បរទេស៖ លោក Vichai Srivaddhanaprabha កើតនៅថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៥៨ លោកគឺជាមហាសេដ្ឋីថៃ អ្នកជំនួញ និងស្ថាបនិកក្រុមហ៊ុន King Power International Group។ លោកក៏ជាម្ចាស់ក្លឹប Leicester City នៅក្របខ័ណ្ឌ Premier League ចាប់តាំងពីឆ្នាំ ២០១០ រហូតដល់ពេលដែលគាត់បានស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រកាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០១៨ កន្លងទៅនេះ។

លោក Srivaddhanaprabha

អាជីព

លោក Srivaddhanaprabha ជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន King Power International Group។ លោកជាប់ចំណាត់ថ្នាក់ក្នុងទស្សនាវដ្តី Forbes ជាអ្នកមានបំផុតទី ៧ នៅប្រទេសថៃ ដែលត្រូវបានគេរាយការណ៍ថាមានទឹកប្រាក់សរុបប្រមាណ ៣,៣ ពាន់លានដុល្លារអាមេរិក។

នៅខែសីហា ឆ្នាំ២០១០ សម្ព័ន្ធសមាគមបាល់ទាត់អាស៊ីដែលរួមមានទាំងរូបលោក និងកូនប្រុសរបស់លោក Aiyawatt បានទិញក្លិប Leicester City នៅក្របខណ្ឌ Championship របស់ចក្រភពអង់គ្លេស។ លោកបានទទួលតំណែងជាប្រធានក្លិបនៅខែកុម្ភៈ ឆ្នាំ២០១១  ពេលលោកបន្តធ្វើជាម្ចាស់ ហើយកូនប្រុសរបស់លោកជាអនុប្រធាន។ នៅខែកក្កដា ឆ្នាំ២០១១ អតីតកីឡដ្ឋាន Walkers ត្រូវបានប្តូរឈ្មោះជាកីឡដ្ឋាន King Power។

លោក Srivaddhanaprabha

Leicester City បានឈ្នះពានរង្វាន់ក្របខណ្ឌ Premier League ២០១៥-១៦ ។ មិនយូរប៉ុន្មាន មុនពេលរដូវកាល ២០១៦-១៧ លោក Srivaddhanaprabha បានទិញរថយន្ត BMW i8 ដែលមានតម្លៃជាង ១០០,០០០ ផោនជូនកីទ្បាករ ១៩ នាក់ម្នាក់មួយគ្រឿងសម្រាប់ជាអំណោយនៃការឈ្នះពានរង្វាន់ដ៏ធំនេះ។

នៅខែឧសភា ឆ្នាំ២០១៧ លោកបានទិញក្លិបបាល់ទាត់មួយទៀតឈ្មោះ OH Leuven នៅប្រទេសបែលហ្សិក។

កីទ្បាជិះសេះវាយកូនគោល

លោក Srivaddhanaprabha

ពេលទំនេរលោកចូលចិត្តលេងជិះសេះវាយកូនហ្គោល ហើយលោកគឺជាម្ចាស់ក្លិប VR Polo នៅទីក្រុងបាងកក ប្រទេសថៃ។ លោកជាប្រធានក្លិប Ham Polo នៅទីក្រុងឡុងដ៍ពីឆ្នាំ ២០០៨ ដល់ឆ្នាំ២០១២។

ជីវិតឯកជន

លោក Srivaddhanaprabha និងភរិយា

លោក Srivaddhanaprabha កើតនៅក្នុងគ្រួសារថៃកាត់ចិន។ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី Aimon Srivaddhanaprabha មានកូនចំនួនបួននាក់គឺ Voramas, Apichet, Aroonroong, និង Aiyawatt ។ នៅឆ្នាំ២០១២ អតីតព្រះមហាក្សត្រនៃប្រទេសថៃ Bhumibol Adulyadej បានប្រទាននាមត្រកូលថ្មីឲ្យគ្រួសាររបស់លោកថា Srivaddhanaprabha ដែលមានន័យថា "ពន្លឺនៃសិរីរុងរឿងរីកចម្រើន"។ លោកបានទទួលសញ្ញាប័ត្របណ្ឌិតកិត្តិយសជាបណ្ឌិតផ្នែកច្បាប់នៅសាកលវិទ្យាល័យ Leicester ក្នុងឆ្នាំ ២០១៦។

ការស្លាប់

គ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្ររបស់លោក Srivaddhanaprabha

នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ ឧទ្ធម្ភាគចក្រ AgustaWestland AW169 របស់លោក Srivaddhanaprabha បានធ្លាក់នៅខាងក្រៅកីឡដ្ឋាន King Power បន្ទាប់ពីបានចាកចេញពីទីលាន។ សាក្សីដែលបានឃើញហេតុការណ៍នេះផ្ទាល់ភ្នែកបានប្រាប់ឲ្យដឹងថា ពួកគេបានឃើញឧទ្ធម្ភាគចក្រនេះវិលជុំវិញ រួចក៏បានធ្លាក់បង្កើតបានជាដុំភ្លើងដ៏ធំ។ នៅថ្ងៃបន្ទាប់ សារព័ត៌មានបានបញ្ជាក់ថា លោក Srivaddhanaprabha រួមទាំងអ្នកដំណើរបីនាក់ និងពីឡុតម្នាក់ទៀតបានស្លាប់នៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រនេះ។ 

គ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្ររបស់លោក Srivaddhanaprabha

មានការគោរពដឹងគុណ និងបាច់ផ្កាជាច្រើនត្រូវបានដាក់ជូនលោក Srivaddhanaprabha នៅក្រៅកីឡដ្ឋាន King Power ដោយអ្នកគាំទ្រក្លិប Leicester និងក្លិបបាល់ទាត់ដទៃទៀត៕

ការគោរពដឹងគុណ និងបាច់ផ្ការបស់អ្នកគាំទ្ររូបលោក

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]