ភ្នំពេញ៖ ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០១៨ កិច្ចប្រជុំកំពូលបច្ចេកវិទ្យាកម្ពុជា បានបញ្ចប់កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ដោយមានការចូលរួមពីវាគ្មិនអន្តរជាតិ អាជីវកម្មបង្កើតថ្មីក្នុងស្រុកដែលមានសក្ដានុពលនានា និងបានបង្ហាញឲ្យឃើញពីកាលានុវត្តន៍ភាពសម្រាប់ប្រព័ន្ធអាជីវកម្មបច្ចេកវិទ្យា ដែលកំពុងមានសន្ទុះខ្លាំងនៅក្នុងប្រទេសកម្ពុជា។

ដោយមានការរៀបចំដោយក្រុមហ៊ុន Smart Axiata និងវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) និងដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) និងមូលនធិកសាងសមត្ថភាព និងការស្រាវជ្រាវ និងអភិវឌ្ឍន៍ (CBRDF) កិច្ចប្រជុំកំពូលបច្ចេកវិទ្យាកម្ពុជា ត្រូវបានរៀបចំជាលើកដំបូងហើយក្នុងប្រទេសកម្ពុជា។

ចាប់តាំងពីថ្ងៃសុក្រ គំនិតផ្ដួចផ្ដើមជាច្រើន ដែលបង្កើតឡើងដោយក្រុមហ៊ុន Smart ត្រូវបានអនុវត្តនៅក្នុងទីក្រុងភ្នំពេញ ដែលក្នុងនោះមានដូចជា៖

• កម្មវិធី Seedstars World ជាកម្មវិធីប្រកួតធំជាងគេបំផុតសម្រាប់អាជីវកម្មបង្កើតថ្មីក្នុងប្រទេសកំពុងលូតលាស់ ដែលក្នុងនោះមានកម្មវិធី Bootcamp រយៈពេលពីរថ្ងៃ ព្រមជាមួយនឹងឱកាសក្នុងការហ្វឹកហាត់ ដោយគ្រូល្បីៗក្នុងស្រុក ក៏ដូចជាអន្តរជាតិ។
• កម្មវិធីជជែកកសាងបណ្ដាញអាជីវកម្មបង្កើតថ្មី/វិនិយោគិន ដែលមានការចូលរួមពីសំណាក់តួអង្គនានាទាំងក្នុងស្រុក និងអន្តរជាតិ ក្នុងរង្វង់អាជីវកម្មថ្មី រួមទាំងគ្រូមកពីកម្មវិធី Seedstars Bootcamp ផងដែរ
• BarCamp ដែលជាកម្មវិធីលើកកម្ពស់ការយល់ដឹងអំពីបច្ចេកវិទ្យា សហគ្រិនភាព និងអាជីវកម្មថ្មី ធំជាងគេបំផុតនៅកម្ពុជា
• មជ្ឍដ្ឋានអ្នកអភិវឌ្ឍន៍កម្មវិធីលើ Facebook (Facebook Developer Circle) ដែលជាសហគមន៍អ្នកអភិវឌ្ឍន៍ ដែលចែករំលែកពីបច្ចេកវិទ្យាថ្មីៗ និងប្រមូលផ្ដុំទៅដោយអ្នកជំនាញក្នុងស្រុក
• “Startup Kingdom” ដែលបង្ហាញពីរបាយការណ៍អាជីវកម្មថ្មីនៅកម្ពុជា ដែលគ្រោងនឹងចេញផ្សាយឆាប់ៗ
• កម្មវិធី Smart Tech Talk ដែលជាវេទិកាប្រចាំឆ្នាំ ដែលមានការចូលរួមពីវាគ្មិនអន្តរជាតិ និងវគ្គពិភាក្សាផ្សេងៗ  

កិច្ចប្រជុំកំពូលបច្ចេកវិទ្យាដំបូងគេនៅកម្ពុជា

លោក ថូម៉ាស ហ៊ុន អគ្គនាយកក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ 

“ក្រុមហ៊ុន Smart Axiata គឺជាកម្លាំងចលករនៅពីក្រោយវិស័យបច្ចេកវិទ្យាក្នុងប្រទេសកម្ពុជា។ យើងមានក្ដីរំភើបក្នុងការចូលរួមនៅក្នុងព្រឹត្តិការណ៍នានាដូចជាកម្មវិធីនេះជាដើម ដែលបាននាំយកគំនិតផ្ដួចផ្ដើមរបស់យើងទាំងអស់មកបង្ហាញក្នុងពេលតែមួយនៅចុងសប្ដាហ៍នេះ។ ក្នុងនោះ ក៏មានវាគ្មិនអន្តរជាតិល្បីៗមកពីក្រុមហ៊ុនយក្សផ្នែកបច្ចេកវិទ្យា ដែលចូលរួមនៅក្នុងវគ្គពិភាក្សា Smart TechTalks របស់យើង និងកម្មវិធីប្រកួតអាជីវកម្មថ្មីអន្តរជាតិ - Seedstars ដែលពិតជាបានលើកកម្ពស់សមត្ថភាព និងកាលានុវត្តន៍ភាពសម្រាប់ប្រព័ន្ធអាជីវកម្មថ្មីក្នុងស្រុករបស់យើង”។

វាគ្មិនអន្តរជាតិនានាមកពីក្រុមហ៊ុន Google, Facebook, Leaderonomics, Huawei, Transcosmos និង Digital Ventures បានទាក់ទាញចំណាប់អារម្មណ៍ពីអ្នកចូលរួមជាច្រើនក្នុងកម្មវិធីនាព្រឹកថ្ងៃអាទិត្យ ខណៈដែលនៅពេលរសៀលវិញ វគ្គពិភាក្សាពិសេស ដែលមានការចូលរួមពីសំណាក់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា តំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមហ៊ុនGoogle, Seedstars និង Smart Axiata បានពិភាក្សាលើប្រធានបទនានាផ្ដោតលើ “ការប្រើប្រាស់ថាមពលនៃនវានុវត្តន៍បច្ចេកវិទ្យាដើម្បីកម្ពុជា”។

ក្រៅពីការសង្ខេបលើរបាយការណ៍ស្ដីពីអាជីវកម្មថ្មីនៅកម្ពុជា ដែលនឹងចេញផ្សាយនាពេលខាងមុខ ដែលបង្ហាញដោយក្រុមហ៊ុន Raintree និង Mekong Strategic Partners ក៏មានអាជីវកម្មថ្មី កម្ពុជាចំនួន ១០ បានបង្ហាញខ្លួន នៅក្នុងព្រឹត្តិការណ៍រយៈពេល ៣ ថ្ងៃរបស់ Seedstars ដើម្បីធ្វើបទបង្ហាញអំពីអាជីវកម្មរបស់ខ្លួន ដល់គណៈកម្មការ ដែលសមាសភាពបុគ្គលល្បីៗក្នុងវិស័យអាជីវកម្មថ្មីលំដាប់អន្តរជាតិ ដូចជាលោក Feiruz Ikhwan ជា CFO ក្រុមហ៊ុនSmart Axiata លោក Pahrada Sapprasert ប្រធាន 500 Tuk Tuks លោក គឹម បូរ៉ា ដៃគូក្រុមហ៊ុន Mekong Strategic Parnters លោក Gabriela Fernandez ប្រធានប្រចាំតំបន់អាស៊ីរបស់ Seedstars លោកស្រី Zoe Ng សហស្ថាបនិក និងជាប្រធានក្រុមហ៊ុន Raintree និងបណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថាន NIPTICT។  

[ក្រុមហ៊ុន] បានឈ្នះ ពានរង្វាន់ក្រុមហ៊ុនបង្កើតថ្មីល្អបំផុតនៅកម្ពុជាពី Seedstars។ ក្នុងនាមជាជើងឯង ក្រុមហ៊ុននេះនឹងទទួលការអញ្ជើញឲ្យចូលរួមនៅក្នុងកិច្ចប្រជុំកំពូលតំបន់អាស៊ីឆ្នាំ ២០១៨ របស់ Seedstars ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងបាងកក ជាលើកទីពីរ និងកិច្ចប្រជុំកំពូលពិភពលោក របស់ Seedstars នៅប្រទេសស្វ៊ីស ដែលក្នុងនោះក្រុមហ៊ុននឹងមានឱកាសឈ្នះរង្វាន់ជាការវិនិយោគដើមទុន ក្នុងទំហំទឹកប្រាក់ ១ លានដុល្លារសហរដ្ឋអាមេរិក និងរង្វាន់ផ្សេងទៀត។ 

កិច្ចប្រជុំកំពូលបច្ចេកវិទ្យាដំបូងគេនៅកម្ពុជា

បណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថាន NIPTICT បានមានប្រសាសន៍ថា៖

“ក្នុងរយៈកាលប៉ុន្មានឆ្នាំមកនេះ យើងបានសង្កេតឃើញមានព្រឹត្តិការណ៍ផ្នែកអាជីវកម្មថ្មី និងបច្ចេកវិទ្យាជាច្រើននៅក្នុងប្រទេសកម្ពុជា ប៉ុន្តែ កិច្ចប្រជុំកំពូលផ្នែកបច្ចេកវិទ្យានេះគឺជាព្រឹត្តិការណ៍ថ្មីសម្រាប់យើងទាំងអស់គ្នា ស្របពេលដែលយើងកំពុងអភិវឌ្ឍខ្លួនដើម្បីឆ្ពោះទៅរកការសម្រេចបានយុគសម័យកម្ពុជាឌីជីថល។ ខ្ញុំមានមោទនភាពក្រៃលែងចំពោះមនុស្សគ្រប់គ្នាដែលបានខិតខំប្រឹងប្រែងរួមគ្នា ដើម្បីរៀបចំព្រឹត្តិការណ៍នេះឡើង។ ខ្ញុំមានជំនឿចិត្តថា បើទោះបីជាវិស័យបច្ចេកវិទ្យារបស់កម្ពុជាមិនទាន់មានការអភិវឌ្ឍន៍ខ្លាំងដូចបណ្ដាប្រទេសផ្សេងទៀតក្តី ប៉ុន្តែ យើងទាំងអស់គ្នាសុទ្ធតែបានមើលឃើញពីទេព្យកោសល្យ សេចក្តីតាំងចិត្ត និងសមត្ថភាពរបស់មនុស្សគ្រប់គ្នា”។

នៅក្នុងព្រឹត្តិការណ៍កាលពីថ្ងៃអាទិត្យ ក្រុមហ៊ុន Smart Axiata ក៏បានដាក់ឲ្យដំណើរការនូវកម្មវិធី Application Program Interface (API) របស់ខ្លួន ដែលមានឈ្មោះថា “Ideamart powered by Smart” ដែលមានបំណងអនុញ្ញាតឲ្យមានការចូលរួម និងការចាប់ដៃគូបានលឿនៗនៅក្នុងមជ្ឈដ្ឋានឌីជីថល។ កម្មវិធីនេះនឹងក្លាយជាកម្លាំងជំរុញដល់អ្នកអភិវឌ្ឍ ដែលមានការលូតលាស់លឿន និងបណ្ដាញផ្គត់ផ្គង់ឯកសារនានា ដើម្បីរកប្រាក់ចំណូលពីការងាររបស់ខ្លួន តាមរយៈការចែករំលែក APIs ជាមួយនឹង Smart។

សម្រាប់ព័ត៌មានបន្ថែមស្ដីពីព្រឹត្តិការណ៍ផ្សេងៗ និងស្ដីពី Ideamart សូមតាមដានទំព័រ Facebook របស់ Smart គឺ “Smart for Cambodia” ដោយចុចត្រង់នេះ www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

កិច្ចប្រជុំកំពូលបច្ចេកវិទ្យាដំបូងគេនៅកម្ពុជា
កិច្ចប្រជុំកំពូលបច្ចេកវិទ្យាដំបូងគេនៅកម្ពុជា
កិច្ចប្រជុំកំពូលបច្ចេកវិទ្យាដំបូងគេនៅកម្ពុជា
កិច្ចប្រជុំកំពូលបច្ចេកវិទ្យាដំបូងគេនៅកម្ពុជា
កិច្ចប្រជុំកំពូលបច្ចេកវិទ្យាដំបូងគេនៅកម្ពុជា
កិច្ចប្រជុំកំពូលបច្ចេកវិទ្យាដំបូងគេនៅកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]