ផ្លែម្នាស់ ជាប្រភេទផ្លែឈើជូរអែម ដែលគេច្រើនពេញនិយមបរិភោគក្រោយទទួលទានអាហាររួច ដើម្បីលាងសម្អាតមាត់ និងជួយដល់ការរំលាយអាហារ។ អ្នកដឹងទេ ផ្លែម្នាស់មិនត្រឹមសំបូរវីតាមីនC ទេ  ថែមទាំងផ្តល់វីតាមីនA សារធាតុសរសៃ និងសារធាតុប្រឆាំងនឹងរ៉ាឌីកាល់សេរី (សារធាតុពុល) ទៀតផង។ សារធាតុចិញ្ចឹមទាំងអស់នេះសុទ្ធសឹងជាតម្រូវការនៃរាងកាយយើងយ៉ាងខ្លាំង ដើម្បីជួយដល់ការលូតលាស់ ប្រព័ន្ធភាពស៊ាំ និងដំណើរការប្រក្រតីនៃសរីរាង្គ។

ខាងក្រោមជាសារធាតុចិញ្ចឹមសំខាន់ ដែលលោកអ្នកអាចទទួលបានពីការហូបផ្លែម្នាស់ និងអត្ថប្រយោជន៍សុខភាព៖

១. ផ្លែម្នាស់សំបូរវីតាមីនអា (A)

ផ្លែម្នាស់សំបូរវីតាមីនA និងសារធាតុប្រឆាំងជាតិពុល ដើម្បីប្រឆាំងនិងការពារការខូចខាតនៃកោសិកា ជាពិសេសនៅពេលយើងអាយុកាន់តែច្រើនទៅ។

សរីរាង្គភ្នែកជាសរីរាង្គងាយរងគ្រោះខ្លាំងបំផុត។ ភាគច្រើនមនុស្សកាន់តែចាស់  ភ្នែកក៏ចាប់ផ្តើមអន់ថយទៅតាមនោះដែរ។ ប៉ុន្តែវីតាមីនA និងសារធាតុសំខាន់ៗទទួលបានពីផ្លែម្នាស់ បានចូលរួមចំណែកជួយពង្រឹងសុខភាពនៃកោសិកាភ្នែកដោយការពារពុំឲ្យវាវិវឌ្ឍលឿនពេកទៅតាមអាយុរបស់យើង។

ដូច្នេះហូបផ្លែម្នាស់រាល់ថ្ងៃ ដើម្បីសុខភាពភ្នែករបស់លោកអ្នកឲ្យបានយូរអង្វែង។ 

រូបតំណាង

២. ផ្លែម្នាស់សំបូរវីតាមីនសេ (C)

អ្នកដឹងទេថា ម្នាស់ជាប្រភពនៃវីតាមីនសេដ៏សំខាន់ដែលខ្លួនប្រាណយើងពុំអាចផលិតដោយខ្លួនឯង និងត្រូវការចាំបាច់បំផុតសំរាប់ដំណើរការជាច្រើនក្នុងរាងកាយយើង។

តួនាទីចំបងនៃវីតាមីនសេយើងទទួលបានពីផ្លែម្នាស់នេះ ជាសារធាតុប្រឆាំងជាតិពុល ការពារប្រឆាំងនឹងការខូចខាតកោសិកាជាពិសេសកោសិកានៃប្រព័ន្ធសុំាការពាររាងកាយយើង ពីកត្តាខាងក្នុងនិងខាងក្រៅ។ ក្រៅពីនេះ វាចូលរួមចំណែកក្នុងការប្រឆាំងនឹងមេរោគដ៏សកម្ម និង ធ្វើឲ្យបុគ្គលមានអង់ទីគ័រប្រឆាំងនឹងជំងឺ។

ដូច្នេះការទទួលទានផ្លែម្នាស់ជារៀងរាល់ថ្ងៃ នឹងជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់លោកអ្នក។

រូបតំណាង

៣. ផ្លែម្នាស់សំបូរសារធាតុសរសៃ

ផ្លែម្នាស់សំបូរសារធាតុសរសៃដ៏ច្រើនដែលមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់រក្សាលំនឹង ដំណើរការពោះវៀនឲ្យនៅធមម្មតា។ ជាពិសេស ម្នាស់មានផ្ទុកសារធាតុអង់ស៊ីមពិសេសម៉្យាង ដែលផ្លែឈើនិងបន្លែពុំមាន។ សារធាតុអង់ស៊ីមប្រភេទនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការបំបែកប្រូតេអ៊ីនដែលទទួលបានពីចំណីអាហារ (ភាគច្រើនសាច់) ឲ្យម៉ត់ល្អ ងាយស្រួលដល់ពោះវៀនស្រូបយកសារធាតុចិញ្ចឹមទាំងនោះ បានល្អនិងងាយស្រួល។  កត្តានេះជាជំនួយដល់ការរំលាយអាហារ និងពង្រឹងសុខភាពពោះវៀនយើង។

ដូច្នេះហូបផ្លែម្នាស់យ៉ាងតិចឲ្យបាន ១ផ្លែរៀងរាល់២ថ្ងៃម្តង ដើម្បីសុខភាពនៃប្រព័ន្ធរំលាយអាហាររបស់លោកអ្នក។

ឆាម្នាស់ (Credit: MommysHomeCooking)

៤. ផ្លែម្នាស់សំបូរសារធាតុរ៉ែសំខាន់ៗ

ផ្លែម្នាស់សំបូរសារធាតុរ៉ែសំខាន់ៗជាច្រើន ដែលគេជឿថាអាចជួយដល់ការលូតលាស់និងពង្រឹងភាពរឹងមាំនៃឆ្អឹង។ សារធាតុរ៉ែមួយប្រភេទនោះជារ៉ែម៉ង់កាណែស មានប្រហែល ៧៥% ក្នុងចំណោមសារធាតុរ៉ែសំខាន់ដទៃទៀតក្នុងផ្លែម្នាស់។  វាចូលរួមចំណែកយ៉ាងសំខាន់ការពារជំងឺពុកឆ្អឹង ឈឺសន្លាក់ ជាពិសេសចំពោះស្ត្រីអស់រដូវដែលងាយនឹងជួបបញ្ហាឆ្អឹងដោយសារការផ្លាស់ប្តូរនៃអរម៉ូនភេទ។

ដូច្នេះទទួលទានផ្លែម្នាស់ជារៀងរាល់ថ្ងៃ ដើម្បីសុខភាពនៃសរីរាង្គឆ្អឹងរបស់លោកអ្នក៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]