កូរ៉េខាងត្បូង ៖ នៅរសៀសថ្ងៃនេះដែរ ក្រុមតារាសម្តែង និងបុគ្គលិករបស់ក្រុម KBS World ជាច្រើនរូប បានចូលរួម ក្នុងសន្និសីទកាសែតមួយ ដែលរៀបចំឡើង មុនពេលរឿង When Time Stopped ចាប់ផ្ដើមចាក់បញ្ចាំង។

ក្នុងនោះដែរ ក៏មានវត្តមានរបស់ តារាប្រុសល្បីឈ្មោះ លោក Kim Hyun Joong ដែលសម្ដែងជាតួអង្គប្រុស ក្នុងរឿងនេះ បន្ទាប់ពីលោកបាន បាត់មុខពីសិល្បៈ រយៈពេល ៤ឆ្នាំ។

រូបភាព Kim Hyun Joong

អ្វីដែលធ្វើឲ្យ អ្នកគាំទ្រ ស្ទើរតែទប់ទឹកភ្នែកមិនបាននោះ គឺពាក្យពេចន៍ដែល Kim Hyun Joong បាននិយាយនៅក្នុង សន្និសីទកាសែត ថ្ងៃនេះ។

លោកបាននិយាយថា ៖ «ខ្ញុំបានត្រលប់មកវិញហើយ ជាមួយគម្រោងថ្មី បន្ទាប់ពីការសម្រាក រយៈពេល ៤ឆ្នាំកន្លងមក ហើយខ្ញុំសូមអរគុណ ដល់អ្នកសារព័ត៌មានទាំងឡាយផងដែរ ចំពោះការយកចិត្តទុកដាក់ របស់ពួកគេ មកលើរឿងរ៉ាវក្នុងជីវិតរបស់ខ្ញុំ»។

រូបភាព Kim Hyun Joong

Kim Hyun Joong បានបន្តទៀតថា «និយាយដោយស្មោះត្រង់ទៅចុះ រឿងរ៉ាវជាច្រើនដែលបានកើតឡើង ក្នុងរយៈពេល ៤ ឆ្នាំកន្លងមកនេះ ឲ្យខ្ញុំសុំទោសផង ដែលធ្វើឲ្យគ្រប់គ្នា ព្រួយបារម្ភ។ ខ្ញុំមិនដឹងថាត្រូវចាប់ផ្តើម ពាក្យសុំទោស ពីត្រង់ណាមុននោះទេ ប៉ុន្តែខ្ញុំអរគុណគ្រប់គ្នា ដែលតែងតែជឿជាក់ ហើយឆ្លងកាត់ រឿងអាក្រក់ៗមកជាមួយគ្នា។ ពីពេលនេះទៅ ខ្ញុំនឹងមិននិយាយនោះទេ ថាខ្ញុំនឹងសម្ដែងបានល្អ ឬបង្កើតបទចម្រៀងមួយ បានល្អ ដូចកាលពីមុន ប៉ុន្តែខ្ញុំនឹងបង្ហាញអ្នក ថាខ្ញុំគ្រាន់តែជា មនុស្សធម្មតាម្នាក់ ដែលមិនបោះបង់ ការព្យាយាមចោលឡើយ»។

រូបភាព Kim Hyun Joong

អតីតមេក្រុម SS501 រូបនេះ បានបញ្ចប់សេចក្ដីថ្លែងការណ៍ របស់ខ្លួន ដោយនិយាយថា លោកមិនដឹងឡើយ ថាអ្នកមើល នឹងមានប្រតិកម្មបែបណា ចំពោះរូបលោក សម្រាប់រឿងភាគថ្មី មួយនេះ។ ប៉ុន្តែលោក បានព្យាយាមរួចទៅហើយ ដើម្បីវា។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកគាំទ្រជាច្រើន ចាប់ផ្ដើមបង្ហាញ អារម្មណ៍ក្រៀមក្រំ បន្ទាប់ពីបានស្ដាប់ អ្វីដែល Kim Hyun Joong និយាយ។ 

រូបភាព Kim Hyun Joong

ពួកគេបានលើកឡើងថា វាហាក់បីដូចជា លោកកំពុងតែ ស្រែកសុំឱកាស ដើម្បីលុបលាង កំហុសដែលបានបាត់ទៅ អស់រយៈពេល ៤ឆ្នាំរបស់លោក ដោយសារតែ រឿងក្ដីជាមួយនឹងអតីតគូស្នេហ៍។  ពេលនោះ លោកស្រាប់តែបាត់ទៅ ទាំងដែលប៉ូលីស បានបង្ហាញពីភាពស្អាតស្អំ របស់លោកទៅហើយ។ 

វាពិតជារឿងដ៏គួរឲ្យ សោកសៅមួយ សម្រាប់អ្នកគាំទ្រ ពិតប្រាកដ ដែលរង់ចាំលោក៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]