អង់គ្លេស៖ គ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Jose Mourinho បានធ្វើការស្ដីបន្ទោសលើកូនក្រុមរបស់លោកចំនួន៤នាក់ថា ជាកីឡាករដែលខ្វះភាពចាស់ទុំ និងប្រៀបដូចជាកូនក្មេងដែលឪពុកម្តាយបានទម្រើសតាំងពីតូចមកម្ល៉េះ។

Jose Mourinho

អតីតគ្រូបង្វឹកក្រុមតោខៀវ Chelsea រូបនេះ ហាក់មិនទាន់ពេញចិត្តទៅនឹងលទ្ធផលដែលក្លិបម្ចាស់ជើងឯកក្របខណ្ឌលីកកំពូលអង់គ្លេស ២០សម័យកាលមាននាពេលបច្ចុប្បន្ននេះនៅឡើយនោះទេ ដោយសារលោកយល់ថាមកពីឥរិយាបថរបស់កីឡាករមួយចំនួនជាផ្នែកដ៏ធំមួយនាំឲ្យមានលទ្ធផលដូចសព្វថ្ងៃនេះ។

Mourinho បានប្រាប់ឲ្យទូរទស្សន៍ Univision ដឹងថា៖ «នាពេលបច្ចុប្បន្ននេះ កីឡាករមួយចំនួនដូចជា កូនក្មេងដែលឱពុកម្ដាយបានទម្រើសតាំងពីតូចអីចឹង ហើយពួកគេគឺខ្វះភាពចាស់ទំុបំផុត។ ភាពចាស់ទុំនៅទីនេះគឺសំដៅទៅដល់ភាពចាស់ទុំក្នុងកម្រិតរបស់បុគ្គលម្នាក់ៗ ហើយអ្នកដែលនៅជុំវិញខ្លួនរបស់ពួកគេគឺជាចំណែកមួយផងដែរ»។

គ្រូបង្វឹកវ័យ ៥៥ឆ្នាំរូបនេះបាននិយាយបន្ថែមថា៖ «ជាឧទាហរណ៍, ខ្សែការពារ Luke Shaw កាលពី ពីរឆ្នាំមុន ពេលដែលខ្ញុំបានមកដល់ទីនេះ គេមិនទាន់មានសក្កដានុពលអ្វីមួយគួរឲ្យកត់សម្គាល់នោះទេ ហើយឥរិយាបថរបស់គេក៏នៅខ្សោយដែរ។ បើគេអាចកែប្រែចំណុចនេះបាន គេនឹងអាចក្លាយទៅជាកីឡាករដ៏ល្អមួយរូប។ ចំពោះ Martial វិញគេត្រូវតែបង្ហាញពីភាពចាស់ទុំរបស់គេបន្ថែមទៀតក្នុងនាមជាកីឡាករ។ Lingard និង Rashford ក៏ដូចគ្នា ទោះបីជាពួកគេសុទ្ធសឹងតែជាកីឡាករវ័យក្មេង និងមានសក្កដានុពលល្អមែន ប៉ុន្តែពួកគេនៅមានអកប្បកិរិយា និងបុគ្គលិកលក្ខណៈមិនទាន់សូវល្អនៅឡើយទេ»

Jose Mourinho
Luke Shaw, Marcus Rashford និង Jesse Lingard
Jesse Lingard, Marcus Rashford និង Anthony Martial

គួរឲ្យដឹងថា លោក Jose Mourinho បានធ្វើការរិះគន់ចំៗចំពោះកីឡាករ ៤រូបរបស់ក្រុមបិសាចក្រហម Manchester United ដែលរួមមាន៖ ខ្សែប្រយុទ្ធ Anthony Martial, ខ្សែការពារ Luke Shaw, ខ្សែបម្រើ Jesse Lingard និងខ្សែប្រយុទ្ធ Marcus Rashford ក្រោយពីក្រុមរបស់លោកបានភ្លាត់ស្មើជាមួយក្រុម Crystal Palace ដោយលទ្ធផល ០-០ កាលពីយប់ថ្ងៃ សៅរ៍ កន្លងទៅ៕

Luke Shaw និង Jose Mourinho
Marcus Rashford និង Jose Mourinho

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]