រាជធានី​ភ្នំពេញ ៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៥ ខែធ្នូ ជនសង្ស័យ​ម្នាក់​កំពុង​សម្រាក​ព្យាបាល​របួស​នៅ​ក្នុង​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ហើយ​ក៏​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​ផង​ដែរដែល​ប្រាប់​ថា ខ្លួនគឺជា​កង​អង្គរក្ស និង​មាន​ឪពុក​ជា​មន្ត្រី​នគរបាល​ជាន់ខ្ពស់​ម្នាក់ ។ យោង​តាម​កិច្ច​សម្ភាសន៍​ជាមួយ​បណ្ដាញសារព័ត៌មាន​មួយ បុរស​ដែល​ជា​ជនសង្ស័យ​ខាងលើ ​ឈ្មោះ ឯ​ល សុ​ឹ​មសុ​ភ័ក្ត្រ អាយុ​៣០​ឆ្នាំ ជា​កង​អង្គរក្ស មាន​ឋានន្តរស័ក្ដិ​ជា​អនុសេនីយ៍ឯក និង​ប្រើប្រាស់​អាវុធ​ខ្លី​ម៉ា​កឡុក​៩៨​មួយ​ដើម ។

បុរស​នេះ​​និយាយ​ថា មុន​ពេល​កើតហេតុ​វេលា​ថ្ងៃត្រង់ រូបគេ​រួម​ជាមួយ​មិត្តភក្ដិ​២​នាក់​ទៀត ដែល​ជា​ជាង​ទូរស័ព្ទ បាន​នាំ​គ្នា​ទៅ​ហូប​បាយ​។ លុះ​ពេល​ចេញ​មក​វិញ រូបគេ​ជិះ​ហ្សូ​៊​ម័​រ​អុ​ិ​ច​១​គ្រឿង​ជាមួយ​មិត្តភក្ដិ​ម្នាក់ ចំណែក​មិត្តភក្ដិ​ម្នាក់​ទៀត​ ឈ្មោះ​រ៉ា ជិះ​ម៉ូតូ​សេ​១២៥​គ្រឿង ​បែកផ្លូវ​គ្នា ​។ ពេល​ទៅ​ដល់​ផ្សារ​ដី​ថ្មី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ស្រាប់តែ​មាន​ម៉ូតូ​សេ​១២៥​មួយ​គ្រឿង ស្ទាក់​មុខ​ម៉ូតូ​របស់​ខ្លួន តែ​ខ្លួន​មិន​បានដឹង​​រឿង​អ្វី​ទេ រួច​ហើយ​អ្នក​ជិះ​ម៉ូតូ​នោះ​ បាន​ចុះ​មក​វាយ​ខ្លួន​ក៏​មានការ​ប្រវាយប្រតប់​គ្នា ។

បន្ទាប់​មក រូបគេ​បាន​ជិះ​ម៉ូតូ​ចេញ​ទៅ និង​មិន​បានដឹង​ថា​ នគរបាល​មកពីណា​ទេ​ដេញ​តាម​និង​បាញ់​រូបគេ​៤​ទៅ ​៥​គ្រាប់​តែ​ម្ដង តែ​រូបគេ​មិន​បាន​តដៃ​ ឬ​បាញ់​នគរបាល​មុន ​ដូច​ជា​ការ​ចោទប្រកាន់​ឡើយ ព្រោះ​ពេល​នោះ​ ខ្លួន​គេ​ជា​អ្នក​បើកម៉ូតូ​ ហើយ​កាំភ្លើង​នៅ​ក្នុង​កា​តាប​​ទៀត មិន​តែប៉ុណ្ណោះ​ នគរបាល​បាន​ចាប់​រូបគេ​ដាក់​ខ្នោះ ​និងវាយ​ថែម​ទៀត ។ បុរស​នេះ​ បាន​ទទូច​រក​យុត្តិធម៌ និង​អះអាង​ថា​ រូបគេ​មិនមែន​ជា​ចោរ​ឡើយ គឺមា​ន​ការ​ងារ​ធ្វើ​ត្រឹមត្រូវ​ ហើយ​ឪពុក​គេ​ក៏​ជា​មន្ត្រី​នគរបាល​ដែរ ។

សូម​រំលឹ​ក​ថា កាលពី​វេលា​ម៉ោង​៣​ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៤ ខែធ្នូ នៅ​ទល់មុខ​ផ្សារ​ដីថ្មី ស្ថិត​ក្នុងភូមិ​ដី​ថ្មី សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមាន​ជ័យ កម្លាំង​នគរបាល​ចម្រុះ​ជា​ច្រើន​នាក់ ​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ រួម​ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ដេញ​តាម​ជនសង្ស័យ​៣​នាក់​ជិះ​ម៉ូតូ​២​គ្រឿង ដែល​មួយ​គ្រឿង​ម៉ាក​ហ្សូ​៊​ម័​រ​អុ​ិ​ច ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១FB-៧៥០០ និង​មួយ​គ្រឿង​ទៀត​ម៉ាក​សេ​១២៥ ដែល​ក្រុម​ជន​នេះ​ មាន​កាំភ្លើងខ្លី​១​ដើម​ផង ។

នៅ​ក្នុង​ប្រតិបត្តិការ​ខាងលើ ក៏​មានការ​ផ្ទុះអាវុធ​បណ្ដាល​ឲ្យ​ជនសង្ស័យ​ម្នាក់ ​រង​របួស​ជើង ដោយ​នគរបាល​បាន​អះអាង​ថា​ បាញ់​ដើម្បី​ការពារ​ខ្លួន ព្រោះ​ជនសង្ស័យ​បាន​ដក​កាំភ្លើង​បាញ់​គំរាម​កងកម្លាំង​ដែល​ដេញ​តាម​​ចំនួន​៤​គ្រាប់ ។ តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេលមានការ​ដេញ​តាម គឺ​កម្លាំង​នគរបាល​កា​រិ​យាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បានប្រទះ​ឃើញ​បុរស​សង្ស័យ​ខាងលើ ​ចូល​ផឹកស៊ី​នៅ​ចម្ការ​ស្វាយ​មួយ​កន្លែង​ ស្ថិត​ក្នុងភូមិ​២៤ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។

ក្រោយមក ស្រាប់តែ​ឃើញ​បុរស​រូប​នេះ​ ដក​កាំភ្លើង​អា​ម៉េ​បញ្ចូល​គ្រាប់ ពេល​នោះ​កម្លាំង​នគរបាល​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ក៏​បាន​ប្រកាស​តាម​វិទ្យុទាក់ទង​ទៅ​កម្លាំង​ខណ្ឌដង្កោ​ឲ្យ​ជួយ​ពួនស្ទាក់ ។ ភ្លាម​ៗនោះ កងកម្លាំង​នគរបាល​ខណ្ឌដង្កោ ដែល​មាន​ស្លៀកពាក់​ឯកសណ្ឋាន​ត្រឹមត្រូវ​ ចេញ​ល្បាត​ពួនស្ទាក់​ក្នុងភូមិ​សាស្ត្របាន​ប្រទះ​ឃើញ​បុរស​ខាងលើ​រួម​នឹង​មិត្តភក្ដិ​ជិះ​ម៉ូតូ​ហ្សូ​៊​ម័​រ​អុ​ិ​ច​គ្នា​២​នាក់ និង​ម្នាក់​ទៀត​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥​តែ​ម្នាក់ឯង ។

ប្រភព​ដដែល​បន្ត​ថា ដោយ​មានការ​សង្ស័យ នគរបាល​បាន​ហៅ​ឱ្យ​​ឈប់ ​ដើម្បី​ត្រួតពិនិត្យ បែរជា​បុរស​ខាងលើ​ រួម​នឹង​បក្សពួក​បន្ថែម​ល្បឿន​កាន់តែ​លឿន​គេចខ្លួន តាំងពី​ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ រហូត​ដល់​ភូមិសាស្ត្រ​ខណ្ឌមានជ័យ ត្រង់ចំណុច​ផ្សារ​ដី​ថ្មី ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​៣ខណ្ឌមានជ័យ ។ ខណៈនោះ ដោយ​មានការ​សហការ​រវាង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ និង​នគរបាល​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​៣ ហើយ​ពេល​នោះ​បុរសខាងលើ​ដក​កាំភ្លើងខ្លី​ម៉ា​កឡុក​ បាញ់​ឡើង​លើ​ចំនួន​៤​គ្រាប់​ ដើម្បី​គំរាម​មក​លើ​សមត្ថកិច្ច​ផង ក៏​ត្រូវ​​សមត្ថកិច្ច​បាញ់​ការពារ​ខ្លួន​វិញ ។

ពេល​នោះ មិនដឹង​ជា​គ្រាប់កាំភ្លើង​ខាង​ណា​ខាង​ណី​ឡើយ បាន​ហោះ​ទៅ​ត្រូវ​ចំ​ភ្លៅ​ខាងស្តាំ​របស់​បុរស​ខាង​លើ បណ្តាល​ឲ្យ​ដួល​រង​របួសធ្ងន់ និង​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ ចំណែក​២​នាក់​ទៀត​ គេចខ្លួន​បាត់​ស្រមោល ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]