(ភ្នំពេញ)៖ រថយន្តភ្លើងដឹកអ្នកដំណើរភ្ញៀវបរទេស១គ្រឿង បានបើកជ្រុលទៅបុករះ ខូចខាតរថយន្តតូចធំ និងម៉ូតូជាច្រើនគ្រឿង និងបានបន្តរុញចូលទៅបុកបង្គោលភ្លើង និងផ្ទះរបស់ប្រជាពលរដ្ឋបន្តបន្ថែមទៀត បណ្តាលឲ្យមនុស្សចំនួន២នាក់ បានរងបួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨នេះ នៅចំណុចមុខ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមមហាវិថីសហព័ន្ធរុស្សី កែងផ្លូវចូលវត្តតាំងកសាង ក្នុងភូមិក្បាលដំរី សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រថយន្តដែលបានរងការខូចខាតនោះរួមមាន៖ រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង៣A-០៣៨០ អ្នកបើកបរបានរត់គេចខ្លួនបាត់ និង១គ្រឿងទៀត ម៉ាកកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ ២H-៦៣៤៤ បើកបរដោយបុរសម្នាក់ពុំបានស្គាល់ឈ្មោះឡើយ។ ចំណែកម៉ូតូម៉ាកហុងដា សេ១២៥ពណ៌ខ្មៅ ជិះដោយបុរសម្នាក់ និងស្រ្តីម្នាក់ បានរងរបួសធ្ងន់មិនត្រូវ បានស្គាល់អត្តសញ្ញាណនៅឡើយទេ។

នៅមុនពេលកើតហេតុ គេឃើញរថយន្ត និងម៉ូតូខាងលើ បានឈប់ជាបន្តបន្ទាប់ នៅចំណុចស្តុបខាងលើ ខណៈនោះ មានរថភ្លើងបានធ្វើដំណើរដឹកភ្ញៀវអន្តរជាតិ ក្នុងទិសដៅពីជើងទៅត្បូង ចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក៏បានបុកពីក្រោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ដែលឈប់រំលោភលើផ្លូវរថភ្លើង។

នៅពេលគ្រោះថ្នាក់រថភ្លើង បានបុករុញរថយន្ត១គ្រឿង ទៅបុករថយន្តកាមរីចំហៀង ហើយរុញទៅផ្ទប់បង្គោលភ្លើង និងចូលផ្ទះបណ្តាលឲ្យបាក់បង្គោលបាណូ។ ខណៈនោះមានម៉ូតូ១គ្រឿង ក៏ត្រូវបានរថភ្លើង បុករុញរថយន្តទៅបុកបណ្តាលឲ្យអ្នកបើកបរ និងអ្នករួមដំណើរបានរងរបួស ទាំង២នាក់ផងដែរ។ បន្ទាប់ពីកើតមានគ្រោះថ្នាក់រថភ្លើង ក៏បានបើកចូលរ៉ាក្នុងអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ។

ដោយឡែក ជនរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយរថយន្តទាំង២គ្រឿង និងម៉ូតូ១គ្រឿង ត្រូវបាននគរបាលចុះទៅវាស់វែង បញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយ។

គួរបញ្ជាក់ថា ចាប់តាំងពីបង្កើតឲ្យមានផ្លូវរថភ្លើង នៅចំកណ្តាលផ្លូវថ្នល់ តែងតែបង្កឲ្យមានគ្រោះថ្នាក់ជាបន្តបន្ទាប់ ជួនកាលម៉ូតូបើកសុខៗ ក្រឡាច់ផ្លូវរថភ្លើងដួលបោកក្បាល និងខ្លះទៀត ត្រូវរថភ្លើងរ៉ូយ៉ាលអ៊ែរវ៉េ បណ្តាលឲ្យរងរបួស ជាបន្តបន្ទាប់ជាច្រើនករណីផងដែរ៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]