(សេអ៊ូល)៖ ទីបំផុតកីឡាការិនីស្នូកឃ័រ និងប៊ីយ៉ាជម្រើសជាតិកម្ពុជា ស្រួង ភាវី បានសម្រេចបំណងក្នុងការដណ្ដើមមេដាយមាសជើងឯកអាស៊ី ជូនប្រទេសកម្ពុជាបានហើយ បន្ទាប់ពីលោកស្រី បានផ្ដួលគូប្រកួតជាបន្ដបន្ទាប់ ក្នុងការប្រកួតកីឡាស្នូកឃ័រ និងប៊ីយ៉ាជ្រើសរើសជើងឯកអាស៊ីលើកទី១ (The 1st Asian Championship Lalies 3-Cushion 2018) កាលពីម្សិលមិញនៅសាធារណរដ្ឋកូរ៉េ។

កីឡាការិនីឆ្នើម ស្រួង ភាវី បានឲ្យដឹងពីកូរ៉េ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកានេះថា នេះគឺជាលើកដំបូងហើយ ដែលសហព័ន្ធកីឡាស្នូកឃ័រ និងប៊ីយ៉ាអាស៊ី រៀបចំការប្រកួតជើងឯកអាស៊ីផ្នែកនារីនេះឡើង ហើយក៏ជាអ្វីដែលលោកស្រីទន្ទឹងរង់ចាំដែរ ដោយកីឡាការិនីមានដើមកំណើតពីខេត្តត្បូងឃ្មុំរូបនេះ ចង់ចូលរួមប្រកួតក្នុងនាមកីឡាការិនីកម្ពុជា និងដណ្ដើមមេដាយមាសជូនជាតិរបស់ខ្លួន ហើយពេលនេះលោកស្រីបានសម្ដែងការសប្បាយចិត្តជាខ្លាំង ក្រោយទទួលបានជោគជ័យ និងសម្រេចបំណងរបស់ខ្លួនដូច្នេះ។

ភាវី បន្ដថា «ការប្រកួតកីឡាស្នូកឃ័រជើងឯកអាស៊ីលើកដំបូងនេះ គឺមានកីឡាការិនី ១៦នាក់មកពី ៣ប្រទេសចូលរួម រួមមានកូរ៉េ ៩នាក់, ជប៉ុន ៦នាក់ និងកម្ពុជាម្នាក់ ដែលជារូបខ្ញុំផ្ទាល់។ ជាលទ្ធផល ខ្ញុំបានឆ្លងកាត់ ៦ប្រកួត និងទទួលបានជ័យជម្នះជាប់ៗគ្នា ដើម្បីឈ្នះមេដាយមាស ក្នុងនោះប្រកួតផ្ដាច់ព្រ័ត្រ ខ្ញុំបានយកឈ្នះកីឡាការិនីជប៉ុន ៣០-១៧ពិន្ទុ។ ខ្ញុំសប្បាយចិត្ត និងរំភើបខ្លាំងនេះ ព្រោះនេះគឺជាសមិទ្ធផល ដែលខ្ញុំប៉ងចង់បានយូរមកហើយ គឺខ្ញុំប៉ងដណ្ដើមមេដាយមាសជូនប្រទេសជាតិកម្ពុជារបស់ខ្ញុំ»។

លោកស្រីបានបន្ថែមថា «ជោគជ័យនេះ គឺជាកត្ដារុញច្រាន​ និងលើកទឹកចិត្តខ្ញុំឲ្យកាន់តែខិតខំបន្ថែមទៀត ដើម្បីបន្ដចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិនានា ក្នុងនាមកីឡាការិនីជម្រើសជាតិកម្ពុជា។ ចំពោះការប្រកួតនេះ ទោះបីមានប្រទេសចូលរួមតិចក្ដី តែវាគឺជាកិត្តិយសដ៏ធំធេង សម្រាប់ប្រទេសជាតិ ហើយខ្ញុំសង្ឃឹមថា ការប្រកួតក្រោយៗ នឹងមានការចូលរួមកាន់តែច្រើន ពិសេសខ្ញុំចង់ឃើញកីឡាការិនីខ្មែរ មានវត្តមានច្រើន ក្នុងព្រឹត្តិការណ៍នេះ ហើយខ្ញុំក៏ត្រៀមខ្លួនជួយជំរុញ និងលើកទឹកចិត្តដល់កីឡាការិនីខ្មែរដូចគ្នាផងដែរ»។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ នោះទេ ដែលស្ដ្រីខ្មែរ និងមានស្វាមីជាជនជាតិកូរ៉េ ស្រួង ភាវី ដណ្ដើមមេដាយលើឆាកអន្ដរជាតិ ពោលគឺលោកស្រី ធ្លាប់ដណ្ដើមមេដាយមាស ប្រាក់ និងសំរឹទ្ធ ជាច្រើនគ្រឿងមកហើយ ជាក់ស្ដែងកាលពីចុងខែកញ្ញាកន្លងទៅ លោកស្រី ក៏ទើបដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿង ក្នុងការប្រកួតកីឡាស្នូកឃ័រជ្រើសរើសជើងឯកពិភពលោក នៅប្រទេសទួកគីផងដែរ ។ អ្វីដែលគួរកត់សម្គាល់ ភាវី បានធ្វើឲ្យអ្នកនិយមលេងកីឡាស្នូកឃ័រជុំវិញពិភពលោក មានការភ្ញាក់ផ្អើល និងកោតសរសើរមិនដាច់ពីមាត់ឡើយ ចំពោះសមត្ថភាព និងទេពកោសល្យរបស់លោកស្រី៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]