ផ្លែប៉ោមអាចចាត់ជាអាហារសម្រន់មួយដ៏សំខាន់ដែលផ្តល់ជីវជាតិយ៉ាងសំបូរបែបសម្រាប់រាងកាយ និងខួរក្បាល។  ផ្លែឈើមួយប្រភេទនេះសំបូរទៅដោយសារធាតុចិញ្ចឹមរាប់តាំងពី វីតាមីន សារធាតុរ៉ែ សារធាតុសរសៃ ជាពិសេសសារធាតុប្រឆាំងនឹងជាតិពុល។ សារធាតុទាំងនេះសុទ្ធសឹងជាតម្រូវការនៃសរីរាង្គយើង (បេះដូង ប្រព័ន្ធរំលាយអាហារ សរសៃឈាម ជាដើម) និងខួរក្បាលទៀតផង។

ខាងក្រោមជាប្រភេទនៃសារធាតុចិញ្ចឹម និងអត្ថប្រយោជន៍នៃសុខភាពទទួលបានពីការទទួលទានផ្លែប៉ោម៖

១. ផ្លែប៉ោមជាប្រភពនៃវីតាមីន C

វីតាមីនសេ ជាប្រភេទវីតាមីនមានសារៈសំខាន់ចាំបាច់អាចការពារកោសិកាពីការខូចខាត។ វាចូលរួមចំណែករក្សាបរិមាណគ្រាប់ឈាមក្រហមឲ្យនៅថេរ  ការពារពីជំងឺខ្វះជាតិដែក  បន្ថយសម្ពាធឈាមមកនៅធម្មតា  ការពារយើងពីជំងឺលើសឈាម   ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយបានយ៉ាងល្អប្រឆាំងជំងឺផ្សេងៗ   ការពារពីការបាត់បង់ការចងចាំនិងសតិស្មារតី  ជាពិសេសវីតាមីននេះល្អខ្លាំងសម្រាប់សុខភាពមាត់ធ្មេញដោយសារវាអាចការពារនិងប្រឆាំងជំងឺអញ្ចាញធ្មេញ។ 

រូបតំណាង

២. ផ្លែប៉ោម ជាប្រភពនៃសារធាតុសរសៃ

ផ្លែប៉ោមសំបូរសារធាតុសរសៃជាច្រើនចូលរួមចំណែកយ៉ាងសកម្មនាំយកសារជាតិកូលេស្តេរ៉ុលជាប់តាមប្រព័ន្ធរំលាយអាហារ និងសរសៃឈាម ចេញពីក្នុងខ្លួន។ វាជួយកាត់បន្ថយកូលេស្តេរ៉ុលមិនល្អ និងជួយដល់ការសម្រកទម្ងន់ផងដែរ។

តាមរយៈការសិក្សាស្រាវជ្រាវមួយលើស្ត្រីចំនួន១៦០នាក់ចែកជាពីរក្រុម (ចន្លោះអាយុ ៤៥ឆ្នាំដល់៦៥ឆ្នាំ) បានបង្ហាញលទ្ធផលថា ស្ត្រីមួយក្រុមដែលហូបផ្លែប៉ោមរាល់ថ្ងៃ សារធាតុកូលេស្តេរ៉ុលមានការធ្លាក់ចុះបានដល់ ២៣%។ ការកាត់បន្ថយសារធាតុកូលេស្តេរ៉ុលនេះបានដើរតួនាទីមួយដ៏សំខាន់ដល់ការកាត់បន្ថយហានិភ័យនៃជំងឺទាក់ទងនឹងបេះដូង។

លើសពីនេះសារធាតុសរសៃបានដើរតួនាទីយ៉ាងសំខាន់ដល់ប្រព័ន្ធរំលាយអាហារ ជួយដល់ការស្រូបយកសារធាតុចិញ្ចឹមពីចំណីអាហារ  និងសម្រួលដល់ការដឹកនាំកាកសំណល់បញ្ចេញចោល។

រូបតំណាង

៣. ផ្លែប៉ោម ជាប្រភពនៃវីតាមីន B

វិតាមីនB ជាសារធាតុសរីរាង្គយ៉ាងសំខាន់ ព្រោះស្ទើរតែរាល់ប្រតិកម្មក្នុងរាងកាយរបស់យើងពាក់ព័ន្ធជាមួយវា។ វីតាមីននេះជួយបំបែកស្ករនិងខ្លាញ់សម្រាប់ជាថាមពលនិងលំនឹងនៅក្នុងខ្លួនប្រាណ។ វាជួយសំយោគឡើងវិញនូវអាស៊ីតអាមីណេ ដែលជាទម្រង់តូចល្អិតបង្កើតរាល់ប្រូតេអ៊ីនទាំងឡាយ។ ក្រៅពីនេះវីតាមីនB បានចូលរួមចំណែកសាងសង់ស្រទាប់ខាងក្រៅរបស់កោសិកា ផលិតថាមពល កំចាត់ជាតិពុលពីរាងកាយ ថែមទាំងផលិតអរម៉ូនមួយចំនួន។  ជាពិសេសវាជាវីតាមីនដ៏សំខាន់សម្រាប់ទ្រទ្រង់សុខភាពខួរក្បាល បង្កើនការចងចាំ និងការគិតពិចារណា។ 

រូបតំណាង

៤. ផ្លែប៉ោម ជាប្រភពនៃវីតាមីនE

វីតាមីនE ជាប្រភេទវីតាមីនប្រឆាំងនឹងការជ្រីវជ្រួញនៃស្បែក។  វាជាសារធាតុដ៏សំខាន់ប្រឆាំងនឹងពពួកជាតិពុលដែលបំផ្លាញកោសិកា។  ហេតុនេះហើយវាល្អសម្រាប់ការរក្សាសម្ជស្សឲ្យនៅក្មេងជាងវ័យ និងការលូតលាស់នៃសក់។  ក្រៅពីនេះ ខ្លួនប្រាណយើងត្រូវការវីតាមីននេះ សម្រាប់ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ ប្រឆាំងបាក់តេរី វីរុស ជាដើម។  វាការពារពីការស្ទះសរសៃឈាមតាមរយៈការពង្រីកសរសៃឈាម។ ជាពិសេសជួយរក្សាសុខភាពបេះដូងនិងប្រឆាំងជំងឺបេះដូងទាំងឡាយ  បន្ថយហានិភ័យនៃជំងឺមហារីក និងបង្កើនសមត្ថភាពខួរក្បាល៕ 

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]