ចិន៖ ស្ត្រីចិនម្នាក់បានប្រឌិតរឿងដ៏ហួសចិត្តមួយដោយសរសេរថា កូនប្រុសនាងត្រូវបានគេចាប់ជំរិត ហើយនឹងផ្តល់រង្វាន់លើកទឹកចិត្ត៥សែនយ័ន (៧,២ម៉ឺនដុល្លារ) សម្រាប់អ្នកដែលរកឃើញកូននាង។ នាងធ្វើបែបនេះព្រោះចង់ដឹងចិត្តប្តីរបស់នាងថាចេះស្រលាញ់គ្រួសារដែរឫទេ។ នេះយោងតាមសារព័ត៌មាន Shanghaiist ដែលបានចេញផ្សាយក្នុងថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០១៨នេះ។ 

ហេតុការណ៍នេះកើតឡើងនៅក្នុងទីក្រុង Yueqing នៃប្រទេសចិន ដែលមានស្ត្រីចិនម្នាក់ អាយុ៣៣ឆ្នាំ បានដើរកាន់ផ្លាកក្រដាស ប្រកាសរកកូនដែលបានបាត់ខ្លួនអស់រយៈពេល៥ថ្ងៃ។ នាងបានដើរកាន់ផ្លាកនេះដើរពាសពេញទីកន្លែងសាធារណៈក្នុងតំបន់ដែលនាងរស់នៅដើម្បីសួរមនុស្សម្នានៅទីនោះពីកូនរបស់នាង។

ផ្លាកក្រដាសបាត់កូនប្រុសរបស់នាង

ក្រុមប៉ូលិសចិនបានធ្វើការស្វែងរកក្មេងដែលបានបាត់អស់រយៈពេល៥ថ្ងៃពេញ។ លុះចូលដល់ល្ងាចថ្ងៃអង្គារ ក្រុមប៉ូលិសទាំងអស់នោះក៏រកឃើញកូនប្រុសដែលបានបាត់នោះ។

យោងតាមប្រសាសន៍របស់ប៉ូលិសបានឲ្យដឹងថា ស្ត្រីដែលជាម្តាយ បានយកកូនប្រុសនាងទៅលាក់ក្នុងឡានអស់រយៈពេល៥ថ្ងៃ។ នាងបានឲ្យកូនប្រុសនាងនៅក្នុងឡាន ហើយតែងតែដើរទៅឲ្យចំណីអាហារគេទៅតាមម៉ោងពេលដូចធម្មតា។ មិនតែប៉ុណ្ណោះ នាងបម្រុងនឹងយកកូននាងទៅរស់នៅក្នុងភូមិជាប់ក្រុងនោះទៀតផង​។ 

យោងតាមសម្តីរបស់ស្ត្រីខាងលើបានឲ្យដឹងថា នាងមានចេតនាប្រឌិតរឿងនេះឡើង ព្រោះនាងចង់សាកចិត្តប្តីនាងថាចេះស្រលាញ់គ្រួសារឫអត់? ដោយសារប្តីនាងធ្វើការនៅទីក្រុងផ្សេង គ្មានពេលគ្រប់គ្រាន់មើលថែកូននិងប្រពន្ធឲ្យបានដិតដល់។ ម្យ៉ាងទៀត ប្តីប្រពន្ធមួយគូនេះក៏មិនសូវជាចុះសម្រុងនឹងគ្នាផង ទើបស្ត្រីជាប្រពន្ធសម្រេចចិត្តធ្វើទង្វើមិនបានគិតគូរល្អិតល្អន់បែបនេះទៅ។

ផ្លាកក្រដាសបាត់កូនប្រុសរបស់នាង

បន្ទាប់ពីហេតុការណ៍នេះកើតឡើង គេឃើញបុរសជាប្តីពិតជាគិតដល់កូនរបស់គាត់មែន។ គាត់បានដើររកកូនទាំងយប់ទាំងថ្ងៃ អត់ងងុយ មិនបានហូបអី អស់រយៈពេល៤ថ្ងៃពេញ។ គាត់ពិតជាពិបាកចិត្តមែនទែនក្នុងអំឡុងពេលនោះ។ 

ចំណែកស្ត្រីបង្កហេតុវិញសព្វថ្ងៃត្រូវបានសមត្ថកិច្ចចាប់ខ្លួននិងកំពុងជាប់ទោសពីបទប្រឌិតរឿងក្លែងក្លាយដោយចេតនា។

តាមសម្តីរបស់ប៉ូលិសបានបន្តថា ពួកគាត់បានចំណាយពេលជាច្រើនម៉ោង ដើម្បីជួយរកក្មេងដែលបានបាត់ខ្លួន តែវាបែរជាបែបនេះទៅវិញ៕

បុរសជាប្តី
នៅពេលគាត់ប្រកាសរកកូន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]