ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានរងរបួសធ្ងន់ ចំណែករថយន្តមួយគ្រឿងម៉ាកបានរងការខូចខាតខ្ទេចទាំងស្រុងតែម្ដង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយរថយន្តបានកើតឡើងកាលពីវេលាម៉ោង១២និង១៥ នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះគីឡូ ម៉ែត្រលេខ៨៦និង៨៧ ស្ថិតនៅចំណុចភូមិត្រពាំងចិក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខណៈដែលរថយន្តពីរគ្រឿងបុកគ្នាក្នុងទិសដៅបញ្ច្រាសគ្នា។
លោកម៉ុយ អុីម នាយផ្នែកចរាចរណ៍ គរបាលក្រុងកំពង់ឆ្នាំង បានអោយដឹងថាជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើមានឈ្មោះ ប៉េវ សុជាតិ អាយុ ២៩ឆ្នាំ មានទីលំនៅភូមិជារៅ ឃុំរលាប្អៀរស្រុករលាប្អៀរ ។
លោកបានបន្តថា មុនពេលកើតហេតុ រថយន្តម៉ាកតាកូម៉ាមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ពោធិ៍សាត់ ២A-០៨២៦ បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុក៏បានបើកវ៉ាជែង ហើយក៏ជ្រុលទៅបុកនឹងរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ ៣D-២០៥០ បើកបរក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលអោយរថយន្តម៉ាកតាកូម៉ាប៉ើងខ្ទេចរងការខូចខាតទាំងស្រុងតែម្ដង ចំណែកអ្នកបើកបរបានកៀបជាប់ក្នុងរថយន្ត ពេលនោះប្រជាពលរដ្ឋ និងសមត្ថកិច្ចនាំគ្នាគាស់យកជនរងគ្រោះចេញពីក្នុងរថយន្តដោយការលំបាក ហើយក៏បានយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តតែម្តង ។ ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយ បានរត់គេចខ្លួនបាត់។
តាមប្រភពព័ត៌មានក្រៅផ្លូវការមួយផ្សេងទៀតបានអោយដឹងថា មុនពេលកើតហេតុ មានរថយន្ត១គ្រឿងផ្សេងទៀត បានបើកស្របទិសគ្នាពីក្រោយរថយន្តម៉ាកតាកូម៉ា ហើយក៏បានបុកគូទរថយន្តម៉ាកតាកូម៉ាពីក្រោយ ទើបបណ្ដាលឲ្យរថយន្តតាកូម៉ាជ្រុលទៅខាងឆ្វេងដៃបុកជាមួយនឹងរថយន្តហ៊ីយ៉ាន់ដាយតែម្តង ។
ទោះជាយ៉ាងនេះក្តី នៅកន្លែងកើតហេតុ គេឃើញតែរថយន្តពីរគ្រឿង ហើយត្រូវបានសមត្ថកិច្ចយកទៅ រក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីទុកដោះស្រាយតាម នីតិវិធី។
សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានសន្និដ្ឋានថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ គឺកើតឡើងដោយសារការបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]