ម៉ាឡេស៊ី៖ សម័យ ២០១៨ ជិតឆ្លងចូល ២០១៩ ទៅហើយ តើអ្នករស់នៅទីក្រុងណាដែលមិនប្រើទូរសព្ទទំនើបនោះ? បើមិនទាំងអស់ក៏ភាគច្រើនដែរ ជាពិសេសគឺ iPhone តែម្តង។ ដោយសារការតម្រូវចិត្តកូនព្រោះចិត្តស្រលាញ់ ចង់ឱ្យកូនចេះប្រើឧបករណ៍ទំនើបទាន់សម័យ និងចង់លើកទឹកចិត្តកូនក្នុងការរៀនសូត្រផង ទើបឳពុកម្តាយមួយចំនួនព្រមចំណាយលុយទិញឧបករណ៍ថ្លៃៗឱ្យពួកគេ ថ្វីបើរកបានទាំងលំបាកក៏ដោយ។

កូនស្រីចុះកិច្ចសន្យាដើម្បីបាន iPhone

ទោះយ៉ាងណា ដើម្បីទប់ស្កាត់ការប្រើប្រាស់ខុសគោលដៅ ដែលអាចឈានដល់ការខាតពេលរៀនសូត្រ ឬធ្លាក់ក្នុងសភាពញៀនលេងផ្តេសផ្តាស ថ្មីៗនេះ ឳពុកម្តាយជនជាតិម៉ាឡេស៊ីក្នុងគ្រួសារមួយ បានដាក់កិច្ចសន្យាដែលមានលក្ខខណ្ឌ ១២ ចំណុច ដោយមិនបង្ខំឱ្យកូនស្រីរបស់ខ្លួនចុះហត្ថលេខាឡើយ ប៉ុន្តែបើមិនព្រមស៊ីញ៉េធ្វើតាម គឺពួកគាត់មិនទិញឱ្យប្រើដាច់ខាត។

ដូច្នេះទោះចង់ឬមិនចង់ក្មេងស្រីវ័យ ១០ ឆ្នាំឈ្មោះ Yasmine ដែលស្រលាញ់ iPhone ស្ទើរលេបទៅហើយបានបង្ខំចិត្តយល់ព្រមចុះកិច្ចសន្យា "កម្ចីទិញទូរសព្ទដែលអាចពន្យារបានមួយឆ្នាំ" និងត្រូវធ្វើតាមខសន្យាទាំង ១២ ដូចខាងក្រោម៖

កូនស្រីចុះកិច្ចសន្យាដើម្បីបាន iPhone

១. សូត្រធម៌រាល់ព្រឹក

២. សាកថ្មរហូតដល់ពេញ

៣. ដកឆ្នាំងសាកពីទូរសព្ទភ្លាម ពេលសាកថ្មពេញ

៤. មិនត្រូវប្រើដល់អស់ថ្មរលីង ព្រោះអាចធ្វើឱ្យឆាប់ខូចថ្ម

៥. ហាមប្រើទូរសព្ទរបស់ឳពុកម្តាយ

៦. ហាមប្រើទូរសព្ទក្នុងបន្ទប់ទឹក

៧. ហាមយកទូរសព្ទទៅសាលា

៨. ហាមប្រើទូរសព្ទនៅតុញ៉ាំអាហារ

៩. ត្រូវសុំការអនុញ្ញាតជាមុន ប្រសិនបើចង់ទាញយកកម្មវិធីថ្មីៗ

១០. ត្រូវអានព្រះគម្ពីរ កូរ៉ាន់ រាល់ថ្ងៃ ឬយ៉ាងតិច ៦ ដងក្នុងមួយសប្តាហ៍

១១. ហាមហៅទូរសព្ទទៅមិត្តភក្តិ ពេលដើរលេងជាមួយគ្រួសារ

១២. ហាមគេចម៉ោងរៀន។ 

បងស្រីរបស់នាងតូចនេះ បង្ហោះរូបតាមបណ្តាញសង្គម

ប្រសិនបើ Yasmine បំពានលក្ខខណ្ឌណាមួយ ទូរសព្ទ iPhone របស់នាងនឹងត្រូវដកហូតដោយយឳពុករបស់ខ្លួនវិញ។ បើតាមបងស្រីបង្កើតរបស់នាងតូចនេះ ប៉ាម៉ាក់របស់ពួកគេពិតជាតឹងរ៉ឹងណាស់ចំពោះលក្ខខណ្ឌទាំងនេះ ហើយព្រមទាំងបញ្ជាក់ថា ពួកគាត់មិនបានស្ទាក់ស្ទើរនឹងដកហូតកុំព្យូទ័រយួរដៃវិញទេ នៅពេលនាងបំពានចំណុចមួយចំនួន កាលពីនៅជំទង់។

អាស្រ័យហេតុនេះ យើងអាចចាត់ទុកថា ទង្វើរបស់ឳពុកម្តាយទាំងពីរនេះ ជាវិធានការដ៏សមស្របមួយដើម្បីអនាគតកូនទៅថ្ងៃក្រោយក៏ថាបាន ព្រោះបច្ចុប្បន្ននេះ ឧបករណ៍អេឡិចត្រូនិចជាអាវុធមុខពីរសម្រាប់ក្មេងៗជំនាន់ក្រោយ៕ 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]