ចិន៖ ហេតុតែដើម្បីចង់បន្ថែមអត្ថន័យជីវិត ដល់អ្នកម្តាយជាទីស្រលាញ់ កូនស្រីចិត្តកតញ្ញូម្នាក់ ខំតែងកាយដល់អ្នកម្តាយមេម៉ាយ ក្នុងឈុតកូនក្រមុំយ៉ាងស្រស់ប្លែក ដែលរូបគាត់ពុំធ្លាប់បានពាក់វាពីមុនមក រហូតធ្វើឲ្យរំភើបចិត្ត ដល់ថ្នាក់សម្រក់ទឹកភ្នែក។

ស្រ្តីជាម្តាយមេម៉ាយចំណាស់ខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា Chen Zhaolian មានអាយុ ៦៣ឆ្នាំ មានកូនស្រីឈ្មោះ Ma Er

រូបភាព៖ Ma Er និងអ្នកស្រី Chen

ងាកទៅកាន់អតីតកាលបន្តិច បើតាមការរៀបរាប់ពីកូនស្រី Ma Er បានឲ្យដឹងថា ឪពុករបស់នាងបានស្លាប់តាំងពីកំឡុងឆ្នាំ១៩៩៧ មកម្ល៉េះ ដែលធ្វើឲ្យស្ថានភាពគ្រួសារកាន់តែដុនដាប។ ចាប់តាំងពីឪពុករបស់នាងស្លាប់មក ម្តាយរបស់នាង ពោលគឺអ្នកស្រី Chen ក៏បានសម្រេចចិត្តទៅធ្វើការងារ ជាបុគ្គលិកសម្អាតតាមផ្លូវ (ឬហៅថា ស៊ិនទ្រី) ដើម្បីរកប្រាក់ចិញ្ចឹមនាង និងបងប្រុសនាង ព្រោះថានៅពេលនោះ បងប្អូននាងនៅតូចនៅឡើយ ម្យ៉ាងម្តាយរបស់នាងក៏ពុំមានចំណេះដឹងដូចគេ (អត់ចេះអក្សរ) ដូច្នេះហើយគាត់មានតែធ្វើការងារបែបនេះដើម្បីចិញ្ចឹមៗកូន។

រូបភាព៖ Ma Er និងអ្នកស្រី Chen

Ma Er បានបន្តថា បច្ចុប្បន្ននាងមានអាយុ ២៨ឆ្នាំហើយ ហើយនាងពិតជាមិនចង់ឃើញម្តាយលំបាក និងចង់រកស៊ីចិញ្ចឹមគាត់វិញម្តង។ ជាក់ស្តែង កន្លងមក Ma Er នាងក៏តែងសុំម្តាយឲ្យឈប់ធ្វើការជាអ្នកសម្អាតតាមផ្លូវនោះទៀតទៅ ប៉ុន្តែផ្ទុយទៅវិញ ម្តាយរបស់នាងនៅតែបន្តធ្វើវា ហើយគាត់ថែមទាំងនៅឆ្លៀតធ្វើការងារក្រៅម៉ោងជាបុគ្គលិកនៅអាហារដ្ឋានទៀត។

«ឥឡូវនេះខ្ញុំធំហើយ ខ្ញុំអាចទទួលបន្ទុកការងារទាំងអស់នេះបាន ព្រោះថាកន្លងមក ម្តាយរបស់ខ្ញុំគាត់បានខិតខំយ៉ាងលំបាកមកហើយ ដើម្បីរកប្រាក់ចិញ្ចឹមពួកខ្ញុំ» Ma Er និយាយ។

នាងបន្តថា «ជាការពិតណាស់ ស្រ្តីគ្រប់រូបតែងតែប្រាថ្នាចង់ស្លៀកឈុតរៀបការ ឬឈុតកូនក្រមុំ។ ម្តាយរបស់ខ្ញុំគាត់គ្រាន់តែជាមនុស្សស្រីធម្មតាម្នាក់ ហើយក៏មិនដែលមានឱកាសបានស្លៀកវានោះឡើយ។ ដូច្នេះខ្ញុំសម្រេចចិត្តថា នឹងធ្វើវាឲ្យបានជូនគាត់ ព្រោះខ្ញុំមានគំនិត និងចង់ធ្វើបែបនេះឲ្យគាត់ អស់ពេលច្រើនឆ្នាំមកហើយ»

រូបភាព៖ Ma Er និងអ្នកស្រី Chen

ជាក់ស្តែង នៅទីបំផុត Ma Er នាងក៏បានបំពេញបំណងមួយនេះ ព្រោះនាងពិតជាចង់ឃើញម្តាយរបស់នាង គ្រងនូវឈុតកូនក្រមុំ និងមានរូបថតអាពាហ៍ពីពាហ៍ជាខ្លាំង នេះក៏ព្រោះតែម្តាយរបស់នាង ពុំធ្លាប់មានបែបនេះពីមុនមកឡើយ។ 

ស្ថិតនៅក្នុងបន្ទប់ស្ទូឌីយ៉ូថតរូប អ្នកស្រី Chen ត្រូវបានគេមើលឃើញថា បានគ្រងនូវរ៉ូបពណ៌.ស អមមកជាមួយនឹងម្កុដនៅលើក្បាល និងស្បៃគ្របក្បាលយ៉ាងស្រស់ស្អាត តែងតួជាកូនក្រមុំ ខណៈឯ Ma Er ជាកូនស្រី បានតែងខ្លួនដោយស្លៀកនូវឈុតអាវធំ តែងតួជាកូនកម្លោះ (ជំនួសឪពុករបស់នាង) ដើម្បីថតរូបទុកជាអនុស្សាវរីយជាមួយនឹងអ្នកម្តាយ។

ក្រៅពីនេះ ក៏មានការថតរូបជាមួយនឹងស្ទាយ៍ម៉ូតសម្លៀកបំពាក់ជាច្រើនផ្សេងទៀត រវាងម្តាយកូនពីរនាក់នេះផងដែរ។

ដោយសារតែនេះ គឺជាលើកទីមួយ នៅក្នុងការតុបតែងខ្លួន និងគ្រងឈុតកូនក្រមុំយ៉ាងស្រស់ស្អាតបែបនេះ អ្នកស្រី Chen ត្រូវបានគេមើលឃើញថា លួចសម្រក់ទឹកភ្នែកទាំងក្តីរំភើបនិងរំជួលចិត្ត ជាពិសេស គឺនៅខណៈពេលដែលកូនស្រីរបស់អ្នកស្រី បានកាន់បាច់ផ្កាប្រគល់ជូនអ្នកស្រីដើម្បីថតរូប។

រូបភាព៖ Ma Er និងអ្នកស្រី Chen
រូបភាព៖ Ma Er និងអ្នកស្រី Chen

តាមការឲ្យដឹងបន្ថែមពី Ma Er បាននិយាយថា ម្តាយរបស់នាងជាស្រ្តីដ៏កំសត់ និងតែងតែលួចសម្រក់ទឹកភ្នែករាល់យប់ ហើយគាត់តែងទទួលរងការមើលងាយជាច្រើន ពីសំណាក់មនុស្សនៅជុំវិញខ្លួន សុខចិត្តឲ្យកូនៗល្អ មានរបស់របរប្រើប្រាស់ ទាំងខ្លួនគាត់ពុំដែលមានអ្វីដែលជារបស់ខ្លួនឯង ដែលទាំងអស់នេះនាងនិងបងប្រុសទើបតែដឹង នៅពេលដែលនាងធំពេញវ័យតែប៉ុណ្ណោះ ជាហេតុធ្វើឲ្យនាងខ្លោចចិត្ត និងចង់បន្ថែមអត្ថន័យនៃជីវិតដល់ម្តាយរបស់នាងវិញ ឲ្យក្លាយជាមនុស្សរឹងប៉ឹងនៅក្នុងជីវិត។

រូបភាព៖ Ma Er និងអ្នកស្រី Chen

គួរឲ្យដឹងផងដែរថា ជុំវិញនឹងរឿងរ៉ាវខាងលើនេះ បានធ្វើឲ្យអ្នកនិយមលេងបណ្តាញសង្គមចិន Weibo ជាច្រើន រំជួលចិត្ត សឹងតែទប់ទឹកភ្នែកមិនបាន ចំពោះទង្វើរបស់ Ma Er បានធ្វើចំពោះម្តាយនាង ដោយគ្រប់គ្នាសរសើរដល់ Ma Er និងថានាងជាកូនស្រីដ៏ល្អបំផុត ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?  

រូបភាព៖ Ma Er និងអ្នកស្រី Chen
រូបភាព៖ Ma Er និងអ្នកស្រី Chen
រូបភាព៖ Ma Er និងអ្នកស្រី Chen
រូបភាព៖ Ma Er និងអ្នកស្រី Chen
រូបភាព៖ Ma Er និងអ្នកស្រី Chen
រូបភាព៖ Ma Er និងអ្នកស្រី Chen

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]