ចិន៖ នារីរងគ្រោះជនជាតិចិន បិះតែនឹងត្រូវរថយន្តបើកកិនពីលើ ត្រប៉ែតដូចចេកចៀន ក្រោយទៅអង្គុយនិយាយទូរស័ព្ទនៅមុខឡានគេ ប៉ុន្តែសំណាងល្អចេះបានគេប្រទះឃើញ និងជួយសង្គ្រោះទាន់ពេល។

ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃអាទិត្យ ទី១១ វិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅនេះ នៅចំណុចផ្លូវមួយកន្លែង ស្ថិតក្នុងទីក្រុង Hangzhou ខេត្ត Zhejiang ប្រទេសចិន។

រូបភាពក្នុងថ្ងៃកើតហេតុ ពីកាម៉េរាសុវត្ថិភាព

ជាក់ស្តែង តាមរយៈវីដេអូឃ្លីបថតជាប់ដោយកាម៉េរាសុវត្ថិភាព នៅចំណុចទីតាំងកើតហេតុនោះ គឺបានបង្ហាញយ៉ាងច្បាស់ ដែលនារីរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណខាងលើនេះ អង្គុយចោងហោងស្លុងអារម្មណ៍និយាយទូរស័ព្ទ នៅពីមុខរថយន្ត SUV មួយគ្រឿង។

បន្តិចក្រោយមក ម្ចាស់ឡានក៏បានបើកទ្វារចូលក្នុងឡាន ហើយបើកចេញពីទីនោះ ទាំងពុំបានចាប់អារម្មណ៍មើលមុខក្រោយ ថាមានមនុស្សឬអត់ ក៏បណ្តាលឲ្យបុកកៀបនារីរងគ្រោះនឹងកង់ឡានតែម្តងទៅ។

ជាសំណាងល្អ ភ្លាមៗក្រោយកើតហេតុ អ្នកដំណើរនៅជិតនោះប្រទះឃើញ ក៏បានស្ទុះរត់ទៅប្រាប់អ្នកបើកបរ ដើម្បីឲ្យដឹងពីស្ថានភាពដែលបានកើតឡើងនោះ ក្នុងកាយវិការឲ្យរថយន្តឈប់ កុំឲ្យបើកទៅមុខទៀតកិនលើនារីរងគ្រោះ។

រូបភាពក្នុងថ្ងៃកើតហេតុ ពីកាម៉េរាសុវត្ថិភាព
រូបភាពក្នុងថ្ងៃកើតហេតុ ពីកាម៉េរាសុវត្ថិភាព

ប្រភពបានឲ្យដឹងដែរថា អ្នកដំណើរនៅក្បែរនោះ នាំគ្នាលើកបង្ហើបរថយន្ត ដើម្បីរំដោះនារីរងគ្រោះដែលកៀបជាប់ក្រោមឡាននោះផងដែរ។ ហើយក្រោយកើតហេតុ នារីរងគ្រោះក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យនិងព្យាបាលរបួស តែក៏ជាសំណាងល្អសម្រាប់នាងផងដែរ ដែលពុំមានរងរបួសធ្ងន់ធ្ងរ ឬគំរាមកំហែងខ្លាំងដល់អាយុជីវិតនោះទេ។

គួរឲ្យដឹងដែរថា តាមរយៈវីដេអូឃ្លីបខាងលើនេះ គេជឿថារថយន្តបង្កហេតុនោះ បានចតនៅលើផ្លូវថ្មើរជើង (ផ្លូវសម្រាប់អ្នកដើរ) ដែលអាចបញ្ជាក់បានថា អ្នកបើកបរនោះក៏ប្រព្រឹត្តខុសនឹងច្បាប់ផងដែរ។ តែបើទោះបីជាយ៉ាងណាក្តី គេពុំដឹងទេថា នឹងមានការដោះស្រាយគ្នា (សងជាសំណង) យ៉ាងណា រវាងនិងម្ចាស់បើកបររថយន្ត ជាមួយនឹងនារីរងគ្រោះនោះឡើយ។

យ៉ាងណាមិញ នេះក៏ជាមេរៀននិងជាសាមួយ ដើម្បីជួយក្រើនរម្លឹកដល់មហាជនទូទៅ ឲ្យចេះធានាសុវត្ថិភាពខ្លួនឯង ពិសេសអ្នកដែលមានកូនតូចៗ ដាច់ខាតកុំទៅលេង ឬអង្គុយលេងនៅមុខរថយន្ត មិនថាគេចតចោល ឬយ៉ាងណានោះទេ ចៀសវាងកុំឲ្យដូចករណីនារីរងគ្រោះខាងលើនេះ ៕

ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]