រាជធានីភ្នំពេញ៖ ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០១៨នេះ Grundfos ជាក្រុមហ៊ុន ដែលបានចូលរួមក្នុងការអភិវឌ្ឍ ការផលិត ការលក់ និងបម្រើសេវាកម្មផ្នែកម៉ាស៊ីនបូមទឹកឈានមុខគេក្នុងពិភពលោក និង ក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៅថ្ងៃនេះបានបញ្ជាក់ថា ភាគីទាំងពីរបានដោះដូរឯកសារ «លិខិតបង្ហាញពីចេតនា» ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងទឹកស្អាត ក្នុងគោលបំណងកាត់បន្ថយថ្លៃទឹក និងបង្កើនលទ្ធភាពទទួលបានទឹកស្អាត និងមានគុណភាព នៅក្នុងប្រទេស។

ឯកឧត្តមកិតិ្តសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងលោក Leong Chee Khuan នាយកគ្រប់គ្រងក្រុមហ៊ុន Grundfos ប្រចាំតំបន់អាស៊ីខាងត្បូង បានបញ្ជាក់ថា «លិខិតបង្ហាញពីចេតនា» នេះនឹងបង្ហាញពីការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលស្វាគមន៍ទទួលយកនូវ បច្ចេកទេស និងគំរូអាជីវកម្មថ្មីៗបំផុតរបស់ក្រុមហ៊ុន ដើម្បីកាត់បន្ថយលើការបាត់បង់ទឹកដែលមិនទទួលបានចំណូល និង បង្កើនប្រសិទ្ធភាពគ្រប់គ្រងទឹកស្អាត។

Grundfos សហការជាមួយកម្ពុជាដើម្បីលើកកម្ពស់សន្តិសុខទឹកស្អាត

បញ្ហាប្រឈមធំបំផុតមួយ សម្រាប់ប្រទេសកម្ពុជា ក្នុងការគ្រប់គ្រងទឹកស្អាត គឺហេដ្ឋារចនាសម្ព័ន្ធទឹក របស់ខ្លួន ដែលងាយលេចធ្លាយ និងសម្ពាធជំរុញទឹកពុំគ្រប់គ្រាន់ នៅពេលត្រូវផ្គត់ផ្គង់ទៅតាមទីក្រុង និងខេត្តនានា នៅអំឡុងម៉ោងដែលមានមនុស្សប្រើប្រាស់ទឹកច្រើន ក្នុងពេលតែមួយ។ បញ្ហានេះ នាំឲ្យមានករណីកម្ហាតបង់រហូតដល់៤០% លើការបាត់បង់ទឹក ដែលមិនទទួលបានចំណូល (Non-Revenue Water)ឬ ទឹកដែលបាត់បង់ ឬមិនត្រូវបានកត់ត្ រារាប់បញ្ចូលក្នុងប្រព័ន្ធផ្គត់ផ្គង់។  

ឯកឧត្តម ចម ប្រសិទ្ឋ មានប្រសាសន៍ថា៖ 

«ទន្ទឹមនឹងការលូតលាស់យ៉ាងលឿននៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា យើងសង្កេតឃើញមានកំណើនតម្រូវការទឹកស្អាតជាបន្តបន្ទាប់ ហើយពួកយើងរំពឹងថាតម្រូវការនេះ នឹងកើនដល់ ០.៨លាន ម៉ែត្រគូបក្នុងមួយថ្ងៃ នៅឆ្នាំ២០២៥ ហើយឡើងដល់ ១លានម៉ែត្រគូបក្នុងមួយថ្ងៃ នៅឆ្នាំ ២០៣០។ បញ្ហានេះ នឹងដាក់សម្ពាធបន្ថែមទៀត ទៅលើស្ថាប័នផ្គត់ផ្គង់ទឹក ក្នុងការផ្គត់ផ្គង់ទឹក ឲ្យមានប្រសិទ្ធភាព និងគួរឲ្យជឿជាក់បាន»។

ឯកឧត្តម បានមានប្រសាសន៍បន្តទៀតថា៖

«យើងមានសេចក្ដីរីករាយណាស់ ក្នុងការចាប់ដៃគូជាមួយ ក្រុមហ៊ុនឈានមុខគេផ្នែកឧស្សាហកម្មនេះ ដូចជាក្រុមហ៊ុន Grundfos នេះជាដើម ដើម្បីបង្កើនលទ្ធភាពទទួលបានទឹកស្អាត និងមានគុណភាពនៅកម្ពុជា។ យើងជឿជាក់ថា បច្ចេកវិទ្យា និងដំណោះស្រាយប្រកបដោយនវានុវត្តន៍ ពីក្រុមហ៊ុន Grundfos នឹងមានអំណោយផលច្រើនដល់ប្រព័ន្ធគ្រប់គ្រងទឹកនៅកម្ពុជា»។
ឯកឧត្តមកិតិ្តសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ

លោក Leong Chee Khuan តំណាងមកពីក្រុមហ៊ុន Grundfos មានប្រសាសន៍ថា៖ 

«Grundfos ប្ដេជ្ញាជួយប្រទេសកម្ពុជាក្នុងការពង្រឹងគុណភាព ភាពអាចជឿជាក់បាន និងនិរន្តរភាពនៃការផ្គត់ផ្គង់ទឹករបស់ខ្លួន។ យើងមានសេចក្ដីសោមនស្សរីករាយណាស់ក្នុងការធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រាប់បេសកកម្មរបស់ខ្លួនក្នុងការសម្រេចឲ្យបាននូវ សន្តិសុខទឹកស្អាតកាន់តែរឹងមាំថែមទៀត តាមរយៈការប្រើប្រាស់នវានុវត្តន៍ផ្នែកឧស្សាហកម្មឈានមុខគេរបស់ក្រុមហ៊ុនយើង»។
លោក Leong Chee Khuan តំណាងមកពីក្រុមហ៊ុន Grundfos

ដើម្បីដោះស្រាយបញ្ហាទឹកស្អាតនៅកម្ពុជា ក្រុមហ៊ុន Grundfos បានដាក់ចេញនូវគម្រោងសាកល្បងមួយ នៅក្នុងខេត្តតាកែវ ដោយប្រើប្រាស់ ដំណោះស្រាយតាមវិធីសាស្ត្រ «ចែកចាយតាមកម្រិតតម្រូវការ - Demand Driven Distribution »។ នេះជាប្រព័ន្ធចែកចាយទឹកស្អាតដ៏ឆ្លាតវៃ ដែលកែសម្រួលលំហូរទឹកដោយស្វ័យប្រវត្តិ ដោយប្រើប្រាស់ឧបករណ៍ តាមដានសំពាធនៅក្នុងបណ្តាញពីចម្ងាយ ហើយវាបានជួយកាត់បន្ថយសម្ពាធទឹកលើសលប់ នៅក្នុងបំពង់ទុយោទឹក។ 

ធ្វើដូច្នេះ ជួយកាត់បន្ថយការលេចធ្លាយទុយោទឹក និងការបាត់បង់ទឹក ដែលនាំឲ្យកាត់បន្ថយការចំណាយ និងថាមពល។ ការប្រើប្រាស់ជាតិគីមី ក៏ត្រូវបានកាត់បន្ថយបានច្រើនដែរ ព្រោះនឹងមានការកត់ត្រាទិន្នន័យព័ត៌មានបានកាន់តែច្បាស់លាស់ច្រើនជាងមុន ដើម្បីធានាដល់ការប្រើប្រាស់ថ្នាំ ឲ្យមានភាពកម្រិតត្រឹមត្រូវ ដែលកត្តាទាំងនេះ នឹងជួយកាត់បន្ថយការចំណាយទៅតាមនោះដែរ។

ដើម្បីជំរុញឲ្យមានការទទួលយកបច្ចេកវិទ្យាថ្មីនេះទៅប្រើប្រាស់ ក្រុមហ៊ុន Grundfos បានបង្កើតគំរូអាជីវកម្មថ្មីស្រឡាងមួយ ដើម្បីលុបបំបាត់នូវឧបសគ្គ ដែលតែងតែកើតមានក្នុងការវិនិយោគទុន។ រោងចក្រធ្វើប្រតិបត្តិការផលិតទឹកស្អាត នឹងត្រូវទូទាត់ប្រាក់សម្រាប់ប្រព័ន្ធម៉ាស៊ីនបូមទឹកថ្មី តាមរយៈការបង់រំលស់ប្រចាំឆ្នាំ ដែលនឹងទទួលបានមកពីការសន្សំពីការចំណាយលើថាមពល និងទឹក ដែលការសន្សំនេះអាចធ្វើទៅបានតាមរយៈការកែលម្អ និងផ្លាស់ប្តូរ ប្រពន្ឋ័ដោយក្រុមហ៊ុន Grundfos ។ 

Grundfos សហការជាមួយកម្ពុជាដើម្បីលើកកម្ពស់សន្តិសុខទឹកស្អាត

ផ្នែកមួយនៃគម្រោងនេះដែរ រោងចក្រធ្វើប្រតិបត្តិការផលិតទឹកស្អាតអាចតាមដានមើលប្រាក់សន្សំរបស់ខ្លួន តាមរយៈប្រព័ន្ធគ្រប់គ្រងពីចម្ងាយ របស់ក្រុមហ៊ុន Grundfos ដែលជាប្រព័ន្ធតាមដាន គ្រប់គ្រង និងធ្វើរបាយការណ៍ពីចម្ងាយ តាមប្រព័ន្ធអ៊ីនធឺណិត សម្រាប់ការដំឡើងម៉ាស៊ីនបូមទឹក។

យុទ្ធសាស្ត្រនៃការអនុវត្តដំណោះស្រាយបែបនវានុវត្តន៍ ព្រមជាមួយនឹងគំរូអាជីវកម្មថ្មីនេះ បានជួយរោងចក្រសន្សំថាមពលបានជាង ២៧០.០០០ គីឡូវ៉ាត់ម៉ោង ហើយសន្សំទឹកបានប្រហែល ២០០.០០០ ម៉ែត្រគូប ក្នុងមួយឆ្នាំ ជាមួយនឹងគម្រោងនៃការសងរំលស់រយៈពេលប្រាំឆ្នាំ តែប្រតិបត្តិករមានលទ្ឋភាពបង់ផ្តាច់ក្នុងរយៈពេលពីរឆ្នាំកន្លះប៉ុណ្ណោះ ប្រសិនបើយកប្រាក់ដែលសន្សំបានប្រចាំឆ្នាំទាំងអស់សងជួនក្រុមហ៊ុន Grundfos ។ 

លោក Leong Chee Khuan តំណាងមកពីក្រុមហ៊ុន Grundfos មានប្រសាសន៍ទៀតថា៖

«គម្រោងរបស់យើងនៅខេត្តតាកែវ បានបង្ហាញឲ្យយើងថា គម្រោងអាជីវកម្មថ្មីរបស់យើង មានសក្ដានុពលខ្ពស់នៅក្នុងប្រទេសកម្ពុជា និងបណ្ដាប្រទេសផ្សេងទៀត ដែលអាជ្ញាធរឬប្រតិបត្តិករទទួលបន្ទុកផ្គត់ផ្គង់ទឹកស្អាត នឹងមិនគួរត្រូវបានរារាំងដោយសារកត្តាហិរញ្ញវត្ថុទៀតឡើយ នៅពេលត្រូវវិនិយោគលើបច្ចេកវិទ្យាថ្មី និងមានប្រសិទ្ធភាពបែបនេះ។ ភាពជោគជ័យនៃគម្រោងសាកល្បងនេះ ពិតជារឿងគួរឲ្យពេញចិត្ត ហើយយើងរំពឹងថានឹងដាក់ឲ្យអនុវត្តនូវវិធីសាស្ត្រនេះនៅតាមបណ្ដាខេត្តផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា ។ យើងជឿជាក់ថា គំរូអាជីវកម្មនេះ នឹងបើកទ្វារឲ្យមានការប្រើប្រាស់នូវដំណោះស្រាយរបស់យើង ដើម្បីកែលម្អដល់ការងារផ្គត់ផ្គង់ទឹកនៅកម្ពុជា»។
Grundfos សហការជាមួយកម្ពុជាដើម្បីលើកកម្ពស់សន្តិសុខទឹកស្អាត
Grundfos សហការជាមួយកម្ពុជាដើម្បីលើកកម្ពស់សន្តិសុខទឹកស្អាត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]