ឥណ្ឌា៖ ជាការពិតណាស់ បណ្តាប្រទេសជាច្រើនលើពិភពលោក គឺសុទ្ធសឹងតែមានសេចក្តីជំនឿ និងការគោរពបែបសាសនារៀងៗខ្លួន ដោយក្នុងនោះក៏មានពិធីបុណ្យសាសនាមួយចំនួន ត្រូវបានរងការរិះគន់ ចំពោះសកម្មភាពឃោរឃៅ ដូចជាការកាប់សម្លាប់សត្វព្រៃ (បូជាយញ្ញ) និងការប្រើប្រាស់ហិង្សាផ្សេងៗមានគ្រប់រូបភាពជាដើម។

រូបភាពផ្សេងៗក្នុងពិធីបុណ្យសាសនា Vijayadashami

ជាក់ស្តែង កាលពីថ្មីៗនេះ ពិធីបុណ្យសាសនាមួយនៅឯប្រទេសឥណ្ឌា ស្រ្តីខ្ទង់ជាង ៥ ០០០នាក់ ត្រូវបានអង្គុយតម្រៀបជាជួរ ដោយឲ្យបព្វជិតយកខ្សែតីវ័ធមិនប្រណីដៃ ព្រោះតែមានសេចក្តីជំនឿយ៉ាងមុតមាំថា វានឹងជួយបណ្តេញវិញ្ញាណអាក្រក់ចេញពីពួកគេទាំងអស់នោះ។

ពិធីបុណ្យខាងលើនេះ ត្រូវបានគេដឹងថា ជាពិធីបុណ្យសាសនា «Vijayadashami» (ឬ Dussehra) ដែលអ្នកស្រុកតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំម្តង នៅឯវិហារ Sri Achappan Temple នាភូមិដាច់ស្រយាល Bavithram Vellalapatti ព្រំប្រទល់ជាប់ស្រុក Tiruchi និង Namakkal ក្នុងរដ្ឋ Tamil Nadu ភាគខាងត្បូង ប្រទេសឥណ្ឌា។

រូបភាពផ្សេងៗក្នុងពិធីបុណ្យសាសនា Vijayadashami

យ៉ាងណាមិញ សម្រាប់ពិធីបុណ្យនៅក្នុងឆ្នាំនេះ ក៏ត្រូវបានគេដឹងដែរថា មានការចូលរួមពីអ្នកស្រុកជាច្រើនរស់នៅក្នុងតំបន់។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ស្រ្តីៗស្ម័គ្រចិត្តខ្ទង់ជាង ៥ ០០០នាក់ ក៏បានចូលខ្លួននៅក្នុងចំណែកនៃពិធីបុណ្យសាសនាមួយនេះ ដែលតម្រូវឲ្យពួកនាងអង្គុយតម្រៀបជាជួរ និងក្រាបក្បាលនៅនឹងដី លុះត្រូវដល់វេននរណាម្នាក់ ស្រ្តីនោះត្រូវងើបមុខ និងលើកដៃឡើងសំពះទៅលើ ដើម្បីឲ្យបព្វជិតក្នុងសាសនា វ័ធដៃស្រ្តីនោះនឹងខ្សែតី។

ការធ្វើបែបនេះ អ្នកស្រុកជាច្រើននៅក្នុងតំបន់មានជំនឿថា វានឹងជួយបណ្ដេញវិញ្ញាណអាក្រក់ ក៏ដូចជាជួយព្យាបាលរោគជំងឺផ្សេងៗ ឲ្យចេញអស់ពីខ្លួនរបស់ពួកគេផងដែរ។

បើទោះបីជាមើលទៅសកម្មភាពបែបនេះ វាហាក់បីដូចជាឃោរឃៅបន្តិចមែន រហូតមានការរិះគន់មួយចំនួនពីសំណាក់មជ្ឈដ្ឋានទូទៅ និងចោទជាសំណួរថា ការធ្វើបែបនេះអាចចាត់ទុកជាបទឧក្រិដ្ឋទេនោះ បព្វជិតក្នុងសាសនាក៏បានឆ្លើយតបវិញផងដែរថា វាគឺជាសេចក្តីជំនឿរបស់អ្នកស្រុកដែលមិនអាចប្រកែកបាន ដែលនាំពួកគេមកទីនេះ។

រូបភាពផ្សេងៗក្នុងពិធីបុណ្យសាសនា Vijayadashami

បព្វជិតក្នុងសាសនាបានលើកឡើងទៀតថា ប្រសិនបើអ្នកស្រុកមិនមកទីនេះទេនោះ ពួកគេ (បព្វជិត) ក៏មិនដើរទៅផ្ទះអ្នកស្រុកប្រកូកប្រកាស ឬអញ្ជើញហៅពួកគេឲ្យមកទីនេះ ដើម្បីវ័ធនឹងខ្សែតីនោះឡើយ។ ពោលគឺបានន័យថា វាគឺជាសេចក្តីជំនឿយ៉ាងជាក់លាក់ និងជាការស្ម័គ្ររបស់អ្នកស្រុករស់នៅក្នុងតំបន់ប៉ុណ្ណោះ ដោយពុំមែនជាការបង្ខិតបង្ខំណាមួយនោះទេ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖   

រូបភាពផ្សេងៗក្នុងពិធីបុណ្យសាសនា Vijayadashami
រូបភាពផ្សេងៗក្នុងពិធីបុណ្យសាសនា Vijayadashami

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]