កូរ៉េខាងត្បូង៖ ក្រៅពីបំពេញតម្រូវការរបស់អតិថិជន ដោយផលិតគ្រឿងអេឡិចត្រូនិកទំនើបៗគ្រប់មុខរាប់តាំងពីទូរសព្ទ ទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកខោអាវ។ល។ ពេលនេះក្រុមហ៊ុនយក្ស Samsung កំពុងផលិតប្រព័ន្ធបញ្ជាទូរទស្សន៍មួយដោយប្រើខួរក្បាលមនុស្សផ្ទាល់តែម្តង ក្នុងបំណងដោះស្រាយបញ្ហាធំៗចំនួនពីរ។

ប្រព័ន្ធបញ្ជាទូរទស្សន៍ដោយខួរក្បាល

ទី១ គឺដោយសារប្រជាជនទូទៅឧស្សាហ៍ភ្លេចដៃមិនដឹងជាទុកតេឡេទូរទស្សន៍ (ឧបករណ៍បញ្ជា) នៅឯណា រាល់ពេលត្រូវការប្រើម្តងៗ ខណៈបំណងទី២ គឺជួយដល់អ្នកពិការកាយសម្បទាធ្ងន់ធ្ងរ ដូចជាអ្នកស្លាប់អវយវៈទាំងបួនជាដើម ដើម្បីឱ្យពួកគេមានឱកាសរីករាយទស្សនាកម្មវិធីដែលខ្លួនពេញចិត្ត ដោយគ្មានជំនួយពីអ្នកដទៃ។ 

គួរបញ្ជាក់ថា គម្រោងដែលគេហៅថា Project Ponthius ជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនយក្សផ្នែកអេឡិចត្រូនិកនៃប្រទេសកូរ៉េខាងត្បូង និងមជ្ឈមណ្ឌលសរសៃប្រសាទនៃវិទ្យាស្ថានបច្ចេកទេស Fédérale de Lausanne (EPFL) ក្នុងប្រទេសស្វ៊ីស។

ប្រព័ន្ធបញ្ជាទូរទស្សន៍ដោយខួរក្បាល

ឧបករណ៍គំរូដំបូងត្រូវបានដាក់បង្ហាញអំឡុងសន្និសីទសារព័ត៌មានមួយ ដែលធ្វើឡើងនៅក្រុងសាន់ហ្វ្រាន់ស៊ីស្កូ កាលពីសប្តាហ៍មុន។ គ្រឿងជំនួយនេះបំពាក់ប្រព័ន្ធខួរក្បាលកុំព្យូទ័រ ដែលភ្ជាប់គ្នារវាងអ្នកទស្សនា និងប្រព័ន្ធទូរទស្សន៍។

ប្រព័ន្ធខួរក្បាលកុំព្យូទ័រខាងលើពឹងផ្អែកលើមួក ដែលមានឧបករណ៍ចាប់សញ្ញា (sensor) ចំនួន ៦៤ និងគ្រឿងតាមដានចលនាភ្នែកចំនួនមួយ ហើយបច្ចុប្បន្នអ្នកវិទ្យាសាស្ត្រកំពុងប្រើគំរូនៃរលកខួរក្បាល ដើម្បីកំណត់ថាតើចិត្តមនុស្សធ្វើយ៉ាងម៉េចខ្លះ នៅពេលចង់មើលភាពយន្តម្តងៗ។

ចំណុចនេះហើយដែលឈានដល់ការបង្កើតប្រព័ន្ធ ដែលមនុស្សអាចប្រើសញ្ញាពីរលកខួរក្បាល ដើម្បីទស្សន៍ទាយពីការជ្រើសរើសមួយ រួចប្រើចលនាភ្នែកដើម្បីបញ្ជាក់ថាចង់ជ្រើសរើសអ្វីមួយនោះពិតមែន។ ក្រោយជ្រើសរើសរួច ប្រព័ន្ធនោះនឹងបង្កើតប្រវត្តិរូបរបស់អ្នកទស្សនា រួចបង្ហាញជម្រើសស្រដៀងនឹងអ្វីដែលគេចូលចិត្តនៅថ្ងៃមុខដោយមានប្រសិទ្ធភាព។ 

ប្រព័ន្ធបញ្ជាទូរទស្សន៍ដោយខួរក្បាល

ថ្វីបើប្រព័ន្ធនេះអាចនឹងជួយដល់ជនពិការអវយវៈនៅថ្ងៃណាមួយក៏ពិតមែន ប៉ុន្តែវានឹងមិនលេចជារូបរាងឆាប់ៗឡើយ ព្រោះមនុស្សត្រូវវះដាក់ជែលមួយប្រភេទទៅក្នុងក្បាល មុននឹងពាក់មួកចាប់សញ្ញានេះ ដែលជាចំណុចដ៏ស្មុគស្មាញជាងការចំណាយពេលត្រឹម ២-៣នាទីស្វែងរកតេឡេទៅទៀត។

ទោះយ៉ាងណា Samsung និង EPFL ក៏កំពុងសហការបង្កើតប្រព័ន្ធមួយផ្សេងទៀតដែលអនុញ្ញាតឱ្យអ្នកទស្សនាបញ្ជាទូរទស្សន៍ ដោយប្រើតែរលកខួរក្បាលមួយមុខគត់ ដែលប្រព័ន្ធនេះអាចប្រើជាពិសេសសម្រាប់អ្នកពិការធ្ងន់ធ្ងរបំផុត ពោលគឺអ្នកនៅសល់តែសតិសម្បជញ្ញៈ និងចលនាភ្នែកប៉ុណ្ណោះ៕

ទូរទស្សន៍និងតេឡេ Samsung

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]