ហ្វីលីពីន៖ នេះគឺជាវីដេអូដ៏ក្រៀមក្រំ ដែលអាចធ្វើឲ្យអ្នកទស្សនាហើយ អាណិតស្រក់ទឹកភ្នែក ចំពោះកូនឆ្កែអនាថាដ៏គួរឲ្យកំសត់មួយក្បាលនេះ ដែលខំប្រឹងកាយមីស៊ីដើម្បីចម្អែតក្រពះ ប៉ុន្តែបែរជាត្រូវហូរចេញមកវិញតាមបំពង់.ក យ៉ាងសង្វេគ។

រូបភាព៖ ឆ្កែអនាថាដ៏កំសត់

ឆ្កែអនាថាកំសត់នេះ ត្រូវបានប្រទះឃើញដោយអ្នកលេងហ្វេសប៊ុកម្នាក់ ឈ្មោះថា លោក John Paolo Santiago Navea ខណៈពេលដែលវាកំពុងតែអោនផឹកទឹកគគ្រិច (ទឹកសាប៊ូ) នៅផ្លូវ ក្នុងតំបន់ Angat ភាគខាងជើងខេត្ត Bulacan ប្រទេសហ្វីលីពីន។

ក្រោយបានឃើញស្ថានភាពដ៏គួរឲ្យអាណិត និងហាក់ស្រេកឃ្លានបែបនេះ លោក Santiago Navea ក៏បាននាំយកឆ្កែនេះមក និងបានដាក់ចំណីមីឲ្យវាស៊ីផងដែរ។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ លោក Santiago Navea ស្រាប់តែឃើញឆ្កែនោះ ហូរមីចេញមកវិញតាមបំពង់របស់វា។

លោក Santiago Navea ក៏បានថតជាវីដេអូ និងបានសរសេររៀបរាប់យ៉ាងដូច្នេះ នៅលើបណ្តាញសង្គមថា៖

«ខណៈពេលដែលខ្ញុំកំពុងតែមើលឆ្កែមួយក្បាលនេះស៊ីអាហារនោះ ស្រាប់តែឃើញសរសៃមីហូរចេញតាមបំពង់.ករបស់វាមកវិញ ម្តងហើយម្តងទៀត។ ហើយនៅពេលដែលខ្ញុំដើរទៅជិតវា ដើម្បីពិនិត្យមើល ក៏ស្រាប់តែឃើញបំពង់.កវាដាច់ប្រហោងគ្រហូៗ។ ខ្ញុំជឿជាក់ថា កូនឆ្កែដ៏គួរឲ្យអាណិតនេះ ទំនងជាត្រូវគេប្រុងអារកសម្លាប់ហើយ ប៉ុន្តែប្រហែលជាត្រូវវារត់គេច បានត្រឹមប៉ុណ្ណឹង» ។

នៅក្នុងនោះ លោក Santiago Navea ក៏បានបន្ថែមដែរថា គួរតែបញ្ឈប់សកម្មភាពបែបនេះលើសត្វទៀតទៅ។ ហើយលោកក៏បានជំរុញឲ្យម្ចាស់ឆ្កែចិញ្ចឹមទាំងអស់ ប្រសិនណាខឹងសម្បា ឬលែងត្រូវការពួកវាហើយនោះ គួរតែយកពួកវាទៅឲ្យអាជ្ញាធរពាក់ព័ន្ធទទួលចិញ្ចឹម ជាជាងប្រលែងពួកវាចោលឲ្យអនាថាតាមផ្លូវ ឬវាយធ្វើបាប កាប់សម្លាប់ ក្នុងរូបភាពដ៏គួរឲ្យសង្វេគនោះអី។

រូបភាព៖ ឆ្កែអនាថាដ៏កំសត់ត្រូវបានយកមកពេទ្យ

គួរឲ្យដឹងផងដែរថា បើគិតមកទល់ពេលនេះ វីដេអូឃ្លីបនេះ ទទួលបានអ្នកចុចចូលទស្សនាខ្ទង់ជិត ៤លានដង និងចំនួន Like Share ជាច្រើនម៉ឺននាក់ឯណោះ។ ក្នុងនោះ អ្នកលេងបណ្តាញសង្គមជាច្រើន ក៏បានសម្ដែងការឈឺចាប់ខ្លោចផ្សារ ក្រោយបានឃើញសភាពឆ្កែដ៏គួរឲ្យអាណិតនេះផងដែរ។

តាមរយៈការឆ្លើយឆ្លងនៅក្នុងការបញ្ចេញមតិ (Comment) លោក Santiago Navea បាននិយាយថា លោកនឹងយកឆ្កែអនាថានេះទៅចិញ្ចឹម ជាមួយនឹងមិត្តភក្តិរបស់លោក ហើយនឹងយកវាទៅគ្លីនិកពេទ្យសត្វដើម្បីព្យាបាលរបួសឲ្យវាផងដែរ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]