ផ្កាឡាវែនឌឺ ជាផ្កាក្រអូបមួយប្រភេទ ដែលមានប្រភពមកពីប្រទេសអាហ្វ្រិកខាងជើង និងជាប្រភេទផ្កាភ្នំ។ ដោយសារក្លិនរបស់ផ្កានេះល្បីត្រូវបានគេប្រើប្រាស់សម្រាប់បណ្តេញមុស ព្រោះមុសស្អប់ក្លិននេះណាស់ ប៉ុន្តែចំពោះច្រមុះមនុស្សយើង វាផ្តល់នូវក្លិនដ៏ក្រអូបបន្សាយពាសពេញបរិយាកាស និងអាចដាក់លម្អបានទៀតផង។

ការសិក្សាស្រាវជ្រាវមួយចំនួនបានឲ្យដឹងថា ក្លិនដ៏ក្រអូបរបស់ផ្កានេះ មិនត្រឹមតែមិនធ្វើឲ្យឈឺក្បាលនោះទេ វាទាំងជួយកាត់បន្ថយនូវបញ្ហាស្ត្រេស បញ្ហាដេកមិនលក់ និង ជួយបន្តូរនូវអារម្មណ៍មួរម៉ៅ និងហ្មងសៅទៀតផង។ គួរទិញរកផ្កា ឡាវែនឌឺ(Lavender) ដាក់ក្នុងបន្ទប់ ដើម្បីសុខភាពខួរក្បាលរបស់លោកអ្នក។

ក្រៅពីនេះផ្កានេះក៏ត្រូវបានគេចំរាញ់ធ្វើជាប្រេងសម្រាប់ប្រើប្រាស់ ដែលផ្តល់នូវអត្ថប្រយោជន៍មួយចំនួនចំពោះសុខភាពទៀតផង។ ការប្រើប្រាស់ប្រេងនៃផ្កាឡាវែនឌឺលាបលើស្បែក ត្រូវបានគេនិយមថា ផ្តល់នូវសារៈប្រយោជន៍ចំពោះស្បែក ព្រោះវាមាននូវសារធាតុអង់ទីស៊ីបទិចប្រឆាំងនឹងមេរោគ និងសារធាតុប្រឆាំងនឹងការរលាកមួយចំនួនទៀតផង។ គេក៏អាចប្រើប្រាស់វាសម្រាប់ព្យាបាលលើមុខរបួសរលាក និងសត្វទិចជាដើម។

ការសិក្សាមួយចំនួនផ្សេងទៀត ក៏បានឲ្យដឹងថា ការប្រើប្រាស់ស្លឹកនៃផ្កាឡាវែនឌឺ ធ្វើជាតែក្តៅអ៊ុន ផឹកជាប្រចាំ បានជួយសម្រួលដល់បញ្ហានៃប្រព័ន្ធរំលាយអាហារ ដូចជា បញ្ហាក្អួត ចង្អោរ ឆ្អល់ពោះ និងហើមពោះជាដើម។

លើសពីនេះទៅទៀត វាមាននូវអត្ថប្រយោជន៍ដ៏ពិសេសក្នុងការប្រឆាំងនឹងបញ្ហាជ្រុះសក់ទៀតផង។ ការស្រាវជ្រាវមួយបានប្រាប់ឲ្យដឹងថា ការប្រើប្រាស់នូវផលិតផលប្រេងនៃផ្កាឡាវែនឌឺ បានជំរុញដល់ការលូតលាស់នៃកោសិកាសក់បានរហូតដល់ ៤៤ភាគរយឯណោះក្រោយប្រើប្រាស់វាត្រឹមតែ៧ខែប៉ុណ្ណោះ។

ដូច្នេះផ្កាឡាវែនឌឺ មិនត្រឹមតែផ្តល់នូវក្លិនក្រអូបតែមួយមុខទេ  តែក្លិនរបស់វាអាចជួយបណ្តេញសត្វមូសយ៉ាងមានប្រសិទ្ធភាពខ្លាំង ជាពិសេសវាផ្តល់នូវអត្ថប្រយោជន៍សម្រាប់សុខភាពយ៉ាងច្រើនទៀតផង រាប់តាំងពីការដោះស្រាយបញ្ហាប្រព័ន្ធរំលាយអាហារ និងបញ្ហាជ្រុះសក់ជាដើមទៀតផង៕

ផ្កាឡាវែនឌឺ
ប្រើលាបលើមុខរបួសរលាកឬសត្វទិច
ប្រេងនៃផ្កាឡាវែនឌឺ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]