lecomte គឺហែលឆ្លងមហាសមុទ្រប៉ាស៊ីហ្វិកឱ្យបានមុនគេក្នុងប្រវត្តិសាស្ត្រ ប៉ុន្តែអាកាសធាតុអាក្រក់ និងឧបសគ្គផ្សេងៗទៀតបានបង្ខំឱ្យគាត់បោះបង់គោលដៅធំនេះ។ ទោះយ៉ាងណា គោលដៅហែលឱ្យដល់រដ្ឋសាន់ហ្វ្រាន់ស៊ីស្កូ នៅតែរក្សាដដែល ដើម្បីលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់នៃសំរាមប្លាស្ទិកក្នុងមហាសមុទ្រ ដោយគាត់បានរៀបរាប់ថា រូបគាត់និងក្រុមការងារបានប្រទះសំណល់ប្លាស្ទិកច្រើនណាស់ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។

លោក Lecomete និងកូនៗ

"ជួនកាល យើងហែលទឹកដោយមានត្រីបាឡែននៅជុំវិញខ្លួន ប៉ុន្តែដប់នាទីក្រោយមក ស្រាប់តែមានប្លាស្ទិកដ៏ធំមួយអណ្តែតក្បែរនោះ។ ប្លាស្ទិកភាគច្រើនសុទ្ធតែវត្ថុដែលយើងប្រើប្រាស់តាមផ្ទះ លុះឃើញជីវិតសត្វសមុទ្រជួបសភាពបែបនេះ វាពិតជាទើសចិត្តខ្លាំងមែនទែន។ យើងឧស្សាហ៍ឃើញសំរាមប្លាស្ទិករៀងរាល់ ៣ នាទីម្តង និងបានប្រមូលកម្ទេចកម្ទីប្លាស្ទិកជាង ១០០ នៅរៀងរាល់កន្លះម៉ោងដែលពួកយើងបង់សំណាញ់ម្តងៗ។" លោក Lecomte បានបញ្ជាក់ដូច្នេះ ព្រមទាំងបន្ថែមថា "ពេលនេះ មហាសមុទ្រកំពុងជួបគ្រោះថ្នាក់។ ប្រសិនបើមិនរកវិធីស្តារឡើងវិញក្នុងរយៈពេល ២-៣ ឆ្នាំទៀតទេ នោះវានឹងរឹតតែពិបាក"។

ក្រុមការងាររបស់លោក Lecomte

គួរបញ្ជាក់ថា លោក Lecomete បានចាប់ផ្តើមហែលទឹកពីខេត្តឆូស្ស៊ិ នៃប្រទេសជប៉ុន នៅថ្ងៃទី ៥ ខែមិថុនា ដោយមានក្រុមការងារជិះនាវាធុនតូចមួយអមដំណើរ។ គាត់បានដាក់គោលដៅថាត្រូវហែលឱ្យបាន ៨ ម៉ោង/ថ្ងៃ និងឱ្យបាន ៤៨ គីឡូម៉ែត្រជាមធ្យម។ ក្រោយហែលចប់ក្នុងថ្ងៃនីមួយៗ ក្រុមការងារបានចុចទីតាំងជីភីអេស រួចត្រឡប់មកទីតាំងនោះវិញ បន្ទាប់ពីសម្រាកទល់ភ្លឺ។ ថ្វីបើក្រុមការងារនេះមិនបានបញ្ជាក់ពីចម្ងាយសរុបដែលគាត់បានហែលឆ្លងក៏ពិតមែន ប៉ុន្តែបើតាមវេបសាយមួយ ចម្ងាយពីប្រទេសជប៉ុនទៅដល់កោះហាវ៉ៃ គឺប្រមាណ ៦,៦១១ គីឡូម៉ែត្រ៕ 

ចម្ងាយពីជប៉ុនទៅកោះហាវ៉ៃ

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]