ការសិក្សាស្រាវជ្រាវចំពោះបុរសៗរយៈពេល២៦ឆ្នាំ បានបង្ហាញឲ្យឃើញថា ការរួមបញ្ចូលបន្លែនិងផ្លែឈើនៅក្នុងរបបអាហារប្រចាំថ្ងៃ បានមិនត្រឹមពង្រឹងសមត្ថភាពខួរក្បាលនោះទេ ជាពិសេសវាបានការពារពីបញ្ហាបាត់ការចងចាំ ឬក៏ការអន់ថយនៃការចងចាំ។

បន្លែផ្លែឈើជាប្រភពនៃសារធាតុចិញ្ចឹមសំខាន់ៗបំផុត ដែលរាងកាយយើងត្រូវការមិនអាចខ្វះបាន រាប់តាំងពីវីតាមីនជាច្រើនប្រភេទ(A, B, C, D, E) សារធាតុរ៉ែ (កាល់ស្យូម, សូដ្យូម, ប៉ូតាស្យូម, ម៉ងកានែស, ដែក, ស័ង្គសី) សារធាតុសរសៃ និងសារធាតុប្រឆាំងនឹងជាតិពុល ជាដើម។  សារធាតុចិញ្ចឹមទាំងអស់នេះ សុទ្ធតែមិនអាចខ្វះបាន ព្រោះពួកវាដើរតួនាទីយ៉ាងសំខាន់ដល់ការលូតលាស់ សាងសង់ និងការពារនៃរាងកាយយើង។

ការសិក្សារយៈពេលវែងមួយរបស់សាកលវិទ្យាល័យមួយនៅទីក្រុង Boston សហរដ្ឋអាមេរិក លើបុគ្គលជាមធ្យមវ័យកណ្តាល (៥០ឆ្នាំ) ចំនួន ២៧,៨៤៣នាក់ បានផ្តោតទៅលើឥទ្ធិពលនៃការទទួលទានបន្លែនិងផ្លែឈើ ចំពោះសុខភាពនៃប្រព័ន្ធប្រសាទរបស់បុរស តាមរយៈការស្ទង់មតិ និងឆ្លើយសំណួរទាក់ទងនឹងរបបអាហាររបស់ពួកគេ តាំងពីឆ្នាំ ១៩៨៦មកម្ល៉េះ ហើយការសិក្សានេះបញ្ចប់នៅឆ្នាំ ២០១២។

ជាលទ្ធផលនៃការវិភាគទៅលើទិន្នន័យទទួលបានរយៈពេលលើសពី ២០ឆ្នាំនេះ បានឲ្យអ្នកស្រាវជ្រាវធ្វើការសន្និដ្ឋានបានថា ការទទួលទានរបបអាហារ ដែលសំបូរបន្លែនិងផ្លែឈើជារៀងរាល់ថ្ងៃ បានកាត់បន្ថយហានិភ័យបញ្ហានៃការអន់ថយការចងចាំ ឬ បញ្ហាបាត់ការចងចាំ និងថែមទាំងពង្រឹងសមត្ថភាពនៃការគិតទៀតផង។

ការសិក្សានេះបានប្រាប់ឲ្យដឹងអំពីសារៈសំខាន់នៃរបបអាហារដ៏ត្រឹមត្រូវនិងមានលំនឹងចំពោះសុខភាពនៃខួរក្បាលរបស់យើង។ 

ដូច្នេះការរួមបញ្ចូលបន្លែផ្លែឈើ យ៉ាងហោចណាស់ឲ្យបាន៣ទៅ៤ដងក្នុងមួយសប្តាហ៍ មិនត្រឹមផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពទូទៅទេ ជាពិសេសសុខភាពខួរក្បាលនេះឯង៕

បន្លែផ្លែឈើ ល្អសំរាប់សុខភាពខួរក្បាលរបស់លោកអ្នក
បន្លែផ្លែឈើ ល្អសំរាប់សុខភាពខួរក្បាលរបស់លោកអ្នក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]