ថៃ៖ ក្មេងប្រុសតូចជនជាតិថៃម្នាក់ ថ្មីៗនេះកំពុងតែទទួលបានការចាប់អារម្មណ៍ និងងឿងឆ្ងល់យ៉ាងខ្លាំង ពីអ្នកលេងបណ្តាញសង្គមជាច្រើន បន្ទាប់ពីរូបភាព និងវីដេអូឃ្លីបរបស់គេ ត្រូវបានបង្ហោះចែកចាយ ដែលត្រូវបានគេដឹងថា ក្មេងប្រុសដ៏គួរឲ្យស្រលាញ់នេះ មានកែវភ្នែកពណ៌ខៀវយ៉ាងភ្លឺថ្លាពីធម្មជាតិ ដូចពាក់ឡែន ដែលកម្រនឹងមានមនុស្សណាម្នាក់មានបែបនេះដូចជារូបគេ។

ក្មេងតូចដែលមានភ្នែកពណ៌ខៀវ

បើយោងតាមការចុះផ្សាយពីសារព័ត៌មានថៃ រូបភាពនិងវីដេអូឃ្លីបរបស់ក្មេងប្រុសនេះ ត្រូវបានថតបង្ហោះចែកចាយ ដោយនារីជាអ្នករកស៊ីខាងធ្វើក្រចកម្នាក់ឈ្មោះ Wanida Pilachai និងបានអះអាងប្រាប់ថា ក្មេងតូចនេះ គឺជាកូនប្រុសរបស់ភ្ញៀវម្នាក់ ដែលបានមកហាងរបស់នាង ហើយក៏ជាក្មេងប្រុសម្នាក់ ដែលមានកែវភ្នែកពណ៌ខៀវយ៉ាងស្រស់ស្អាតផងដែរ។

យ៉ាងណាមិញ អ្នកលេងបណ្តាញសង្គមជាច្រើន ហាក់មិនជឿជាក់នូវអ្វីដែលពួកគេបានឃើញនេះនោះទេ ហើយគិតថានេះគ្រាន់តែជារឿងប្រឌិត និងបានចោទជាសំណួរជាច្រើន ខណៈក៏មានអ្នកខ្លះគិតថា ក្មេងនេះពាក់ឡែនតែប៉ុណ្ណោះ (Contact Lenses) ។

ក្មេងតូចដែលមានភ្នែកពណ៌ខៀវ

ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី ជុំវិញនឹងករណី សាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្ត នៃសាកលវិទ្យាល័យ Chulalongkorn University Science ក្នុងប្រទេសថៃ ក៏បានធ្វើការស្រាវជ្រាវស្វែងការពិត ពីអាថ៌កំបាំងមួយនេះ ព្រោះជាទូទៅមនុស្សអាចមានភ្នែកពណ៌ត្នោត ឬខ្មៅតែប៉ុណ្ណោះ។

ជាដំណឹងល្អ ក្រោយបញ្ចប់ការធ្វើការស្រាវជ្រាវ សាស្រ្តាចារ្យនៃសាកលវិទ្យាល័យខាងលើនេះ ក៏បានជឿជាក់ទៅលើអ្វីដែលបានកើតឡើងនោះ។ ជាក់ស្តែង កាលពីម្សិលមិញនេះ សាស្រ្តាចារ្យម្នាក់បានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា លោកជឿជាក់ថាក្មេងប្រុសតូចនោះ ពិតជាមានកែវភ្នែកពណ៌ខៀវពីធម្មជាតិមែន។

លោកបានពន្យល់ប្រាប់ថា ភ្នែកពណ៌ខៀវពីកំណើតនេះ អាចកើតមានឡើងនៅក្នុងតំបន់អាស៊ី ដែលផ្ទុយពីការយល់ខុសរបស់មហាជននាពេលកន្លងមក។ ភ្នែកពណ៌ខៀវនេះកើតឡើងដោយសារតែ បុព្វហេតុមួយចំនួនដែលរួមមានដូចជា កត្តាផ្លាស់ប្តូរហ្សែនម្យ៉ាង ដែលគេហៅថា OCA2 និងក៏អាចបណ្តាលមកពីជំងឺហ្សែនដ៏កម្រម្យ៉ាងទៀត ដែលគេហៅថា Waardenburg Syndrome ផងដែរ។ ហើយករណីនេះអាចជះឥទ្ធិពល ឬអាចមានលទ្ធភាពកើតមានបានលើមនុស្ស ១នាក់ (ម្នាក់) ក្នុងចំណោម ៤០០ ០០០នាក់ ប៉ុណ្ណោះ។

អ្វីក៏ដោយគឺសុទ្ធតែបង្កើតឡើងដោយធម្មជាតិ ដែលមិនអាចប្រកែកបាន ជាក់ស្តែង ដូចប្រុសតូចខាងលើនេះយ៉ាងអីចឹង មានកែវភ្នែកពណ៌ខៀវថ្លាពីកំណើត យ៉ាងស្រស់ស្អាតតែម្តង ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖   

ក្មេងតូចដែលមានភ្នែកពណ៌ខៀវ
ក្មេងតូចដែលមានភ្នែកពណ៌ខៀវ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]