(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ​០៣នាក់ ជាចោរលួច​ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ដន្ទាទោសតាមច្បាប់។

ករណីនេះកើតឡើង នៅរសៀល​ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨​ នៅចំណុច ផ្ទះលេខ៤ ផ្លូវM១៤ គំរោង៤ បុរីប៉េងហួត ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលបង្ក​ឡើងដោយជនសង្ស័យ​០៣នាក់ បានធ្វើសកម្មភាពលួច ឆ្កិះ សោរ ផ្ទះមូយកន្លែងនៅចំណុចខាងលើ ​​ដើម្បីលួចទ្រព្យសម្បត្តិ តែក្នុងពេលធ្វើសកម្មភាព ពួកគេត្រូវបានកម្លាំងល្បាតមូលដ្ឋាន អាវុធហត្ថខណ្ឌច្បារអំពៅ ឃើញក៏ឃាត់ខ្លួនភ្លាមៗតែម្តង។

មន្ដ្រីអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់នេះរួមមាន ទី១៖ឈ្មោះ រ៉ាន រតនៈ ហៅខ្មៅ ភេទប្រុស អាយុ​២៣ឆ្នាំ​, ទី២៖ឈ្មោះ សេង សុធឿន ហៅខុង ភេទប្រុស អាយុ​២៦ឆ្នាំ និងទី៣៖ឈ្មោះ អ៊ុន យ៉ាឡូ ហៅនោ ភេទប្រុស អាយុ​៣៦ឆ្នាំ។

ក្រោមវិធានការជំនាញ នៃការសាកសួរ​របស់សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅមុនធ្វើសកម្មភាព ពួកគេទាំង​០៣នាក់ បានជក់គ្រឿងញៀន ជាមួយគ្នានៅម្តុំក្រោយអគ្គីសនីវត្តភ្នំ ក្រោយពេលជក់រួចពួកគេ បាននាំគ្នាទៅបុរីប៉េងហួត នៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយជិះម៉ូតូ​០១គ្រឿង ម៉ាកសង់កូរ៉េ (ចាស់) ក្នុងគោលបំណងទៅរកលួចម៉ូតូនៅទីនោះ ពេលទៅដល់ពួកគេបានដើរសំដៅទៅផ្ទះមួយកន្លែង។

ពេលទៅដល់ពួកគេ​បានគោះទ្វារ តែគ្មានមនុស្សបើក បន្ទាប់មក​បានធ្វើសកម្មភាពឆ្កិះសោរផ្ទះនោះ តែឆ្កិះមិនបានព្រោះតែម្ចាស់ផ្ទះប្រើសោរប្រភេទ សូឡិច ក្នុងពេលជាមួយគ្នានោះដែរ កម្លាំងអាវុធហត្ថមូលដ្ឋានខណ្ឌច្បារអំពៅ ល្បាតឃើញ​បានឃាត់ខ្លួនពួកគេទាំង​០៣នាក់ យកមកទីបញ្ជាការដ្ឋាន ក​ងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការឃុំខ្លួនបណ្តោះអាសន្ន រងចាំធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមនិតិវិធីច្បាប់ ក្រោមទម្ងន់ទោសជាក់ស្តែងរបស់ពួកគេ។

ក្នុងចំណោមពួកគេទាំង​០៣នាក់នោះ ​​ឈ្មោះ រ៉ាន រតនៈ ហៅខ្មៅ បានសារភាពឲ្យដឹងបន្ថែមទៀតថា កន្លងមកកាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ រូបគេធ្លាប់ជាប់ពន្ធនាគារព្រៃសរ ពីបទ​លួច (កាច់កញ្ចក់រថយន្ត) ហើយបានចេញមកវិញ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ ក្រោយពេលចេញពីពន្ធនាគារមកវិញ រូបគេ និងបក្សពួកឈ្មោះ កូការ​, ឈ្មោះ ធី និងឈ្មោះ ភណ្ឌ បានបន្តធ្វើសកម្មភាពលួចកាច់ ក ម៉ូតូ បន្តទៀត ជាច្រើនលើក ច្រើនសារ បានសម្រេចនៅតាមបណ្តាខេត្ត ដែលជាប់រាជធានីភ្នំពេញ ហើយបានយកម៉ូតូដែលលួចបាននោះ ទៅលក់នៅខេត្តកំពង់ស្ពឺ។

ជនសង្ស័យរូបនេះ បានបន្តទៀតថា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨​ រូបគេ រួមនិងឈ្មោះ កូការ​, ឈ្មោះ ខេលី បានធ្វើសកម្មភាពកាច់ ក ម៉ូតូ​០១គ្រឿង ម៉ាក​វ៉េវ ពណ៍ក្រហមលាយខ្មៅ បានសម្រេច​ដោយឈ្មោះ ខេលី ជាអ្នកយកទៅលក់ ហើយបានឲ្យបា្រក់មកខ្លួន​២០០ដុល្លារ៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]