ពីមួយឆ្នាំទៅមួយឆ្នាំគេប្រមាណឃើញថា មានមនុស្សប្រហែល១០លាននាក់ កំពុងប្រឈមមុខនឹងហានិភ័យនៃបញ្ហាបាក់តេរីផ្សាំជាមួយថ្នាំផ្សះ។  នេះជាបញ្ហាមួយដ៏ធ្ងន់ធ្ងរដល់អាយុជីវិត ព្រោះមិនត្រឹមប៉ះពាល់ដល់ប្រសិទ្ធភាពនៃការព្យាបាលអ្នកជំងឺទេ  ថែមទាំងប៉ះពាល់ដល់យុទ្ធសាស្ត្រមួយចំនួនក្នុងការព្យាបាលទៀតផង។

បញ្ហារេស៊ីស្តង់រវាងបាក់តេរីជាមួយថ្នាំផ្សះ បណ្តាលមកពីការប្រើប្រាស់ថ្នាំមិនត្រឹមត្រូវតាមវេជ្ជបញ្ជា ឬក៏ពុំមានចំណេះដឹងសោះទាក់ទងនឹងរបៀបប្រើប្រាស់ថ្នាំអង់ទីប្រូទិច។ ជាហេតុធ្វើឲ្យបាក់តេរីមានភាពស៊ាំជាមួយនឹងថ្នាំ ហើយធ្វើឲ្យវាកាន់តែចាប់ផ្តើមបង្កើតជាបញ្ហាដល់ការស្រាវជ្រាវរកថ្នាំដែលខ្លាំងជាងមុនទៀត ដើម្បីសម្លាប់វា ពោលគឺល្បឿននៃកាវិវឌ្ឍរបស់បាក់តេរី លឿនជាងល្បឿននៃការស្រាវជ្រាវរបស់វេជ្ជសាស្ត្រ។

ជាក់ស្តែងបញ្ហារេស៊ីស្តង់នឹងពពួកមេរោគ ស៊ូដូមូណាស់ អេរុកជីណូសា  (Pseudomonas aeruginosa) បង្កជំងឺរលាកផ្លូវដង្ហើម និងផ្លូវតម្រងនោម ដែលបង្កបញ្ហាយ៉ាងធ្ងន់ធ្ងរចំពោះសុខាមាលភាព ថវិកាចំណាយជាតិ និងប្រជាជនយ៉ាងច្រើន។  បញ្ហារេស៊ីស្តង់នេះអាចបណ្តាលឲ្យការព្យាបាលនឹងមិនទទួលបានជោគជ័យទៀតផង។

ទោះបីយ៉ាងណា  ការស្រាវជ្រាវថ្មីនៃវិទ្យាស្ថានបច្ចេកវិទ្យានៅ Massachusetts សហរដ្ឋអាមេរិកបានរកឃើញថា  សារធាតុគីមី (ប្រូតេអ៊ីន) នៃជាតិពិសរបស់សត្វឪម៉ាល់អាចប្រើប្រាស់សម្រាប់សម្លាប់ពពួកបាក់តេរីមួយចំនួន ដែលបង្កជំងឺដល់មនុស្ស។  ការរកឃើញនេះនឹងផ្តល់មូលដ្ឋានគ្រឹះ និងក្តីសង្ឃឹមបង្កើតថ្នាំអង់ទីប្រូទិចប្រភេទថ្មី ដែលអាចមានឥទ្ធិពលខ្លាំងប្រឆាំងជាមួយនឹងប្រភេទបាក់តេរី P.aeruginosa រេស៊ីស្តង់ជាមួយនឹងថ្នាំ។

គេបានធ្វើតេស្តសារធាតុរកឃើញថ្មីនេះ នៅក្នុងមន្ទីរពិសោធន៍ទៅលើសត្វកណ្តុរ ដែលមានផ្ទុកមេរោគបង្កជំងឺរលាកផ្លូវដង្ហើម និង ផ្លូវតម្រងនោម។ នឹកស្មានមិនដល់ ថាការចាក់បញ្ចូលសារធាតុថ្មីនេះក្នុងកម្រិតខ្ពស់ម្តងប៉ុណ្ណោះ អាចសម្លាប់មេរោគនៅក្នុងឈាមកណ្តុរស្ទើរតែទាំងអស់ប្រើរយៈពេល ២ទៅ៣ថ្ងៃ។ ហើយក្រោយរយៈពេល៤ថ្ងៃតែប៉ុណ្ណោះ វត្តមាននៃបាក់តេរី P. aeruginosa ក៏បាត់ទាំងស្រុង។

សារធាតុថ្មីដែលរកឃើញពីពិសរបស់សត្វឪម៉ាល់នេះ នឹងផ្តល់សារសំខាន់យ៉ាងខ្លាំង សម្រាប់វិស័យសុខាភិបាល សុខភាព និងអាយុជិវីតប្រជាជនទូទាំងពិភពលោក ព្រោះ វាបានផ្តល់ក្តីសង្ឃឹមវិជ្ជមានក្នុងការបង្កើត និងផលិតប្រភេទថ្នាំអង់ទីប្យូទិច(ថ្នាំផ្សះ) ដែលអាចសម្លាប់បាក់តេរីខ្លាំងជាងមុន៕

រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]