ចិន៖ បុរសម្នាក់ឈ្មោះ Jin Zhehong អាយុ ៥០ ឆ្នាំ រស់នៅខេត្តជីលីន បានជាប់ពន្ធនាគារអស់រយៈពេល ២៣ ឆ្នាំដោយអយុត្តិធម៌ (កាលពីលោកមានអាយុ ២៧ ឆ្នាំ) ពីបទរំលោភសេពសន្ថវៈ និងឃាតកម្ម បច្ចុប្បន្នត្រូវបានដោះលែង ព្រោះរកឃើញថា លោកគ្មានទោស។

លោក Jin

យោងតាមសម្តីប៉ូលិសកាលពីមុនបានឲ្យដឹងថា នារីអាយុ ២០ ឆ្នាំម្នាក់បានសុំរួមដំណើរជាមួយលោក Jin ក្រោយមក នៅពេលដល់កន្លែងស្ងាត់ លោកក៏បានរំលោភសេពសន្ថវៈ រួចសម្លាប់នាង ហើយបោះសាកសពរបស់នាងចូលទៅក្នុងប្រឡាយទឹក។

ក្នុងឆ្នាំ ១៩៩៦ លោក Jin ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ ៤ ឆ្នាំក្រោយមក តុលាការបានត្រួតពិនិត្យសំណុំរឿងរបស់លោកម្តងទៀត ប៉ុន្តែលទ្ធផលនៅតែដដែល។ 

រូបលោក Jin កាលពីអាយុ ២៧ ឆ្នាំ

ក្រោយមកនៅក្នុងឆ្នាំ ២០១៤ ដោយមានភាពមិនស៊ីសង្វាក់គ្នាជាច្រើន នៅក្នុងសំណុំរឿងរបស់លោក ។ ខាងតុលាការក៏បានសើរើរឿងក្តីនេះម្តងទៀត ហើយបានរកឃើញថា គ្មានភស្តុតាង ឬសាក្សីណាមួយ ដែលជាប់ទាក់ទងនឹងឧក្រិដ្ឋកម្មរបស់លោកទេ មានតែការសារភាពរបស់លោកតែម្នាក់ប៉ុណ្ណោះ ដែលលោកបាននិយាយថា លោកបានសារភាព ព្រោះតែប៉ូលិសបានធ្វើទារុណកម្មលើលោក។

ដូច្នេះរឿងក្តីនេះត្រូវបានបញ្ជូនទៅតុលាការកំពូលដើម្បីធ្វើការវិនិច្ឆយម្តងទៀត។ ក្រោយមកកាលពីថ្មីៗនេះ តុលាការបានកាត់ក្តីឲ្យរូបលោកគ្មានទោស ពីព្រោះតែគ្មានភស្តុតាងគ្រប់គ្រាន់ ហើយលោកត្រូវបានដោះលែងឲ្យមានសេរីភាពវិញ បន្ទាប់ពីរូបលោកបានជាប់គុកអស់ពេល ២៣ ឆ្នាំ។

យ៉ាងណាមិញ លោក Jin បានប្រាប់សារព័ត៌មានថា៖

«នៅលើលោកនេះនៅតែមានភាពយុត្តិធម៌ បើទោះបីជាយឺតក៏ដោយ ហើយឥឡូវនេះ អ្វីដែលខ្ញុំចង់ធ្វើគឺគ្រាន់តែចង់ទៅលេងផ្នូរឪពុកម្តាយរបស់ខ្ញុំប៉ុណ្ណោះ។»

លោក Jin

ខណៈពេលលោក Jin ជាប់ពន្ធនាគារ ម្តាយលោកបានចែកឋានបាត់ទៅ ចំណែកឯប្រពន្ធលោកបានរៀបការម្តងទៀត រីឯកូនរបស់លោកវិញ មានអាយុត្រឹមតែ ២ ឆ្នាំប៉ុណ្ណោះ។

យ៉ាងណាមិញ លោកបាននិយាយថា លោកគ្រោងប្តឹងទាមទារសំណងពីរដ្ឋាភិបាលចំពោះការដាក់ពន្ធនាគារលោកដោយគ្មានភស្តុតាងគ្រប់គ្រាន់បែបនេះ៕ 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]