ចេះតែដេកមិនលក់មែនទេ មានអារម្មណ៍មិនល្អ ស្មុគស្មាញ ធុញថប់ ខឹងនេះខឹងនោះ ចេះតែភ្លេចនេះភ្លេចនោះ ចង្វាក់បេះដូងដើរញាប់ខុសប្រក្រតីមែនទេ?

មិនអីទេស្ទើរតែមនុស្សគ្រប់គ្នាបានជួបបញ្ហាទាំងនេះមិនថាក្មេងឬចាស់។ តាមពិតទៅ លោកអ្នកគ្រាន់តែស្ត្រេសប៉ុណ្ណោះដែលអាចជាស្ត្រេសចិត្ត និងស្ត្រេសកាយ។ ជាក់ស្តែងមុនពេលប្រកួតកីឡា ឬមុនពេលប្រឡង ឬសម្ភាសការងារ ឬនិយាយសន្ទរកថាជាសាធារណៈជាដើម លោកអ្នកនឹងប្រឈមមុខបញ្ហាស្ត្រេសនេះឯង ប៉ុន្តែវាមានលក្ខណៈអចិន្ត្រៃយ៍ កើតឡើងមួយភ្លែតប៉ុណ្ណោះនឹងបាត់ទៅវិញ។

ប៉ុន្តែបើអាការស្ត្រេសញឹកញាប់ និងរុំារ៉ៃវិញនោះ វានឹងអាចបង្កជាបញ្ហាចំពោះសុខភាព។ ដូចជាស្ត្រេសនឹងការសិក្សា ការងារ គ្រួសារ ឬបញ្ហាហិរញ្ញវត្ថុ ពោលគឺបញ្ហា ឬបន្ទុកទាំងឡាយណា ដែលដាក់សម្ពាធឲ្យគិតខ្វាយខ្វល់មិនឈប់  វានឹងបង្កឲ្យលោកអ្នកមានហានិភ័យប្រឈមមុខនឹងបញ្ហាស្ត្រេសរ៉ាំរ៉ៃ ដែលនឹងអាចប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពនៃខួរក្បាលរហូតដល់អាចបង្កជាជំងឺទាក់ទងនឹងប្រព័ន្ធប្រសាទទៀតផង។

រូបតំណាង

ជាក់ស្តែងការសិក្សាថ្មីមួយបានរកឃើញថា កម្រិតអរម៉ូនស្ត្រេស ឬហៅថាករទីស៊ូលអរម៉ូនខ្ពស់របស់បុគ្គលក្នុងវ័យកណ្តាល ធ្វើឲ្យខួរក្បាលថយវិមាត្ររួមតូចជាងមុន និងថយចុះនៃសមត្ថភាពខួរក្បាលដូចជាការចងចាំ និងការគិតជាដើម។

គេបានសិក្សាទៅលើសំណាក ២ ២៣១នាក់ អាយុចន្លោះពី ៤០ ទៅ ៥០ឆ្នាំ។ ក្នុងនោះមានអ្នកស្ម័គ្រចិត្ត ២០១៨នាក់ប៉ុណ្ណោះដែលព្រមទទួលយកការថតរូបភាព MRI (បានរូបភាព3Dខាងក្នុងរាងកាយ)។ គេបានផ្តោតយ៉ាងចម្បង និងធ្វើតេស្តមើលកម្រិតអរម៉ូនស្ត្រេសនៅពេលព្រឹកមុនទទួលទានអាហារពេលព្រឹក ដោយក្នុងពេលជាមួយគ្នានោះគេក៏បានគិតទៅលើកត្តាលំអៀងផ្សេងៗទៀតដែរដូចជា អាយុ ភេទ កម្រិតBMI ( Body Mass Index) និងការប្រើប្រាស់បារីជាដើម ដែលអាចចូលរួមចំណែកប៉ះពាល់ដល់សុខភាពខួរក្បាល។

លទ្ធផលបានបង្ហាញឲ្យឃើញថា សំណាកដែលមានកម្រិតអរម៉ូនស្ត្រេសខ្ពស់ មានហានិភ័យខ្ពស់ប្រឈមមុខនឹងបញ្ហាផ្លាស់ប្តូរទ្រង់ទ្រាយខួរក្បាល និងការធ្លាក់ចុះសមត្ថភាពខួរក្បាល។

ដូច្នេះការថែទាំសុខភាពទាំងផ្លូវកាយនិងផ្លូវចិត្តគឺពិតជាសំខាន់ដូចគ្នា ពោលគឺពុំអាចខ្វះមួយណាបានឡើយ។ ការទទួលទានអាហារឲ្យបានត្រឹមត្រូវ និងធ្វើលំហាត់ប្រាណជាប្រចាំ ជាការអនុវត្តដ៏ត្រឹមត្រូវនិងជាទំលាប់មួយដ៏ល្អប្រសើរ ដើម្បីសុខភាពរបស់លោកអ្នក និងចៀសឆ្ងាយពីជំងឺ។

រូបតំណាង

អ្នកដឹងទេនៅពេលយើងស្ត្រេស ខួរក្បាលយើងបានភ្ញោចឲ្យក្រពេញដែលនៅលើតម្រងនោមធ្វើការបញ្ចេញអរម៉ូនករទីស៊ូល ឬហៅថាអរម៉ូនស្តេ្រស ដែលអរម៉ូននេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការឆ្លើយតបនៃរាងកាយចំពោះស្ថានភាពស្ត្រេស ដូចជា ការពាររាងកាយពីការរលាក បង្កើនចង្វាក់បេះដូង សម្ពាធឈាម និងផលិតថាមពលឲ្យបានច្រើនជាងមុនដើម្បីត្រៀមខ្លួនប្រឆាំងនឹងឧបសគ្គ។

តែមេកានិចដ៏សំខាន់មួយនេះមិនអាចផ្លាស់ប្តូរទាន់ទៅនឹងរបៀបរបបរស់នៅថ្មីរបស់មនុស្សយើងដែលមានភាពមមាញឹក បំពេញកិច្ចការច្រើន និងមានបញ្ហាជាច្រើនត្រូវដោះស្រាយនោះទេ។ ជាលទ្ធផលវាបណ្តាលឲ្យមនុស្សជាច្រើនត្រូវប្រឈមមុខនឹងបញ្ហាស្ត្រេសជារៀងរាល់ថ្ងៃ។

បញ្ហាស្ត្រេសជារៀងរាល់ថ្ងៃនេះឯងបានប៉ះពាល់ទៅដល់ទ្រង់ទ្រាយ និងដំណើរការនៃប្រព័ន្ធប្រសាទ។ ការកើនឡើងនូវកម្រិតអរម៉ូនស្ត្រេស (ករទីស៊ូល) ច្រើនពេក និងរុំារ៉ៃ អាចបណ្តាលឲ្យការបញ្ជូនព័ត៌មានណឺរ៉ូននៅផ្នែកសរីរាង្គ Hippocampus ដែលជាខួរក្បាលកណ្តាលនិងមានការវិវឌ្ឍមុនគេ និងដើរតួនាទីយ៉ាងសំខាន់ទាក់ទងនឹង អារម្មណ៍ ការរៀន ការចងចាំ និងការជួយគ្រប់គ្រងបញ្ហាស្ត្រេស ក៏ត្រូវអន់ថយបន្តិចៗម្តងផងដែរ។ ដូច្នេះយូរៗទៅវាអាចប៉ះពាល់ទៅដល់សមត្ថភាពខួរក្បាលរបស់បុគ្គលនោះ។

ជាពិសេសកម្រិតអរម៉ូនករទីស៊ូលខ្ពស់យូរពេកក៏អាចបណ្តាលខួរក្បាលផ្នែកខាងមុខ (Prefrontal Cortex) ដែលជាផ្នែកទាក់ទងនឹងការត្រិះរិះគិតពិចារណា ការផ្តោតអារម្មណ៍ និងការសម្រេចចិត្ត ត្រូវរួញរួមមាឌតូចជាងធម្មតាដែរ។ វាបានធ្វើឲ្យការភ្ជាប់រវាងកោសិកាណឺរ៉ូនមានភាពអន់ខ្សោយ ហើយធ្វើឲ្យការផលិតកោសិកាណឺរ៉ូនថ្មី បានតិចតួចខ្លាំង និងលំបាក។ នេះបណ្តាលឲ្យសមត្ថភាពនៃខួរក្បាលដូចជា ការរៀនសូត្រ ការគិតពិចារណា និងចងចាំមានការលំបាកយ៉ាងខ្លាំង។ ជាលទ្ធផលវាអាចបង្កហានិភ័យនៃការវិវឌ្ឍន៍ជំងឺទាក់ទងនឹងប្រព័ន្ធប្រសាទដូចជា ជំងឺបាក់ទឹកចិត្ត ជំងឺបាត់ការចងចាំ និងជំងឺវង្វេងវង្វាន់ ជាដើម៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]